សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា (MFF) នៅថ្ងៃទី៣១ ខែមករា នេះ បានប្រកាស​ពីការ​​បញ្ចប់​កិច្ច​សន្យា​ជាមួយលោក Antoine Hey ដែល​បច្ចុប្បន្នជាគ្រូបង្វឹកក្រុមជម្រើសជាតិមីយ៉ាន់ម៉ា។ លោក Antoine Hey ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិមីយ៉ាន់ម៉ាក្នុងខែតុលា ឆ្នាំ២០១៩។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូប​នេះ បច្ចុប្បន្ន​មាន​វ័យ ៥២ឆ្នាំ និង​បាន​ចាប់​អាជីព​ជា​គ្រូ​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ២០០៣ ដោយ​ដឹក​នាំក្លឹបបាល់ទាត់សមាគមអាឡឺម៉ង់ VfR Neumünster។ មុន​ពេល​ឈាន​ជើង​ចូល​ដឹក​នាំ​នៅ​អាស៊ី លោក Antoine Hey ធ្លាប់​បាន​ដឹង​នាំក្លិប​ជា​ច្រើន រួម​ទាំងក្រុម​បាល់ទាត់​ជម្រើស​ជាតិដូចជា៖

  • ឆ្នាំ២០០៤-២០០៦ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឡេសូតូ
  • ឆ្នាំ២០០៦-២០០៧ ក្រុមបាល់ទាត់ជម្រើសជាតិហ្គាំប៊ី
  • ឆ្នាំ២០០៨-២០០៩ ក្រុមបាល់ទាត់ជម្រើសជាតិលីបេរីយ៉ា
  • ឆ្នាំ២០០៩ ក្រុមបាល់ទាត់ជម្រើសជាតិកេនយ៉ា
  • ឆ្នាំ២០១៧-២០១៨ ក្រុមបាល់ទាត់ជម្រើសជាតិរវ៉ាន់ដា

ក្រោម​ការ​ដឹក​នាំ​របស់​លោកAntoine Hey ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា បាន​ចេញ​មុខ​លើ​ឆាក​អន្តរជាតិ​វិញ​លើក​ដំបូង​នៅអំឡុងខែឧសភា ឆ្នាំ២០២១ គឺដើម្បី​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំទី២ នៃ​​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី ក្រោយ​​សកម្មភាព​បាល់ទាត់​ក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​ស្ងប់ស្ងាត់​អស់​មួយ​រយៈធំ តាំង​ពី​មាន​បញ្ហា​​នយោបាយ​នៅ​ក្នុង​ប្រទេស​ខ្លួន។

គូស​បញ្ជាក់​ដែរថា សម្រាប់​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រុមជម្រើសជាតិ​មីយ៉ាន់​ម៉ា បាន​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ៤ ក្នុង​ពូល B ចាញ់ ៣ប្រកួត​ស្មើ១ មាន ១ពិន្ទុ។ ខណ:ក្រុម​ជម្រើសជាតិថៃ ក្លាយជាក្រុមឈ្នះជើងឯកពានរង្វាន់បុរសប្រចាំតំបន់អាស៊ានឆ្នាំ២០២២ នេះ បានច្រើនជាងគេ រហូតដល់ទៅ៧លើក វៀតណាមជើងឯករង៕

Share.