កំពត ៖ បុរសចំណាស់ម្នាក់រងរបួស ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបើករថយន្តកាមរីឆ្លាម ជ្រុលទៅបុករថភ្លើងដឹកអ្នកដំណើរ បណ្តាលឲ្យក្រឡាប់រថយន្តចូលប្រឡាយ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិកំពង់សំរោងខាងជើង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត ។

ជនរងគ្រោះឈ្មោះ ខាត់ សាខុន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិខ្មុត ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមសមត្ថកិច្ចអាវុធហត្ថ បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ បើករថយន្ត ម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-6034 ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថភ្លើងដឹកអ្នកដំណើរ ភ្ញៀវទេសចរណ៍ ពណ៌ខ្មៅ លាយក្រហម លេខ 2 AS-1002 បណ្តាលឲ្យរថយន្តក្រឡាប់ចូលប្រឡាយផ្ងារជើង រងរបួសម្នាក់ ។

ក្រោយកើតហេតុជនរងគ្រោះជាអ្នកបើកបររថយន្ត ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយយកចេញ ហើយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ ចំណែករថយន្តត្រូវបានសមត្ថកិច្ច ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.