ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បើករថយន្តLexus 570 Kuro បោះពួយលឿនជ្រុល រេចង្កូតធ្លាក់ចូលកប់ល្បាប់ភក់ បឹងតាមោក តែម្នាក់ឯង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៣៥នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នៅបឹងតាមោក តាមមហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្ត Lexus 570 Kuro ពណ៌ស មួយគ្រឿងខាងលើ បើកបរដោយនារីម្នាក់ ហើយមុនកើតហេតុ គេឃើញបើកតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីកើតទៅលិច ល្បឿនលឿន លុះដល់ចំណុចកើតហេតុ រេចង្កូតទៅស្តាំ ជ្រុលហោះធ្លាក់កប់ល្បាប់ភក់ បឹងតាមោក ។

ក្រោយកើតហេតុ ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយយកនារីរងគ្រោះចេញ ដោះស្លាកលេខរថយន្តចេញអស់ហើយ ទើបទៅមន្ទីរពេទ្យ ។ រថយន្តខាងលើត្រូវបានពលរដ្ឋ និងគ្រឿងចក្រ អាប៊ុល ក្បែរនោះ ជួយអូសទាញឡើងគោក សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង និងឲ្យម្ចាស់ស្ទូចលើយកទៅលាង ជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖តាតុង សែនជ័យ

Share.