សិល្បៈជាតិ៖ នាពេលថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមបានលើកឡើងនូវការពោលសរសើរជាថ្មី ចំពោះតារាសម្ដែងស្រី ស៊ីន​ យូប៊ីន ដែលបានបង្ហាញឥរិយាបថបង្គំក្រាប​សំពះ​ដល់​ក្រោម​ល្អង​ធូលី​ព្រះបាត​ ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី។ ទង្វើនេះត្រូវបានចាត់ទុកថា ជា​គំរូ​ល្អដ៏គួរ​ឱ្យស្ញើចសរសើរ។

ក្នុងនោះ អ្នកលេងបណ្ដាញសង្គមបានលើកឡើងថា ៖ «សូមកោតសរសើរបងស្រី Shin Yubin ស៊ីន យូប៊ីន ចំពោះឥរិយាបថក្រាបថ្វាយបង្គំក្រោមល្អងធូលីព្រះបាទចំពោះមុខព្រះភ័ក្ត្រនៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងដែលនេះបានបញ្ជាក់ឳ្យឃើញថាមានការគោរពនិងលើកតម្កើងព្រះចេស្តាព្រះអង្គចេញពីទឹកចិត្តដ៏ស្មោះសរនិងល្អប្រពៃហើយតារាផ្សេងៗទៀតគួរតែយកតម្រាប់តាម»។

បន្ទាប់ពីការលើកឡើងបែបនេះ គេឃើញមានមហាជនជាច្រើនបានចូលរួមបញ្ចេញមតិស្រដៀងៗគ្នាថា ៖ «ឥរិយាបថល្អបង្ហាញពីភាពថ្លៃថ្នូរ» «សុំសសើរដោយស្មោះ» «គោរព សំពះព្រះមហាក្សត្របានត្រឹមត្រូវតាមក្បូនច្បាប់» «ពិតជាប្រពៃណាស់» «ពិតជាប្រពៃណាស់ ទាំងស្អាត ទាំងសុភាព ទាំងការក្រាបអោនលំទោន» «ពិតជាល្អណាស់ ល្អគ្មានទាល់ខ្ញុំសូមកោតសរសើរប្អូនស្រីចេញពីចិត្តគួរឲ្យស្រឡាញ់ណាស់»។

ភ្ជាប់ជាមួយការលើកឡើងខាងលើនេះ គេនៅចាំបានតារាសម្ដែងស្រី ស៊ីន​ យូប៊ី ទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ ពីព្រះមហាជនក្សត្រ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២។

កាលនោះ កញ្ញា ស៊ីន យូប៊ីន បានបង្ហោះសារបញ្ជាក់ថា ៖

បពិត្រ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្លែង អំណរព្រះរាជគុណ ប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ ថ្វាយ ព្រះករុណាថ្លៃ វិសេស ដែលព្រះអង្គស្តេចទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន គ្រឿង ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ ដល់ខ្ញុំម្ចាស់។ មហាកិត្តិយសដ៏អស្ចារ្យដែលខ្ញុំម្ចាស់ទទួលបាននាឱកាសនេះ គឺពិតជាមិន អាចកាត់ផ្ដាច់ពីព្រះករុណាទិគុណបុណ្យបារមី នៃព្រះករុណា ជាអម្ចាស់ជីវិតលើ ត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គស្ដេចទ្រង់បំពេញព្រះ រាជបូជនីយកិច្ចប្រកបដោយព្រះទសពិធរាជធម៌ ជាម្លប់ដ៏ត្រជាក់ត្រជំ ដល់ខ្ញុំ ម្ចាស់ ព្រមទាំងក្រុមគ្រួសារ និងប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប។ ជាថ្មីម្ដង ទៀត ក្នុងនាមលោកឪពុក អ្នកម្ដាយ ព្រមទាំងសមាជិកនៃក្រុមគ្រួសារខ្ញុំ ម្ចាស់ទាំងអស់ ខ្ញុំម្ចាស់សូមព្រះបរមរាជវរោកាសថ្វាយព្រះសព្ទសាធុ ការពរបវរមហាប្រសើរ សូមព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ស្តេចទ្រង់ព្រះ ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។ សូម ព្រះករុណា ថ្លៃវិសេស ស្តេចទ្រង់ប្រោសព្រះរាជមេត្តា ទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូកតវេទិតាធម៌ន៍ខ្ពងខ្ពស់បំផុតអំពីខ្ញុំម្ចាស់។ សេចក្តីគួរពុំគួរ សូមព្រះករុណា ថ្លៃវិសេស ទ្រង់ព្រះមេត្តាប្រោស៕

Share.