កណ្តាល ៖ យុវជនម្នាក់បានស្លាប់ ចំណែក៣នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នា៣នាក់បើក ល្បឿនលឿនជ្រុលទៅបុកអ្នកថ្មើរជើងកំពុងដើរតាមផ្លូវ កាលពីវេលាម៉ោង១និង០៥នាទីរំលងអធ្រាត្រចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ២១-២២ ស្ថិតក្នុងភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ ឈ្មោះ អុល វិសិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល ជាអ្នកបើកបរម៉ូតូ ម៉ាកឃ្លីក ពណ៌ខ្មៅ ក្រហម ពាក់ស្លាកលេខ កណ្តាល 1AG-2802 រួមដំណើរដោយ ឈ្មោះ ភូ ផលឌី ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសស្រាល និងឈ្មោះ សារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសស្រាល ។ ទាំង៣នាក់ រស់នៅក្នុងភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះ ជាភាគីថ្មើរជើង រងរបួសធ្ងន់ធ្ងរ មិនស្គាល់អត្តសញ្ញាណ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ៣នាក់ ជិះម៉ូតូឌុបគ្នាបើកល្បឿនលឿន ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ គេចមិនទាន់ជ្រុលបុកជនរងគ្រោះ កំពុងដើរថ្មើរជើងតាមផ្លូវ បណ្តាលឲ្យបោកដួល រងរបួសទាំង៤នាក់ ។

ក្រោយកើតហេតុ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.