ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨៧នាក់ហើយ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារឥស្លាម ដែលសំដៅលើប៉ូលីសក្នុងខេត្ត Peshawar នៃប្រទេស ប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃ អង្គារ ទី ៣១ ខែ មករា ឆ្នាំ ២០២៣។

វិហារឥស្លាមស្ថិតនៅក្នុងតំបន់ទីស្នាក់ការប៉ូលីសដែលមានសន្ដិសុខខ្ពស់ ហើយការស៊ើបអង្កេតកំពុងដំណើរការទៅលើថា តើអ្នកបំផ្ទុះអាចចូលទៅទីនោះបានដោយរបៀបណា។

នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sahrif និង មេដឹកនាំផ្សេងទៀតបានថ្កោលទោសការវាយប្រហារនេះ ថាជាការវាយប្រហារដ៏អាក្រក់បំផុតមួយនៅក្នុងប្រទេស នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

យ៉ាងណាម៉ិញ ក្រុមតាលីបង់ប៉ាគីស្ថាន បានបដិសេធការជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ បន្ទាប់ពីមេបញ្ជាការម្នាក់ក្នុងក្រុមរបស់ពួកគេ បានអះអាងពីដំបូង។

ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បាននិយាយថា «ពួកភេរវករចង់បង្កើតការភ័យខ្លាចដោយកំណត់គោលដៅលើអ្នកដែលបំពេញកាតព្វកិច្ចការពារប្រទេសរបស់យើង»។ ទន្ទឹមនោះ លោក Shehbaz Sahrif ក៏បានប្រកាសជាថ្ងៃកាន់ទុក្ខថ្នាក់ជាតិផងដែរ។

ហេតុការណ៍ដ៏រ​ន្ធត់នេះបានកើតឡើងនៅម៉ោងប្រហែល ១៣:៣០នាទីថ្ងៃត្រង់ កំឡុងពេលអធិស្ឋានពេលរសៀលនៅក្នុងទីក្រុងភាគពាយព្យ ជិតព្រំដែនរបស់ប្រទេសប៉ាគីស្ថានជាមួយនឹងប្រទេសអាហ្វហ្គានីស្ថាន។​

ក្រុមអ្នកជួយសង្រ្គោះនៅតែកំពុងព្យាយាមទាញយកអ្នកមកថ្វាយបង្គំនៅព្រះវិហារដែលកប់នៅក្រោមគំនរបាក់បែកជាបន្ដទៀត ខណៈអ្នកនាំពាក្យបានប្រាប់ទីភ្នាក់ងារព័ត៌មាន BBC ថា ប្រតិបត្តិការជួយសង្រ្គោះនឹងបន្ដរយៈពេល ៣ម៉ោងទៀត ខណៈក្រុមជួយសង្រ្គោះបានបើកប្រតិបត្តិការជួយសង្រ្គោះអស់រយៈពេលជាង ១៨ម៉ោងរួចមកហើយ។

អ្នកនាំពាក្យមន្ទីរពេទ្យបានបញ្ជាក់ថា ក្រៅពីអ្នកស្លាប់ទាំង ៨៧នាក់ ក៏មានមនុស្សជាង ១០០នាក់ផ្សេងទៀតបានរងរបួសដែរ។

ទន្ទឹមនោះនឹងមានពិធីបុណ្យសពត្រូវបានធ្វើឡើងសម្រាប់មន្រ្តីប៉ូលីសទាំងជាង ២០នាក់ ហើយមឈូសរបស់ពួកគេត្រូវបានគ្របទង់ជាតិរបស់ប្រទេសប៉ាគីស្ថាន។

មេប៉ូលីសក្រុង Peshawar លោក Muhammad Ijaz Khan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មន្រ្តីប៉ូលីសចន្លោះពី ៣០០ ទៅ ៤០០នាក់ បានស្ថិតនៅតំបន់នោះពេលការវាយប្រហារកើតឡើង។

សូមជម្រាបថា កាលពីខែ ធ្នូ ក្រុមភេរវករបានកំណត់គោលដៅបំផ្ទុះគ្រាប់បែកលើប៉ុស្ដិ៍ប៉ូលីស នៅខេត្ត Peshawar ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធចំនួន ៣៣នាក់។ ក្រុមតាលីបង់ប៉ាគីស្ថាន ដែលក្រុមដាច់ដោយឡែកពីរដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថាន ដោយបានប្រកាសបញ្ចប់បទឈប់បាញកាលពីខែ វិច្ឆិកា ហើយអំពើហិង្សាបានកើនឡើងនៅក្នុងប្រទេសចាប់តាំងពីពេលនោះមក៕

ប្រភព៖ BBC

Share.