អ្នកធ្វើការផ្នែកលើកកម្ពស់អាហារូបត្ថម្ភ មានទាំងស្ថាប័នរដ្ឋ សង្គមស៊ីវិល និងឯកជន បានចាប់ផ្តើមពិភាក្សាបង្កើនរយៈពេលលំហែមាតុភាពរបស់ស្ត្រីឱ្យបានច្រើនជាង៣ ខែ ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់ភាពងាយស្រួលដល់ស្ត្រីក្នុងថែទាំកូនរបស់ខ្លួន ខណៈបច្ចុប្បន្នមានរយៈពេល៣ខែប៉ុណ្ណោះ ដែលកំពុងធ្វើឱ្យស្រ្តីមិនអាចបំបៅកូនដោយទឹកដោះម្តាយបានគ្រប់គ្រាន់រយៈពេល៦ ខែ។

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការលើកកម្ពស់ការចិញ្ចឹមទារក និងកុមារ និងការលំហែមាតុភាពសម្រាប់ស្ត្រីធ្វើការនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ រៀបចំដោយក្រសួងសុខាភិបាល ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងការងារ និងអង្គការហេឡែន ខេល័រអន្តរជាតិ។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីចែករំលែកលទ្ធផលសំខាន់ៗ នៃការស្រាវជ្រាវការលើកកម្ពស់មាតុភាព និងការស្រាវជ្រាវផ្សេងៗ ពិភាក្សាអំពីឧបសគ្គរបស់ម្តាយធ្វើការ ក្នុងការអនុវត្តបំបៅកូនដោយទឹកដោះម្តាយបានប្រសើរ ពិភាក្សា និងឯកភាពលើជំហានបន្ទាប់ និងដំណោះស្រាយផ្សេងៗ ដើម្បីគាំទ្រម្តាយធ្វើការអាចបំបៅកូនដោយទឹកដោះម្តាយ ព្រមទាំងពិភាក្សាថា តើភាគីពាក់ព័ន្ធអាចមានលទ្ធភាពបង្កើនរយៈពេលលំហែមាតុភាព ដែរ ឬទេ។

លោក ហួ ក្រើន នាយកអង្គការហេឡែន ខេល័រ បានលើកឡើងថា បច្ចុប្បន្នការបំបៅកូនដោយទឹកដោះម្តាយមានការធ្លាក់ចុះ ដោយសារម្តាយមួយចំនួនបានត្រឡប់ទៅធ្វើការវិញ ដូច្នេះបើភាគីពាក់ព័ន្ធមិនចាប់ផ្តើមពិភាក្សាពីការបង្កើនរយៈពេលលំហែមាតុភាពនោះទេ វានឹងមិនអាចសម្រេចបានតាមផែនការរបស់រដ្ឋាភិបាលត្រូវសម្រេចឱ្យបានការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់៨៥ភាគរយ ត្រឹមឆ្នាំ២០៣០នោះទេ។

លោក ហួ ក្រើន

លោកថ្លែងដូច្នេះថា៖‍«ចឹងហើយ! គោលបំណងសំខាន់ ដើម្បីពិភាក្សាជាមួយភាគីពាក់ព័ន្ធ ថាតើយើងមានលទ្ធភាពពិនិត្យមើល អាចនឹងបង្កើននូវរយៈពេលលំហែមាតុភាពពី៣ ខែទៅ៦ ខែតែម្តង ឬមួយ៣ខែ ទៅ៤ ខែ ៥ខែ យើងមើលថាតើយើងមានលទ្ធភាពត្រឹមណា»។

លោកបន្តថា នៅប្រទេសវៀតណាម បានបង្កើនរយៈពេលលំហែមាតុភាពរហូតដល់រយៈពេល៦ ខែ តាំងពីឆ្នាំ២០១៨មក បន្ទាប់ពីបានបង្កើនរយៈពេលហើយ បានធ្វើឱ្យការបំបៅដោះកូន ដោយទឹកដោះមួយតែមួយគត់កើនឡើងចំនួន២៦ភាគរយ ដូច្នេះនេះជាចំណុចល្អមួយ ដែលភាគីពាក់ព័ន្ធកំពុងពិភាក្សាជាមួយថ្នាក់ដឹកនាំ នៅកម្ពុជា។

ចំណែកលោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងដែរថា ភាគីពាក់ព័ន្ធទាំងអស់នឹងខិតខំស្វែងរកគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាឱ្យអត្រាបំបៅកូនដោយទឹកដោះម្តាយមានការកើនឡើងខ្ពស់ ព្រោះការចិញ្ចឹមកូនដោយទឹកដោះម្តាយមានអត្ថប្រយោជន៍យ៉ាងច្រើន។

កលោកស្រី ប្រាក់ សោភ័ណនារី

លោកស្រីមានប្រសាសន៍ដូច្នេះថា៖«នៅពេលដែលទារកទទួលបានទឹកដោះម្តាយ ក៏ដូចជាគាត់ចិញ្ចឹមកូនដោយទឹកដោះរបស់គាត់គឺ យើងនឹងទទួលបានអត្ថប្រយោជន៍២ មានន័យថា ទារកក៏ទទួលបានអត្ថប្រយោជន៍ ម្តាយក៏ទទួលបានអត្ថប្រយោជន៍ ដូច្នេះសម្រាប់ទារក គឺគាត់មានសុខភាពល្អ គាត់លូតលាស់បានល្អ កាត់បន្ថយជំងឺផ្សេងៗ ក៏ដូចជា ជំងឺរាក ផ្លូវដង្ហើម ក៏ដូចជាស្គមស្គាំង កង្វះអាហារូបត្ថម្ភ និងអាចជៀសពីជំងឺលើសទម្ងន់ជាដើម។ ចំណែកមាតា គាត់អាចកាត់បន្ថយការកើតជំងឺមហារីកសុដន់ផងដែរ»។

លោកស្រីបានបញ្ជាក់ថា ក្រសួងនឹងជំរុញឱ្យការចិញ្ចឹមកូនដោយទឹកដោះម្ដាយ និងជំរុញការចិញ្ចឹមទារកកុមារឱ្យបានល្អប្រសើរ ដើម្បីឆ្លើយតបការតាំងចិត្តរបស់រដ្ឋាភិបាល ក្នុងការបង្កើនការបំបៅដោះកូនដោយទឹកដោះម្ដាយឱ្យបាន ៨៥ភាគរយ នៅឆ្នាំ២០៣០។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា មានការខាតបង់ទឹកប្រាក់ប្រមាណ១៣៧.៧លានដុល្លារជារៀងរាល់ឆ្នាំ ដោយសារតែការមិនបំបៅកូនដោយទឹកដោះម្តាយពេញលេញដែលការខាតបង់នេះគឺរាប់បញ្ចូលទាំងបន្ទុកចំណាយបន្ថែមទៅលើប្រព័ន្ធសុខាភិបាល អាត្រាមរណៈ និងការខាតបង់ពីការខូចខាតផ្នែកសតិបញ្ញារបស់កុមារផងដែរ។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តសម្រេចឱ្យបានការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ឱ្យបានដល់៨៥%ត្រឹមឆ្នាំ២០៣០។ ប្រទេសកម្ពុជាធ្លាប់ទទួលបានជោគជ័យយ៉ាងធំធេងក្នុងការបង្កើនអតការបំបៅកូនដោយទឹកដោះម្តាយ។ ទោះបីយ៉ាងណាក៏ដោយ អត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់កុមារអាយុពី០ដល់៥ខែ បានធ្លាក់ចុះយ៉ាងខ្លាំងពីអត្រា ៧៤% ក្នុងឆ្នាំ ២០១០ ដល់ ៦៥% ក្នុងឆ្នាំ២០១៤ និងមក ៥១% ក្នុងឆ្នាំ ២០២១-២០២២។

ការធ្លាក់ចុះនៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ និងការបន្តបំបៅកូនដោយទឹកដោះម្តាយ គឺមានការរួមចំណែកមួយផ្នែកពីការកើនឡើងនៃការប្រើប្រាស់ផលិតផលជំនួសទឹកដោះម្តាយ និងការបោះបង់ការបំបៅកូនដោយទឹកដោះម្តាយនៅពេលស្រ្តីជាម្តាយបានត្រលប់ចូលធ្វើការវិញបន្ទាប់ពីការលំហែមាតុភាព៕

អត្ថបទដោយអ្នកកាសែតស្ម័គ្រចិត្ត៖ សឹម សល់ម៉ា

Share.