កីឡាករកូនកាត់ ថេឡរ នីកូឡាស់ ឌឿង (Nick Taylor) ដែលអ្នកគាំទ្រស្គាល់ថា ជា​កីឡាករ​កូន​កាត់​ខ្មែរ-អាមេរិក បាននឹងកំពុងសាងវត្តមានរបស់ខ្លួនជាមួយបាល់ទាត់កម្ពុជា គួរឱ្យ​កត់​សម្គាល់​នាប៉ុន្មាន​ខែចុង​ក្រោយ ចាប់តាំងពីត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឈុតធំ លេង​ក្នុង​ពាន់​រង្វាន់ AFF Mitsubishi Electric Cup 2022 ។

ជាមួយនឹងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែល​នឹងឈាន​ចូល​មក​ដល់ ការប្រកួតបាល់ទាត់ លើវិញ្ញាសាបុរស នៅក្នុងព្រឹត្តិការណ៍នេះ នឹងប្រើប្រាស់កីឡាករ​អាយុ​ក្រោម ២២ឆ្នាំ ព្រមជាមួយការអនុញ្ញាតឱ្យប្រើប្រាស់កីឡាករលើសអាយុចំនួន ៣នាក់ផងដែរ នៅ​ក្នុង​ក្រុម។ វាក៏ត្រូវបានដឹងថាថ្មីៗនេះ លោក Keisuke Honda អ្នក​ចាត់​ការទូ​ទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធ្លាប់បានបញ្ជាក់ថា លោកគ្រោងនឹងធ្វើការកោះហៅកីឡាករលើសអាយុចំនួន ៣នាក់ ដើម្បី​ជួយ​ក្រុម​ប្រកួតនាមជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ដោយបែបនេះ កីឡាករដែលមានម្ដាយសញ្ជាតិខ្មែរ និងឪពុកសញ្ជាតិអាមេរិក ហាក់​សម្ដែង​ការពេញ​ចិត្ត​ប្រសិនជាបានក្លាយជាផ្នែកមួយនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ប្រកួត​ក្នុងព្រឹត្តិការណ៍ដ៏មានសក្ដានុពលប្រចាំតំបន់ បើទោះបីជាបច្ចុប្បន្នមានវ័យ ២៤ឆ្នាំក៏ដោយ។

Nick Taylor បានបញ្ជាក់ប្រាប់ Cambodia 2023 ដូច្នេះថា៖ «ខ្ញុំពិតជា​ពេញចិត្ត​ប្រសិន​បើត្រូវ​បាន​កោះ​ហៅ​ចូលក្រុម U-22 ដើម្បីតំណាងកម្ពុជា នៅស៊ីហ្គេមឆ្នាំ២០២៣។ ដូចដែលបានដឹង វា​ជា​ឱកាស​ក្នុងការលេងតំណាងឱ្យប្រទេសដ៏អស្ចារ្យ ហើយដែលនឹងធ្វើឡើងនៅកម្ពុជាទៀត។ អ៊ី​ចឹង​ខ្ញុំគិត​ថា វាក៏នឹងក្លាយជាឱកាសល្អមួយដើម្បីបង្ហាញខ្លួនយើងទៅកាន់ពិភពលោកផងដែរ»។

កីឡាករវ័យ ២៤ឆ្នាំរូបនេះ បាននិយាយថា៖ «ខ្ញុំស៊ាំ​នឹងការ​សម្របខ្លួន​ទៅ​នឹង​របៀប​លេង​របស់​កីឡា​ករ និងគ្រូបង្វឹក ហើយខ្ញុំគិតថា យើងកំពុងកសាងទំនុកចិត្តជាមួយគ្នា។ពួកយើងរៀប​ចំ​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ហើយមិនថាខ្ញុំបានក្លាយជាផ្នែកមួយ ឬក៏អត់យ៉ាងណានោះទេ យើង​នឹង​ចំណាយ​ពេលច្រើនដើម្បីធ្វើឱ្យប្រាកដថា អ្នកគ្រប់គ្នាស្ថិតនៅលើផ្លូវតែមួយ ហើយ​ថា​យើង​កំពុង​នាំ​យក​ក្រុមដ៏ល្អបំផុតរបស់យើង ក្នុងការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីព្យាយាមឈ្នះមេដាយមាស»។ 

ថេឡរ នីកូឡាស់ ឌឿង (Nick Taylor) កើតថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៩៨ នៅតំបន់ Coppell រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិអាមេរិក។ ដូច្នេះ រូប​គេ​មាន​សិទ្ធិតំណាងឱ្យជម្រើសជាតិកម្ពុជា។ កាលពីយុវជនលេងឱ្យសាលារៀន ជាមួយ​សមិទ្ធផល​គួរ​ឱ្យកត់សម្គាល់។ ខ្សែបម្រើប្រយុទ្ធស្លាបរូបនេះ បានបង្ហាញខ្លួនចំនួន ៥ប្រកួតហើយ ឱ្យ​ជម្រើស​ជាតិ​កម្ពុជា​ឈុតធំ ក្នុងនោះមានការបង្ហាញខ្លួនទាំង ១១នាក់ដំបូង និងផ្លាស់ប្ដូរចូល៕

Share.