ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ឆ្លៀតពេលទំនេរពីការងារ តរាយខ្សែភ្លើងយកទៅឆក់ត្រីធ្វើម្ហូប បែរជាកាន់ប៉ះមុខតំណរឆ្លងឆក់ស្លាប់ខ្លួនឯងទៅវិញ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមាន ឈ្មោះស៊ាង វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

តាមការបំភ្លឺពីកម្មករសំណង់ជាមួយគ្នា បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះតរាយខ្សែភ្លើង យកទៅឆក់ត្រី ក្បែរកន្លែងកើតហេតុ ស្រាប់តែមួយសន្ទុះក្រោយមក កម្មករក្បែរនោះឃើញ ស្រែកឆោឡោ ឲ្យសាច់ញាតិរបស់ ជនរងគ្រោះ ដកឌុយភ្លើង នាំគ្នារត់ទៅជួយលើកចេញពីក្នុងទឹក ហើយត្រូវបានរថយន្តគ្លីនិកឯកជន សម្ភពកោះកេរ្តិ៍ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ដឹកយកទៅ តែជាអកុសលជនរងគ្រោះបានស្លាប់ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ គ្រូពេទ្យជំនាញ ចុះទៅពិនិត្យដល់គ្លីនិក ឃើញថាពិតជាស្លាប់ដោយឆក់ចរន្តអគ្គិសនីពិតមែន រួចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.