សិល្បៈជាតិ៖ បន្ទាប់ពីបាត់មុខមួយរយៈ តារាកំប្លែងស្រី និងជាកូនស្រីរបស់លោក តាវិចទ័រ គឺអ្នកនាង នីឡា បានវិលត្រឡប់មកប្រឡូកការសម្ដែងកំប្លែងសារជាថ្មី តាមរយៈកម្មវិធីកំប្លែងចុងសប្ដាហ៍ដ៏ថ្មីសន្លាងរបស់​ស្ថា​នី​យ​ទូរ​ទស្ស​ន៍​កង​យោធពល​ខេ​មរភូមិន្ទ​ប៉ុស្ដិ៍​លេខ​៥ ឬ TV5 គឺកម្មវិធី «ចៅលោកតា»។

នីឡា បានប្រាប់ថា បន្ទាប់ពីសម្រាលកូនបាន១ខែ អ្នកនាងចាប់ផ្ដើមទទួលថតកំប្លែងឡើងវិញតែម្ដង ព្រោះមិនចង់បណ្ដោលពេលវេលាឱ្យហួសអត់ប្រយោជន៍។ ហេតុផលសំខាន់មួយទៀតនោះ នីឡា ជាមនុស្សដែលស្រឡាញ់និងចូលចិត្តធ្វើការងារ ច្រើនជាងទុកខ្លួនឱ្យទំនេរ។ នីឡា ៖ «ឥឡូវនេះនាងខ្ញុំបង្ហាញមុខសម្ដែងកំប្លែងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ជាលើកដំបូង នាងខ្ញុំរំពឹងមានការគាំទ្រពីសំណាក់ទស្សនិកជនទាំងអស់គ្នា»។

តារាកំប្លែងស្រីរូបនេះបានលើកឡើងទៀតថា បើទោះបីជាកាលពីមុនធ្លាប់មានឪពុកជួយជ្រោមជ្រែងនៅពីក្រោយការសម្ដែងក៏ដោយ ក៏ប៉ុន្តែចំពោះការបំបែកខ្លួនមកសម្ដែងជាមួយក្រុម ចៅលោកតា ដែលជាក្រុមបង្កើតថ្មី នីឡា ហាក់មិនភ័យព្រួយរឿងប្រជាប្រិយភាព តែកាន់តែមានទំនុកចិត្តបន្ថែមទៀតចំពោះការសម្ដែងជាងមុន ព្រោះនាងមានបទពិសោធន៍ជោគជាំហើយក្នុងការសម្ដែងកំប្លែងអស់រយៈពេលច្រើនឆ្នាំមកនេះ។

នីឡា បញ្ជាក់ថា ចំពោះការបែងចែកពេលវេលានៃការងារសព្វថ្ងៃវិញ អ្នកនាងមិនសូវបារម្ភប៉ុន្មានទេ ព្រោះមានម្ដាយ បងស្រី និងស្វាមី ជួយមើលថែទាំកូនស្រាប់ហើយ រីឯមុខជំនួញវិញក៏រយាលដៃបន្តិចដែរ។ អ្វីដែលសំខាន់ អ្នកនាងផ្ដោតលើការសម្ដែង និងថតកំប្លែងច្រើនជាង ព្រោះជាការងារស្នូល និងជាការងារដែលអ្នកនាងស្រឡាញ់ពេញចិត្ត។ អ្នកនាងប្រកាសថា អ្នកនាងបើទទួលការសម្ដែងគ្រប់ទម្រង់ ទាំងកំប្លែង ភាពយន្ត ឬរឿងភាគទូរទស្សន៍ជាដើម។

សូមជម្រាប កម្មវិធី «ចៅលោកតា» មានផ្សាយផ្ទាល់ រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ១២:០០ ដល់ ១៣០០ នាទី តាមរយៈកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ 5 ចាប់ពីថ្ងៃសៅរ៍ទី 04 ខែ កុម្ភៈ ឆ្នាំ 2023 នេះតទៅ ដែលមានវត្តមានក្រុមកំប្លែង ចៅលោកតា ដូចជា អ្នកនាង នីឡា នាយក្រាន់ នាយជ័រ នាយចេម កញ្ញាម៉ីៗ កញ្ញាស្រីមុំ នាយថ្លែន និងកញ្ញាណាណា ជាដើម។

Share.