សិល្បៈជាតិ៖ ស្ថា​នី​យ​ទូរ​ទស្ស​ន៍​កង​យោធពល​ខេ​មរភូមិន្ទ​ប៉ុស្ដិ៍​លេខ​៥ ឬ TV5 បានប្រកាសជាផ្លូវការនូវកម្មវិធីកំប្លែងចុងសប្ដាហ៍ដ៏ថ្មីសន្លាងមួយមានឈ្មោះថា កម្មវិធីកំប្លែង «ចៅលោកតា» ដែលមានការដឹកនាំផ្ទាល់ពីអ្នកដឹកនាំក្រុមកំប្លែងដ៏ល្បីប្រចាំប្រទេសកម្ពុ ជា គឺ លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ ពីផលិតកម្ម 9Colors Production។

កម្មវិធីកំប្លែង «ចៅលោកតា» ជាកម្មវិធីដែលផ្ដល់សំណើចជូនទស្សនិកជនជារៀងរាល់ចុងសប្ដាហ៍តាមរយៈសាច់រឿងខុសៗគ្នា កំប្លែង សើច សំណើចបង្កប់ការអប់រំ គួបផ្សំនឹងភាពប៉ិនប្រសប់ពីតារាកិត្តិយសដែលមានឈ្មោះបោះសំឡេង និង ភាពកំប្លុកកំប្លែងរបស់ក្រុមកំប្លែងទៀតនោះនឹងកាន់តែធ្វើឱ្យកម្មវិធីពោរពេញទៅដោយសំណើច សើច តាំងពីដើមរហូតដល់ចប់។

កម្មវិធីថ្មីនេះ មានចូលរួមការសម្ដែងពីក្រុមចៅលោកតា ហើយនិងការអញ្ជើញ ចូលរួមជាភ្ញៀវកិត្តិយសដែលពោរពេញដោយវោហារស័ព្ទ កំប្លុកកំប្លែង និងមានបទពិសោធ ទៅតាម ជំនាញនីមួយៗផ្សេងៗពីគ្នា ដែលពួកគាត់មកចែករំលែកបទពិសោធដល់ក្រុមចៅលោកតានៅក្នុងកម្មវិធីកំប្លែងនោះទៀតផង និយាយឱ្យខ្លីគឺ កំប្លែងលើកំប្លែង សើចលើសើច សើចពេញមួយម៉ោងរៀងរាល់ចុងសប្តាហ៍។

លោកជំទាវ រស់ ឡុងម៉ាឡែន និងលោក ស៊ុន សន្ដោស

តាមសម្ដីរបស់លោកជំទាវ រស់ ឡុងម៉ាឡែន ប្រធានទីផ្សារនិងទំនាក់ទំនងនៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃប្រកាសសម្ពោធជាផ្លូវការ (ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៣) ថា ដោយសារតែស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងផលិតកម្ម 9Colors Production មានគោលបំណងដូចគ្នា ក្នុងការបង្កើតកម្មវិធីកម្សាន្តដែលជាការលើកស្ទួយនូវវិស័យសិល្បៈកំប្លែង ដូច្នោះហើយទើបដៃគូទាំងពីរបានចាប់ដៃគ្នាយ៉ាងក្នុងរយៈពេលវែងដើម្បីបំពេញ ក៏ដូចជាបម្រើដល់អារម្មណ៍របស់ទស្សនិកជន។

ក្នុងនោះដែរលោក ស៊ុន សន្ដោស តំណាងឱ្យផលិតកម្ម 9Colors Production ក៏បានលើកឡើងថា ស្របតាមពាក្យ «សើចច្រើនកើនអាយុ» ខាងផលិតកម្មបានរិះរកការកម្សាន្តថ្មីៗផលិតជាកម្មវិធីឱ្យទស្សនិកបានទស្សនាកម្សាន្ត ដែលទទួលបាននូវការរំសាយអារម្មណ៍តានតឹង ហើយទទួលបានវិញនូវសុខភាពល្អ និងមានអាយុវែង។ លោកបញ្ជាក់ទៀតថា ការផលិតកម្មវិធីកំប្លែងចុងសប្ដាហ៍ជាមួយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ កម្មវិធីកំប្លែង «ចៅលោកតា» គ្រាន់តែជាការចាប់ផ្ដើមជំហ៊ានដំបូងតែប៉ុណ្ណោះ បន្តទៅមុខផលិតកម្មគ្រោងនឹងផលិតកម្មវិធីល្អៗសម្រាប់ប៉ុស្ដិ៍បន្ថែមទៀតផងដែរ។

កម្មវិធីកំប្លែង «ចៅលោកតា » ជាកម្មវិធីផ្សាយផ្ទាល់ រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ១២:០០ ដល់ ១៣០០ នាទី តាមរយៈកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ចាប់ពីថ្ងៃសៅរ៍ទី 04 ខែ កុម្ភៈ ឆ្នាំ 2023 នេះតទៅ ។

Share.