លោក Kirill Budanov មន្រ្តីចារកម្មកំពូលរបស់ទីក្រុង កៀវ បានព្រមាននៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Washington Post ថា ប្រទេសរុស្ស៊ី នឹងបន្ដជួបប្រទះ «បញ្ហា» រហូតដល់ពួកគេដកខ្លួនចេញពីអ៊ុយក្រែន និង ស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃ អង្គារ ទី ៣១ ខែ កុម្ភៈ ឆ្នាំ ២០២៣។

ប្រធាននាយកដ្ឋានស៊ើបការសម្ងាត់អ៊ុយក្រែន (GUR) បានបន្ថែមថា បច្ចុប្បន្ននេះ ទីក្រុង កៀវ មានមនុស្សបង្កៃគ្រឿងផ្ទុះនៅលើទឹកដីរុស្ស៊ី ហើយបានចង្អុលបង្ហាញអំពីការវាយប្រហារដែលអាចកើតមានឡើងនៅក្នុងប្រទេសនេះនាពេលខាងមុខនេះ។

លោក Kirill Budanov មន្រ្តីចារកម្មកំពូលរបស់ទីក្រុង កៀវ

នៅពេលគេសួរអំពីការចូលរួមរបស់គាត់នៅក្នុងការវាយប្រហារលើស្ពាន Crimean ក្នុងខែ តុលា និង ការវាយប្រហារដោយយន្ដហោះគ្មានមនុស្សបើកចំនួន២ លើមូលដ្ឋានអាកាសរុស្ស៊ីកាលពីខែ ធ្នូ លោក Budanov បានបដិសេធមិនបញ្ជាក់ថា តើកងកម្លាំងពិសេសរបស់លោកនៅពីក្រោយការវាយប្រហារនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខចារកម្មរូបនេះបានព្រមានថា នឹងមានការវាយប្រហារបន្ថែមទៀត។

លោក Budanov បន្ដថា ហេតុការណ៍នេះបានធ្វើឲ្យខូចការបំភាន់នៃសុវត្ថិភាពរបស់ពួកគេ មានអ្នកបង្កៃគ្រឿងផ្ទុះ មានយន្ដហោះគ្មានមនុស្សបើក ចាំវាយប្រហារ ដរាបណាអ៊ុយក្រែននៅមិនទាន់មានការស្ដារបូរណភាពទឹកដី បញ្ហានឹងនៅតែកើតមាននៅក្នុងទឹកដីនៃប្រទេសរុស្ស៊ី។

ទាក់ទិននឹងបញ្ហានេះ លោកក៏បានទទូចថា អ៊ុយក្រែនត្រូវតែធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាថា តំបន់ Crimea នឹងដណ្ដើមយកមកវិញត្រឹមរដូវក្ដៅ ហើយបានច្រានចោលការលើកឡើងថា ទីក្រុង ម៉ូស្គូ អាចប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើកងទ័ពរបស់ទីក្រុង កៀវ ឈានដល់ឧបទ្វីប ដែលបានចូលរួមជាមួយរុស្ស៊ីជាផ្លូវការ បន្ទាប់ពីការធ្វើប្រជាមតិក្នុងឆ្នាំ២០១៤។

លោកបានបន្ថែមថា «វាជាយុទ្ធសាស្រ្តដ៏គួរឲ្យខ្លាច។ រុស្ស៊ី ជាប្រទេសមួយដែលអ្នកអាចគិតទុកជាមុនបាន ប៉ុន្ដែមិនមែនជារឿងងាយស្រួលនោះទេ។ រឿងនេះនឹងមិនកើតឡើងឡើយ។ ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរនឹងមិនត្រឹមតែនាំមកនូវការបរាជ័យផ្នែកយោធាសម្រាប់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្ដែក៏នាំមកនូវការដួលរលំរបស់រុស្ស៊ីផងដែរ»។

ជាមួយគ្នានេះដែរ ទីក្រុង ម៉ូស្គូ បានទទូចថា តំបន់ Crimea គឺជាផ្នែកមួយនៃប្រទេសរុស្ស៊ី ហើយបានព្រមានថា ខ្លួននឹងឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយចំពោះទឹកដីរបស់ខ្លួនជាមួយនឹងអាវុធដ៏មានឥទ្ធិពលជាងនេះ។

កាលពីដើមខែ មករា ប្រធានសភាឌូម៉ា លោក Vyacheslav Volodin ក៏បានព្រមានថា «សោកនាដកម្មសកលលោក» អាចមាននៅក្នុងសម្រាប់មនុស្សជាតិ ប្រសិនបើលោកខាងលិចបន្ដផ្ដល់អាវុធដល់អ៊ុយក្រែន ដើម្បីវាយប្រហារ និង ប៉ុនប៉ងដណ្ដើមយកទឹកដីរបស់រុស្ស៊ី៕

ប្រភព៖ RT

Share.