អតីតខ្សែបម្រើរបស់ក្រុមបិសាចក្រហម Man United អំឡុងឆ្នាំ២០១២-២០១៤ Shinji Kagawa សញ្ជាតិជប៉ុន នឹងត្រលប់ទៅប្រកបអាជីបនៅក្លិបចាស់របស់ខ្លួនវិញ ដែលជាទឹកដីកំណើត ក្រោយចាក់ចេញពីក្លិប Sint-Truiden ដែលមានមូលដ្ឋាននៅប្រទេសបែលហ្ស៊ិក ពោលរូបគេនឹងចូលរួមជាមួយក្លិប Cerezo Osaka។

ប្រវត្តន៏របស់កីឡាករ Shinji Kagawa៖
ចាប់ផ្តើមប្រកបអាជីពដំបូងរបស់ខ្លូនឲ្យក្លិប Cerezo Osaka ចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០១០ ដោយបានបង្ហាញខ្លួនសរុប១២៥ប្រកួត ស៊ុតបញ្ចូលទី៥៥គ្រាប់។ លុះដល់ឆ្នាំ២០១០ កីឡាករវ័យ៣៣ឆ្នាំរូបនេះ ត្រូវបានក្លិប Borussia Dortmund ទិញនៅក្នុងតម្លៃ៣៥ម៉ឺនអឺរ៉ូ ពីក្លិប Cerezo Osaka ចំនួន២រដូវកាល បង្ហាញខ្លួនបាន៤៩លើក ស៊ុតបញ្ចូលទី២១គ្រាប់ថែមទៀផង។
បន្ទាប់ពីបង្ហាញខ្លួនបានល្អនៅទឹកដីអាល្លឺម៉ង់ Shinji ត្រូវបានលោក Sir Alex Ferguson ពេញចិត្តហើយក៏បាននាំចូលទៅកាន់ក្លិប Man United ក្នុងតម្លៃ១២លានផោន។
ក្រោយផ្លាស់ទៅកាន់ទឹកដីអង់គ្លេស កីឡាករសញ្ជាតិជប៉ុនរូបនេះហាក់ធ្វើមិនសូវបានល្អសោះឡើយ បន្ទាប់មកក៏ត្រូវបានលក់ត្រលប់ទៅកាន់ក្លិប Dortmund វិញនៅក្នុងតម្លៃ៦,៥លានផោន នៅឆ្នាំ២០១៤ ហើយនៅឆ្នាំ២០១៩ Shinji ត្រូវបានក្លិប Beşiktaş ខ្ចីជើង។
ក្រោយផុតកុងត្រាខ្ចីជើង Shinji Kagawa ក៏បានចូលរួមជាមួយក្លិប Real Zaragoza របស់ប្រទេសអេស្ប៉ាញចំនួន២ឆ្នាំដោយគ្មានតម្លៃ ហើយក៏បន្តចូលរួមជាមួយក្លិប PAOK FC នៅដើមខែមករា ឆ្នាំ២០២១ មុននឹងយល់ព្រមចូលរួមជាមួយ Sint-Truiden ដោយបានបង្ហាញខ្លួនសរុបចំនួន ១៦ប្រកួត និងរកបាន ២គ្រាប់។ ក្រោយចាក់ចេញពីក្លិបដែលមានមូលដ្ឋាននៅប្រទេសបេលហ្សិក Shinji Kagawa នឹងបន្តដំណើររបស់ខ្លួនទៅទឹកដីកំណើរវិញម្តង ដែលក្លិបនោះក៏ជាក្លិបចាស់របស់រូបគេផងដែរ បើទោះបីជារូបគេ មានវ័យ៣៣ឆ្នាំក៏ដោយ។

ចំណែកឯក្នុងក្រុមជម្រើសជាតិវិញ Shinji Kagawa បានចូលលេងឈុតធំឲ្យសាំមូរៃ ខៀវជប៉ុន នៅឆ្នាំ២០០៨ ដោយរកបាន ៣១គ្រាប់ក្នុងចំណោមនៃការបង្ហាញខ្លួនចំនួន ៩៧ប្រកួត ហើយរូបគេសម្រេចចូលនិវត្តន៏ ពីក្រុមជើងខ្លាំងនៅអាស៊ីនេះនៅឆ្នាំ២០១៩ ក្រោយបង្ហាញខ្លួននៅព្រឹត្តិការណ៍​ FIFA World Cup ២០១៨ នៅប្រទេសរុស្ស៊ី។

គួររំលឹកដែរថា កីឡាករShinji Kagawa ក៏ធ្លាប់បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិជប៉ុន ទល់និងកម្ពុជា និងរកគ្រាប់បាល់បាន ១គ្រាប់ នៅឆ្នាំ២០១៥ ក្នុងវគ្គជម្រុះ FIFA World Cup ២០១៨ ដោយកាលនោះជប៉ុន បានយកឈ្នះលើកម្ពុជា ជើងទី១ ដោយលទ្ធផល ៣-០ ក្នុង នៅកីឡដ្ឋានSaitama ប្រទេសជប៉ុន និងនៅជើងទី២ ជប៉ុនបន្តយកឈ្នះ លើក្រុមកម្ពុជាដោយលទ្ធផល ២-០ នៅកីឡដ្ឋានអូឡាំពិក រាជធានីភ្នំពេញ៕

Share.