សិល្បៈជាតិ៖ នៅចាំទេ? លោក លុយ វណ្ណធី ដែលជាអតីតបេក្ខជន X Factor Cambodia ដ៏មានសមត្ថភាព និងលេចធ្លោរនៅពេលប្រឡង។ ថ្មីៗនេះលោកចេញមកប្រកាសថា លោកនឹងទៅបម្រើការងារក្នុងផលិតកម្ម Galaxy Navatra ជាបុគ្គលិកតន្រ្តីករ ដើម្បីបំពេញតម្រូវទីផ្សារចម្រៀងឱ្យកាន់តែមានវិសាលភាពបន្ថែម។
អតីតបេក្ខជន X Factor រូបនេះបានរៀបរាប់ទាំងស្រុងថា ៖ «សូមអរគុណក្រុមហ៊ុន Galaxy Navatra ដែលបានជ្រើសរើសរូបខ្ញុំបាទជាបុគ្គលិកតន្រ្តីកររបស់ក្រុមហ៊ុន។ ចូលបាន២ខែហើយ ក្រុមហ៊ុនក៏កំពុងជ្រើសរើសបុគ្គលិកផ្នែកសិល្បៈបន្ថែមផងដែរ»។
យ៉ាងណាមិញ ចាងហ្វាងផលិតកម្ម Galaxy Navatra ក៏បានចេញមកប្រកាសប្រាប់មហាជន និងតារាសិល្បៈឱ្យជ្រាបដែរថា ខាងផលិតកម្មបានបើកទ្វារចំហរយ៉ាងទូលាយក្នុងការទទួលស្វាគមន៍ចំពោះអ្នកមានសមត្ថភាពជាច្រើននាក់ដែលកំពុងរងចាំឱកាស មកចូលរួមចាប់ដៃគ្នាជាមួយផលិតកម្មផងដែរ។
លោក ឡេង ណាវ៉ាត្រា បានប្រកាសថា ៖ «ឱកាសការងារសម្រាប់បងប្អូន ដែលជាតារាចម្រៀងអាជីពស្រាប់ ខ្ញុំសូមជម្រាបជូនដំណឹងដល់បងប្អូនទាំងអស់ បន្ទាប់ពីផលិតកម្ម Galaxy Navatra ទទួលបានកំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត បងប្រុសខេម និងកញ្ញា តន់ ចន្ទសីម៉ា ត្រូវបានក្រុមហ៊ុន Sponsor ជាច្រើនជជែកសហការការប្រគំតន្ត្រី 25 ខេត្តក្រុង រាប់រយConcert។ ដូច្នេះក្រុមហ៊ុនត្រូវការជ្រើសរើសទាំងតារាចម្រៀង និងតារាRap ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខន្តិកៈរបស់ក្រុមហ៊ុន អាចដាក់ពាក្យចូល និងមានការងារធ្វើច្រៀងតាម Concert តែម្ដង និងជ្រើសរើសបុគ្គលិកជាច្រើនផ្នែក ក្នុងការងារសិល្បៈ ដូចជានិពន្ធ បច្ចេកទេស គ្រប់គ្រងឆាក គ្រប់គ្រងកម្មវិធីផ្សេងៗ។ សូមទាក់ទងតាមលេខ Telegram 070677464»។
សូមជម្រាបថា ផលិតកម្ម Galaxy Navatra បានបង្កើតឡើងនៅឆ្នាំ២០១៦ ដោយដំបូងឡើងវិនិយោគផលិតភាពយន្ត និងក្រោយមកទៀតឈានមកប្រឡូកក្នុងវិស័យសិល្បៈចម្រៀង ដោយមានតារាចម្រៀងល្បីជាច្រើនមានដូចជា តន់ ច័ន្ទសីម៉ា ព្រាប សុវត្ថិ ខេម Tempo Tris អ៊ុក សុវណ្ណារី ធឿន បុរី ជាដើមមកចូលរួម។ ក្រោយមកក៏មានលោក វង្ស ថាណាន់ លោក Nak Fake កញ្ញា ហុិន លីដា និងលោក K-LA។
