សិល្បៈ​អន្តរជាតិ​៖ R’Bonney Gabriel ដែល​រង​ការ​ចោទ​ប្រកាន់ថា​ឈ្នះ​មកុដ​ Miss USA ដោយ​សារ​ខ្សែ (Connection) និង​ការ​រៀបចំ​ទុក​ជា​មុន​​ បាន​ផ្ទេរ​មកុដ​ Miss USA ឱ្យ​ទៅ​បេក្ខនារី​ផ្សេង​ក្រោយ​ខ្លួន​ឈ្នះ​មកុដ Miss Universe ឆ្នាំ​នេះ​។

ម្ចាស់ជយលាភី Miss Universe កញ្ញា R’Bonney Gabriel បាន​ប្រគល់​មកុដ​ឱ្យ​ទៅ​កញ្ញា​ Morgan Romano បវរកញ្ញា​មក​ពី​កាលីហ្វ័រញ៉ាខាង​ជើង​ ជា​ម្ចាស់​មកុដ​ថ្មី​ ក្រោយ​កញ្ញា​រងការ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់​ធ្ងរ​ពី​គណៈកម្មការ​ប្រកួត​អាមេរិក​។

យោង​តាម​ប្រភព​ពី​ក្នុង​ កម្មវិធី​ប្រគល់​មកុដ​នេះ​នឹង​រៀបចំ​ឡើង​នៅ​សកល​វិទ្យាល័យ​ Auburn ក្នុង​អំឡុង​ពេល​ប្រកួត​វគ្គ​ប្រកួត​បឋម​នៃ​កម្មវិធី​ Miss Alabama Teen USA និង​ Miss Alabama USA ឆ្នាំ​២០២៣។

ដោយ​សារ​ R’Bonney ឈ្នះ​មកុដ​ Miss Universe ដូច្នេះ​បេក្ខនារី​រង​លំដាប់​ទីមួយ​កញ្ញា​ Morgan នឹង​ឡើង​គ្រង​តំណែង​ជំនួស​ R’Bonney ក្នុង​នាម​ជា​ Miss USA។ បវរកញ្ញា​ USA ថ្មី​នេះ​គឺជា​វិស្វករ​គីមី​និង​បាន​បញ្ចប់​ការសិក្សា​ពី​សកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​ខាង​ត្បូង។ ក្រោយ​ត្រូវ​បាន​តែងតាំង​តំណែង​ជា​ Miss USA កញ្ញា​បាន​ចែក​រំលែក​សារ​នៅ​លើ​ Instagram ថា​ «នាង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ។»

សារ​ព័ត៌មាន​ Insider ធ្លាប់​បាន​ចុះ​ផ្សាយ​កន្លង​មក​ថា​នៅ​ពេល​ដែល​ Gabriel ឈ្នះ​មកុដ​ Miss USA កាល​ពី​ខែ​ តុលា ឆ្នាំ​២០២២ បេក្ខនារី​ដែល​ចូល​រួម​ប្រកួត​ជា​ច្រើន​បាន​ដើរ​ចុះ​ពី​លើ​ឆាក​ មិន​បាន​នាំ​គ្នា​​ទៅ​ចូលរួម​អបអរ​​ចំពោះ​​ជ័យជំនះ​របស់​កញ្ញា​នោះ​ឡើយ​។ បវរកញ្ញា​ជា​ច្រើន​ដូច​ជា​ Missouri, Mikalam McGhee ថ្លែង​ប្រាប់​ Insider ថា​ពួក​នាង​មាន​អារម្មណ៍​ថា​ការ​ប្រកួត​នេះ​បាន​រៀបចំ​ទុក​រួច​ជា​ស្រេច​តាំង​ពី​ដំបូង​ដើម្បី​ឱ្យ​ R’Bonney ឈ្នះ​មកុដ​ ដូច្នេះ​ទោះ​ជា​អ្នក​ណាមក​ប្រកួត​ក៏​លទ្ធផល​នៅ​តែ​ដដែល​។

ចំពោះ​ករណី​ខាង​លើ​នេះ​សារព័ត៌មាន​ Insider បាន​ព្យាយាម​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បកស្រាយ​និង​បំភ្លឺ​ប៉ុន្តែ​តំណាង​អង្គភាព​ Miss USA មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​នោះ​ឡើយ​។ ម្ចាស់មកុដ​ Miss Universe បាន​ថ្លែង​ប្រាប់​ Insider ក្រោយ​ពេល​ដែល​ខ្លួន​ឈ្នះ​មកុដ​ថា​ នាង​មាន​អារម្មណ៍​ថា​ការ​ចោទប្រកាន់​ចំពោះ​នាង​នេះ​ធ្វើ​ឱ្យ​នាង​វង្វេងវង្វាន់​ខ្លាំង​។

បវរកញ្ញា​រូប​នេះ​កាន់​តែ​រង​សម្ពាធ​និង​ការ​ចោទ​ប្រកាន់​ខ្លាំង​ថែម​ទៀត​នៅពេល​ដែល​ប្រធានាធិបតី​ប្រទេស​វេណេហ្សូអេឡា លោក​ Nicolasបាន​ឡើង​ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​យោធា​ក្នុង​ខែ​មករា​ដោយ​លើក​ឡើង​ថា​ «មកុដ​ Miss Universe ត្រូវ​បាន​គេ​លួច​ពី​បវរកញ្ញា​លំដាប់​រងទី​មួយ​ Amanda Dudamel ដែល​ជា​បវរកញ្ញា​តំណាង​ឱ្យ​វេណេហ្សូអេឡា​»

យ៉ាង​ណា​មិញ​ Amy Emmerich ប្រធាន​ប្រតិបត្តិ​​អង្គភាព​ Miss Universe បាន​ចេញ​មក​ថ្លែង​ការ​ពារ​បវរកញ្ញា​ Gabriel នៅ​ក្នុង​ការ​ផ្ដល់​សម្ភាសន៍​មួយ​ដល់​កាសែត​ Los Angeles Times កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៨ ខែ​មករា​កន្លង​ទៅ​ថា​ សូម​ផ្ដោត​លើ​ភាព​រឹងមាំ​និង​ការ​លះបង់​របស់​អ្នក​ចូលរួម​ប្រកួត​ និង​សិទ្ធិ​សម្រេច​របស់​កម្មវិធី​ Miss Universe។

ទោះ​ជា​មាន​បញ្ហា​ចម្រូងចម្រាស​ច្រើន​ក្ដី​ប៉ុន្តែ​អ្នក​គាំទ្រ​កញ្ញា​នៅ​តែយល់​ស្រប​ចំពោះ​ការ​កាត់​សេចក្ដីរ​បស់​គណៈកម្មការ​ព្រោះ​បវរកញ្ញា​មាន​ឈាម​ផ្សំ​រវាង​ហ្វីលីពីន​និង​អាមេរិក​រូប​នេះ​គឺជា​នារី​មាន​សមត្ថភាព​ ទេពកោសល្យ​ ហើយ​លេចធ្លោ​ខ្លាំង​បំផុត​​ក្នុង​ចំណោម​បេក្ខនារី​ដែល​មក​ចូលរួម​ប្រកួត​ប្រជែង​ជាមួយ​គ្នា​៕

Share.