បន្ទាយមានជ័យ៖ ក្មេងស្ទាវអាយុ១៧ទៅ១៨ឆ្នាំ បើកម៉ូតូបង្ហោះ៣ទៅ៤ដងឆ្លងទ្រូងផ្លូវទៅបុកម៉ូតូបញ្ច្រាស់ទិស រងរបួសធ្ងន់២នាក់ និងស្រាលម្នាក់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២១.២០នាទីយប់ នៅខាងជើងផ្ទះល្វែងហ្គោដឡាក់ប្រហែល១៥០ម៉ែត្រ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

អ្នកឃើញហេតុការណ៍បានប្រាប់ថា៖ ពេលកើតហេតុគេឃើញមានក្រុមក្មេងស្ទាវពីរនាក់ ជិះម៉ូតូ១គ្រឿងម៉ាកឌ្រីម សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរពីត្បូងទៅជើង បានបង្ហោះបំបាស់កង់មុខ លុះដល់ចំណុចកើតហេតុ ម៉ូតូដែលបង្ហោះនោះបានរ៉េចង្កូតឆ្លងទ្រូងផ្លូវទៅបុកបុរសម្នាក់ដែលកំពុងបើកបរម៉ូតូបញ្ច្រាស់ទិស ម៉ាកSPACY I ពណ៌ខ្មៅ គ្មានស្លាកលេខ ពេញទំហឹង បណ្តាលឲ្យ អ្នកបើកបរម៉ូតូទាំងពីរនាក់ បែកក្បាលរងរបួសធ្ងន់ ត្រូវបានយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកក្មេងស្ទាវម្នាក់ដែលជិះបិតគូថពីក្រោយរងរបួសស្រាល និងម៉ូតូទាំងពីរគ្រឿងខូចខាតធ្ងន់។


ក្មេងស្ទាវដែលជិះពីក្រោយបិទគូថ បានប្រាប់ថា មុនពេលកើតហេតុ មិត្តភក្តិ(អ្នកបើកម៉ូតូ) បានបង្ហោះម៉ូតូតាមផ្លូវ ដោយបំបាស់កង់មុខ ចំនួន៣ទៅ៤ដងហើយ ទើបបង្ហោះចុងក្រោយក៏ជួបគ្រោះថ្នាក់តែម្តង។ ដែលពួកគេមានមុខរបរជាអ្នកដឹកជញ្ចូនអាហារកម្ម៉ង់ឲ្យភ្ញៀវ។


ក្រោយពីកើតហេតុកម្លាំងនគរបាលជំនាញចរាចរណ៍ក្រុងប៉ោយប៉ែត បានធ្វើការវាស់វែង យកម៉ូតូទាំងពីរគ្រឿងទៅរក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោះស្រាយនៅពេលក្រោយ។ ចំណែកក្មេងស្ទាវម្នាក់ដែលរងរបួសស្រាលត្រូវបានសមត្ថកិច្ចយកទៅសួរនាំពាក់ព័ន្ធនឹងករណីបង្ហោះម៉ូតូ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.