សិល្បៈ​​អន្តរជាតិ​៖​ នៅ​ក្នុង​ឱកាស​ចូលរួម​នៅ​កម្មវិធី​មួយ​របស់​ស្ថានីយទូរទស្សន៍ GMA រាជិនី​សម្រស់​ Marian Rivera បាន​និយាយ​ថា​នៅ​ពេល​នេះ​ខ្លួន​កំពុង​តែ​មាន​សេចក្ដី​សុខ​ព្រោះ​ក្ដី​សុបិន​ដែល​ប៉ងប្រាថ្នា​ពី​កុមារ​ពេល​នេះ​បាន​សម្រេច​ហើយ​។

រាជិនី​សម្រស់​ប្រចាំ​ខ្សែ​ភាពយន្ត​ហ្វីលីពីន​រូប​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ខ្លួន​មិន​ដែល​ស្រមៃ​ទេ​ថា​រូប​ខ្លួន​នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ ឬ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ ព្រោះ​កាល​ពី​កុមារ​អ្វី​ដែល​កញ្ញា​ចង់​បាន​គឺ​មាន​គ្រួសារ​កក់ក្ដៅ​មួយ​ជា​របស់​ខ្លួន​ឯង​។ បច្ចុប្បន្ន​នាង​កំពុង​តែ​រីករាយ​និង​រស់​នៅ​យ៉ាង​មាន​ក្ដី​សុខ​ជាមួយ​នឹង​ស្វាមី​ Dingdong Dantes និង​កូន​ៗ​ទាំង​ពីរ​ អាច​និយាយ​បាន​ថា​ពេល​នេះ​​នាង​កំពុង​តែ​រស់​នៅ​ក្នុង​ក្ដី​សុបិន​ដែល​បាន​ក្លាយ​ជា​ការ​ពិត​។

មែនទែន​ការ​ដែល​​តារា​ស្រី​ហ្វីលីពីន​ ម្ចាស់​រហស្សនាម​ម៉ារីម៉ា​ រូប​នេះ​សុបិន​ចង់​មាន​គ្រួសារ​ដ៏ពេញ​លេញ​និង​កក់​ក្ដៅ​មួយ​មិន​មែន​ជា​រឿង​អី​ចម្លែក​នោះ​ឡើយ​ដោយ​សារ​តែ​កាល​ពី​ក្មេង​នា​ង​មិន​បាន​រស់​នៅ​ជួបជុំ​គ្រួសារ​នោះ​ឡើយ​ ព្រោះ​នាង​កើត​នៅ​អេស្ប៉ាញ​ ហើយ​ត្រូវ​​បាន​យាយ​ជាប់​សាច់​ឈាម​ចិញ្ចឹម​បីបាច់​ ក្រោយ​ពេល​ដែល​ឪពុក​ម្ដាយ​របស់​នាង​លែងលះ​គ្នា​ កាល​ពី​នាង​មាន​អាយុ​៣​ឆ្នាំ​។ ឪពុក​នាង​ឈ្មោះ​ Francisco Javier Gracia ជន​ជាតិ​អេស្ប៉ាញ​ រី​ឯង​ម្ដាយ​នាង​ឈ្មោះ​ Amalia Rivera គឺជា​ជនជាតិ​ហ្វីលីពីន​។

ម្ដាយ​នាង​បាន​នាំ​កូនមក​រស់​នៅ​ហ្វីលីពីន​វិញ​ ប៉ុន្តែ​ទុក​នាង​នៅទីនោះ​ហើយ​ខ្លួន​ត្រូវ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​។ សម្រាប់​ Marian នាង​មិន​ភ្លេច​អរគុណចំពោះ​អាជីព​សម្ដែង​នោះ​ឡើយ ជាពិសេស​គឺ​ទូរទស្សន៍ GMA ដែល​បាន​ជ្រើស​រើស​នាង​មក​សម្ដែង​ជា​ ម៉ារីម៉ា ភាពយន្ត​ភាគ​ថត​តាម​ភាពយន្ត​ដើម​របស់​ប្រទស​មិចស៊ិក​ ជា​រឿង​ធ្វើ​ឱ្យ​នាង​ឆក់​បាន​បេះដូង​មហាជន។

រឿង​ម៉ារីម៉ា​នេះ​ក៏ជារឿង​ដែល​ធ្វើ​ឱ្យ​នាង​បាន​ជួប​ជាមួយ​នឹង​ស្វាមី Dingdon ខណៈ​ដែល​អ្នក​ទាំង​ពីរ​សម្ដែង​ជា​តួ​ឯក​ប្រុស​តួ​ឯក​ស្រី​ជាមួយ​នឹង​គ្នា​ដែរ​។ ប៉ុន្តែ​ Marian ​ទទួល​ស្គាល់​ថា​​នៅ​​​ពេល​សម្ដែង​​អ្នក​​ពីរ​នាក់​គ្មានចាប់​​​អារម្មណ៍​​អ្វី​ចំពោះ​គ្នា​នោះ​ឡើយ ដោយ​ម្នាក់ៗ​ព្យាយាម​ផ្ដោត​លើ​ការ​សម្ដែង​របស់​ខ្លួន​ច្រើន​ជាង​ លុះ​ត្រា​តែ​រឿង​ជិត​ចប់​ទើប​អ្នក​ទាំងពីរ​ចាប់​ផ្ដើម​ក្លាយ​ជា​មិត្ត​នឹង​គ្នា​។

Share.