ការបង្ហាញស្មារតីជាតិនិយមតាមរយៈការប្រកាសឧបត្ថម្ភនិងគាំទ្រដល់កីឡាករ កីឡាការិនីខ្មែរតាមបណ្តាញសង្គមពីសំណាក់សេដ្ឋីរួមទាំងមហាជនទូទៅនាអំឡុងពេលថ្មីៗនេះ​ ហាក់បាននិងកំពុងតែបង្ហាញនូវក្តីសង្ឃឹមថ្មីៗបន្ថែមទៀតអំពីវឌ្ឍនភាពនៃវិស័យកីឡានៅកម្ពុជានិយាយជារួមនិងដោយឡែកវិស័យកីឡាប្រដាល់ជាពិសេសវិស័យគុនខ្មែរ។

ការប្រកាសគាំទ្រ បន្ទរដោយការសន្យាថា នឹងផ្តល់រង្វាន់លើកទឹកចិត្តដោយមានទាំងផ្ទះ ដីឡូដ៍ ថវិកា។ល។នៅ ពេលដែលពួកគេវាយឈ្នះទៅលើកីឡាករ កីឡាការិនីបរទេសជាពិសេសប្រទេសជិតខាងរបស់យើងនោះ អាចចាត់ទុកថា ជាឱសថលើកទឹកចិត្ត និងជាថ្នាំប៉ូវកម្លាំងដ៏មានប្រសិទ្ធភាពសម្រាប់ផ្តល់ថាមពលដល់កីឡាករ កីឡាការិនីខ្មែរយ៉ាងពិតប្រាកដ បើសិនជាយើងមើលទៅលើទិដ្ឋភាពជាទូទៅ ហើយផ្តោតទៅលើទស្សនៈថា អ្នកជោគជ័យត្រូវតែទទួលបាននូវការលើកទឹកចិត្តឬក៏រង្វាន់។

យ៉ាងណាក៏ដោយ យ៉ាងណាក៏ដោយសម្រាប់ស្មេរយល់ថា ការយកចិត្តទុកដាក់តែទៅលើបុគ្គលណាម្នាក់នៅពេលដែលទទួលបានជោគជ័យនៅក្នុងវិស័យកីឡានិយាយជារួមនិងដោយឡែកនៅក្នុងវិស័យគុនខ្មែរនោះ មិនទាន់គ្រប់គ្រាន់នោះឡើយក្នុងការបង្ហាញប្រាប់គេថា យើងបានយកចិត្តទុកដាក់ ឬក៏ស្រឡាញ់វិស័យនេះយ៉ាងពិតប្រាកដឡើយ។ ក្នុងន័យនេះ ក៏អាចមានដែរបុគ្គលខ្លះបានប្រកាសថា គាំទ្របែបនេះឬបែបនោះភ្ជាប់ដោយការប្រកាសផ្តល់រង្វាន់ ទៅដល់កីឡាករឬកីឡាការិនីដែលទទួលបានជ័យជម្នះលើកីឡាករ កីឡាការិនីបរទេសនោះ គឺដើម្បីតែចង់ ទាញចំណាប់អារម្មណ៍ឬក៏បង្ហាញគេថាខ្លួនស្រឡាញ់និងគាំទ្រវិស័យកីឡាតែប៉ុណ្ណោះ។ ខ្លះប្រកាសគាំទ្រក្នុងន័យ ទាញយក ប្រជាប្រិយភាពនៅលើបណ្តាញសង្គមដើម្បីប្រយោជន៍អាជីវកម្មរបស់ខ្លួនក៏មាន។ បើសិនជាបុគ្គលប្រភេទនេះ មានកាន់តែច្រើននោះ ក្តីរំពឹងអំពីវឌ្ឃនភាពនៃវិស័យគុនខ្មែរក៏មានមិនច្រើននោះដែរ។ មានបុគ្គលខ្លះ កន្លងមកបានចាប់អារម្មណ៍ទៅលើឈ្មោះកីឡាករ កីឡាការិនីណាម្នាក់ឡើយនៅពេលដែលពួកគេចាប់ផ្តើមចូលទៅហ្វឹកហាត់ឬក៏ចូលប្រលូកលើសង្វៀនដំបូងៗ។ និយាយបែបនេះ មិនបានន័យថា ស្មេរសំដៅទៅលើអ្នកប្រកាសគាំទ្រឬក៏ឧបត្ថម្ភដល់     កីឡាករ កីឡាការិនីកន្លងមកថា មានគំនិតចង់ច្បាមយកប្រជាប្រិយភាពផ្ទាល់ខ្លួនទាំងអស់នោះទេ ព្រោះថាក៏មានដែរ អ្នកដែលស្រឡាញ់និងគាំទ្រដល់វិស័យកីឡាទៅតាមផ្នែកយ៉ាងពិតប្រាកដ ហើយស្មេរក៏ដូចជាកីឡាករ កីឡាការិនី ទាំងអស់ក៏សូមសម្តែងនូវការកោតសរសើរចំពោះភក្តីភាពនិងការលើកទឹកចិត្តដល់ពួកគេទាំងអស់គ្នានាពេល កន្លងមករួមនឹងការប្រកាសជាឱឡារិកថា នឹងបន្តឧបត្ថម្ភគាំទ្រនៅពេលដែលកីឡាករខ្មែរវាយឈ្នះកីឡាបរទេសនោះ។

ស្មេរគិតថា នឹងមិនវែងពេកទេប្រសិនបើខ្ញុំដាក់បញ្ចូលនូវព័ត៌មានខ្លះៗដែលខ្ញុំទទួលបានពីតុកាហ្វេជាពិសេសពីពូៗក៏ដូចជាបងៗអ្នករត់ម៉ូតូកង់ដែលលោកធ្លាប់បានជជែកគ្នានាពេលកន្លងមកនោះ។បញ្ហាទាំងនោះរួមមាន៖

-កីឡាករ កីឡាការិនីខ្លះនៅពេលដែលទៅចូលទៅហ្វឹកហាត់ហើយនោះ ពិបាកនឹងរកសង្វៀនប្រកួត បើទោះជាបច្ចុប្បន្ននេះគឺឃើញមានកម្មវិធីប្រកួតប្រចាំសប្តាហ៍ត្រូវបានរៀបចំឡើងនៅតាមបណ្តាស្ថានីយទូរទស្សន៍នានាក្តី

– កីឡាករ កីឡាការិនីខ្លះ បន្ទាប់ត្រឡប់មកពីក្លិងហ្វឹកហាត់វិញ ត្រូវចេញទៅរត់កង់បី រត់ម៉ូតូឌុប ខ្លះលក់ទឹកអំពៅ ជាជាងកាត់សក់។ល។ដើម្បីជួយទ្រទ្រង់ដល់ជីវភាពប្រចាំថ្ងៃបន្ថែមលើប្រាក់ចំណូលដែលគ្រួសាររបស់ខ្លួនទទួលបាន។

– កីឡាករ កីឡាការិនីខ្លះបានឡើងលើសង្វៀនប្រកួតមែនប៉ុន្តែបន្ទាប់ពីការបែងចែកប្រាក់រង្វាន់ដែលទទួលបាន (ទាំងទៅលើក្លិបនិងអ្នកពាក់ព័ន្ធ) នៅសល់ មិនគ្រប់គ្រាន់សម្រាប់បន្តការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនោះឡើយ។

– កីឡាករ កីឡាការិនីខ្លះ ត្រូវតស៊ូអត់ទ្រាំហ្វឹកហាត់ទាំងត្រដាបត្រដួសក៏ព្រោះតែស្មារីតីស្រឡាញ់កីឡា ចង់ជួយថែរក្សាក៏ដូចជាលើកកម្ពស់វិស័យគុនខ្មែរ ខណៈដែលមួយចំនួនទៀតចូលប្រឡូកក្នុងវិស័យនេះដោយសារតែពួកគេ គ្មានជម្រើសចំពោះអាជីពក៏ដូចជាមុខរបរតែប៉ុណ្ណោះ។

អ្វីដែលស្មេរលើកឡើងនៅមុនេះគឺសុទ្ធតែជាបញ្ហា ប៉ុន្តែយើងអាចចោទសួរទាំងអស់គ្នាថា បើសិនជាបញ្ហាទាំងអស់នេះ មិនត្រូវបានដោះស្រាយប្រកបដោយផែនទីបង្ហាញផ្លូវមួយច្បាស់លាស់ទេនោះ បញ្ហាទាំងនោះនឹងនៅតែជា ហ្វ្រាំងទប់ដល់ដំណើរវឌ្ឃនភាពនៃវិស័យកីឡានិយាយជារួមនិងដោយឡែកវិស័យកីឡាគុនខ្មែរនៅកម្ពុជា ដែលប្រទេសជិតខាងខ្លះកំពុងតែមិនសប្បាយចិត្តនឹងវត្តមាននៃកីឡាប្រភេទនេះនៅក្នុងប្រទេសយើងស្រាប់។

ចង់ឲ្យវិស័យគុនខ្មែរនៅកម្ពុជាមានការរីកចម្រើន ហើយកីឡាករ កីឡាការិនីរបស់យើងមានសមត្ថភាពទៅប្រកួតឈ្នះ កីឡាករ កីឡាការិនីបរទេសនោះ ល្មមដល់ពេលហើយដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់គប្បី៖

-សូមជួយយកចិត្តទុកដាក់លើកទឹកចិត្តក៏ដូចជាឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនីតំាំងពីអំឡុងពេលដែលពួកគេហ្វឹកហាត់នៅតាមក្លិបប្រដាល់នានា

– បន្តគិតគួរដល់ជីវភាពក៏ដូចជាលើកទឹកចិត្តដល់កីឡាករ កីឡាការិនីដែលមានគុណវុឌ្ឍិក៏ដូចជាមានសមត្ថភាពទាំងអស់ តាមរយៈការផ្តល់ការងារក្នុងក្របខ័ណ្ឌគ្រូកីឡាជាតិ។ល។

– គួរបន្ថែមប្រាក់រង្វាន់ក៏ដូចជាប្រាក់លើកទឹកចិត្តដល់កីឡាករ កីឡាការិនីដែលបានឈ្នះនៅលើសង្វៀននានា ទាំងក្នុងនិងក្រៅប្រទេស

-សូមកុំចាំដល់ឈ្នះទើបនាំគ្នាគាំទ្រនិងលើកទឹកចិត្ត គួររួមគ្នាគិតគួរដល់កីឡាករ កីឡាការិនីតាំងពីដំបូងទីទៅ។

សំណួរចុងក្រោយដែលយើងទាំងអស់គ្នាត្រូវរួមគ្នាឆ្លើយក្នុងន័យលើកកម្ពស់វិស័យគុនខ្មែរនោះគឺ​ បើសិនជា កីឡា ករ កីឡាការិនីក្រោយពីចុះពីសង្វៀនទៅ ត្រូវទៅ រត់កង់បី កិនទឹកអំពៅលក់ ឬក៏ត្រូវធ្វើជាជាងកាត់សក់នោះ តើពួកគេនឹងមានពេលឯណាដើម្បីទៅហ្វឹកហាត់ដើម្បីលើកកម្ពស់សមត្ថភាពបន្ថែមសម្រាប់ត្រៀមឡើង សង្វៀន? បើសិនជាយើងឲ្យកីឡាករ កីឡាការិនីទាំងអស់ដែលពោរពេញទៅដោយគុណវិឌ្ឍិនិងសមត្ថភាព យកពេលវេលាដែលគេធ្លាប់រត់កង់បី កិនទឹកអំពៅលក់ ឬក៏កាត់សក់។ល។ មកបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីថ្នាលវិញ តែវិស័យគុនខ្មែរនឹងកាន់តែប្រសើរកម្រិតណា?

ពីស្មេរជាអ្នកគាំទ្រវិស័យគុនខ្មែរម្នាក់

Share.