សិល្បៈ​អន្តរជាតិ​៖ ថ្មីៗ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​កោះ​តៃវ៉ាន់​​កំពុង​តែ​ផ្ទុះ​​ករណី​រិះគន់​ចំពោះ​តារា​សម្ដែង​ឯក​រឿង​ F4 របស់​ប្រទេស​ថៃ​ដែល​បង្ហាញ​ឥរិយាបទ​មិន​សមរម្យ​ថែម​ទាំង​មាន​ពេល​ខ្លះ​នាំ​គ្នា​ញ៉ាំ​នំ​ខណៈ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ផ្ដល់​បទ​សម្ភាសន៍​។ មិន​អស់​ត្រឹម​ប៉ុណ្ណេះ​នោះ​ទេ​ សារព័ត៌មាន​កោះ​តៃវ៉ាន់​បាន​សរសេរ​ទៀត​ថា​តារា​ថៃ​ទាំង​នេះ​មិន​គោរព​ពេលវេលា​មក​យឺតយ៉ាវ​ ថែម​ទាំង​មិនមាន​ការ​សុំទោស​ គ្រាន់​តែ​អ្នក​ដឹកនាំ​មក​ប្រាប់​ថា​មក​យឺត​ដោយ​សារ​តែ​រវល់​ផាត់​មុខ​ធ្វើ​សក់ និង​សាច់​រឿង​ជា​ច្រើន​ទៀត​ដែល​រៀបរាប់​មិន​អស់​​។ ប៉ុន្តែ​ក៏​មាន​ក្រុម​អ្នក​គាំទ្រ​របស់​តារា​ទាំង​នេះ​ចេញ​មក​ការពារ​និង​លើក​ឡើង​ថា​ប្រហែល​ជា​អាច​មក​ពី​​ទំនាក់​ទំនង​មាន​របាំង​ភាសា​ក៏​ថា​បាន​។

ចំពោះ​ករណី​ខាង​លើ​នេះ​ទីបំផុត​ផលិតកម្ម​ GMM TV បាន​ចេញ​មក​ថ្លែង​ការណ៍​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ថា​៖ ថ្មីៗ​នេះ​មាន​​ការ​លើក​ឡើង​យ៉ាង​គគ្រឹក​គគ្រេង​ពាក់​ព័ន្ធ​នឹង​ផ្ដល់​បទ​សម្ភាសន៍​សិល្បករ​យើង​ខ្ញុំ​នៅ​ក្រុង​តៃប៉ិ​ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ​២០២៣​កន្លង​ទៅ​ ផលិតកម្ម​សូម​បកស្រាយ​ចំពោះករណី​នេះ​ដូច​តទៅ

១.ករណី​រឿង​ការ​ផ្ដល់​បទសម្ភាសន៍​មាន​ភាព​យឺតយ៉ាវ​៖ ការ​ផ្ដល់​បទ​សម្ភាសន៍​ពិត​ជា​យឺតជាង​ពេលវេលា​កំណត់​ពិត​មែន​ ដោ​យសារ​តែ​ជើង​ហោះ​ហើរ​មាន​ការ​ពន្យា​ពេល​ ទើប​ធ្វើ​ឱ្យ​យឺត​ជាង​ពេល​វេលា​បាន​ណាត់​គ្នា​ ប៉ុន្តែ​អ្នក​រៀបចំ​កម្មវិធី​បាន​ជម្រាប​ដល់​អ្នក​សារព័ត៌មាន​រួច​ហើយ​ ចំណុច​នេះ​ក្រុមហ៊ុន​សុំ​ទោស​ចំពោះ​រឿង​ដែល​បាន​កើត​ឡើង​ផង​ដែរ​។

២.ចំពោះ​អាកប្បកិរិយា​និង​ឥរិយាបទ​មិន​ភ្នែក​របស់​សិល្បករ​យើង​ខ្ញុំ​ដែល​សម្ភាសន៍​បណ្ដើរ​ញ៉ាំ​នំ​បណ្ដើរ​នោះ​ អាច​មក​ពី​មាន​ការ​យល់​ច្រឡំ​ឬ​ដោយសារ​តែ​ការ​ទំនាក់ទំនង​គ្នា​រវាង​ក្រុម​ការងារ​និង​សិល្បករ​ដែល​បណ្ដាល​ឱ្យ​តារាយើង​មាន​យល់​ច្រឡំ​ថា​មិន​ទាន់​ចាប់​ផ្ដើម​ថត​កម្មវិធី​នៅ​ឡើយ​ ទើប​នាំ​គ្នា​ញ៉ាំ​នំលេង​ខណៈ​កំពុង​រង់ចាំ​ថត​កម្មវិធី​។ ប៉ុន្តែ​នៅ​ពេល​ប្រាប់​ឱ្យ​សិល្បករ​យើង​បាន​ដឹង​ ទើប​គ្រប់​គ្នា​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ផ្ដល់​បទ​សម្ភាសន៍ ប៉ុន្តែ​ក្រុម​ការងារ​បាន​ជម្រាប​ដល់​អ្នក​សារព័ត៌មាន​ហើយ​កុំ​ឱ្យ​ប្រើប្រាស់​រូប​ភាព​ទាំង​នេះ​។

ករណី​ដែល​កើត​ឡើង​នេះ​ក្រុមហ៊ុន​ GMM-TV និង​សិល្បករ​ទាំង​អស់​សូម​ឱន​កាយ​ទទួល​ស្គាល់​កំហុស​ ដែល​ធ្វើ​បុគ្គល​ពាក់ព័ន្ធ​ជា​ច្រើន​មិន​សប្បាយ​ចិត្ត​ចំពោះ​រឿង​ដែល​កើត​ឡើង​នេះ​។ តទៅ​ថ្ងៃ​មុខ​យើង​ខ្ញុំ​​នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​មិន​ឱ្យ​កើត​មាន​ហេតុការណ៍​បែប​នេះ​កើត​ឡើង​ទៀត ជា​ពិសេស​នឹង​ព្យាយាម​ទំនាក់ទំនង​ឱ្យ​កាន់​តែ​ស្អិត​ល្មួត​មិន​ឱ្យ​មាន​ការ​យល់​ច្រឡំ​គ្នា​ដូច​ជា​លើក​នេះ​ទៀត​៕

ប្រភព៖ Sanook

https://t.me/troryorngmedia
Share.