ប្រិយមិត្តអ្នកអានសារព័ត៌មានត្រយងជាទីរាប់អាន ថ្ងៃនេះ នាងខ្ញុំសូមចែករំលែកការយល់ឃើញផ្ទាល់ខ្លួនមួយរបស់នាងខ្ញុំ ចំពោះក្រសួងសុខាភិបាលដែលបានហាមឃាត់មិនឱ្យរថយន្តឃ្លីនិកឯកជន ដឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍យកទៅសង្គ្រោះឬព្យាបាល។

ខ្ញុំ និងមិត្តភក្ដិខ្ញុំ តែងតែសើចហួសចិត្ត នៅរៀងរាល់ពេលពួកយើងជជែកគ្នាអំពីរឿងនេះ ពិសេសនៅពេលហេតុផលនៃការហាមប្រាមនេះ ត្រូវបានក្រសួងអះអាងថាដោយសារមានរថយន្តឃ្លីនិកមួយចំនួនកើតជម្លោះដណ្ដើមគ្នាដឹកជនរងគ្រោះយកទៅព្យាបាល ឬដឹកសពយកទៅវត្ត ទៅផ្ទះជាដើម។ នាងខ្ញុំសូមទាញហេតុផលមួយចំនួនមកបញ្ជាក់ជូនខាងក្រោម៖

១. ឃ្លីនិកដែលបើកដំណើរការទូទាំងប្រទេស សុទ្ធតែស្ថិតក្រោមការគ្រប់គ្រងយ៉ាងច្បាស់លាស់ពីមន្ទីរ ឬក្រសួងសុខាភិបាល។ តើក្រសួងសុខាភិបាលគ្មានសមត្ថភាពគ្រប់គ្រង និងដោះស្រាយដើម្បីឈានទៅបញ្ចប់វប្បធម៌ដណ្ដើមជនរងគ្រោះគ្នាលើដងផ្លូវនេះឬយ៉ាងណា? ខ្ញុំគិតថាទន្ទឹមនឹងវិធានការអប់រំផ្សព្វផ្សាយ ការដាក់ពិន័យលើឃ្លីនិកឯកជនណាបង្កឱ្យកើតមានបញ្ហានេះ គួរតែត្រូវបានធ្វើឡើងឱ្យច្បាស់លាស់។

២. ឧទាហរណ៍ ប្រសិនបើនាងខ្ញុំ ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ត្រូវសង្គ្រោះបន្ទាន់ តើគួរតែអនុញ្ញាតឱ្យរថយន្តឃ្លីនិកឯកជនដែលនៅក្បែរកន្លែងនាងខ្ញុំរងគ្រោះ និងមានលទ្ធភាពសង្គ្រោះនាងខ្ញុំ បានមកដឹកនាងខ្ញុំទៅសង្គ្រោះភ្លាមៗ ឬរង់ចាំរថយន្តមន្ទីរពេទ្យរដ្ឋនៅឆ្ងាយ? ចុះបើជីវិតនាងខ្ញុំត្រូវចប់ដោយសារតែការរង់ចាំរថយន្តពេទ្យរដ្ឋ តើអ្នកណាមកទួលខុសត្រូវ?

៣. តើគុណធម៌គ្រូពេទ្យយកទៅទុកនៅឯណា? យើងមិនអាចបណ្ដោយឱ្យបញ្ហាកើតចេញពីអសមត្ថភាពគ្រប់គ្រងក្រសួងសុខាភិបាល រារាំងគុណធម៌គ្រូពេទ្យបានឡើយ។ គ្រូពេទ្យ មិនថារដ្ឋឬឯកជនទេ ពួកគាត់មានបេសកកម្មជួយសង្គ្រោះជីវិតមនុស្ស។ មិនអាចព្រោះមានរថយន្តឃ្លីនិកមួយឬពីរមានបញ្ហា ក៏ធ្វើឱ្យគ្រូពេទ្យ និងឃ្លីនិកទាំងឡាយបាត់ឱកាសសង្គ្រោះជីវិតមនុស្សឡើយ។

ដូច្នេះ នាងខ្ញុំ សង្ឃឹមថាក្រសួងសុខាភិបាលនឹងពិចារណាបញ្ហានេះឡើងវិញ។ នាងខ្ញុំស្នើក្រសួងសុខាភិបាលងាកទៅពង្រឹងសត្ថភាពគ្រប់គ្រងឡើងវិញ ជាជាងប្រើយុទ្ធសាស្រ្តយករួចខ្លួនយ៉ាងដូច្នេះ។ ព្រោះការម្រេចចិត្តនេះពាក់ព័ន្ធនឹងអាយុជីវិតមនុស្ស។ ប្រសិនបើការយល់ឃើញរបស់នាងខ្ញុំមានប្រការណាមួយមិនសមរម្យ ឬខ្វះខាត សូមប្រិយមិត្តជួយបំពេញបន្ថែមផងចុះ។

ពីនាងខ្ញុំ រចនា និស្សិតRULE

Share.