ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានចេញនូវសារលិខិតអបអរសាទរមួយជូនចំពោះ កីឡា​ការិនី​ឆ្នើម ស្រួង ភាវី ក្នុងឱកាសដែលកីឡាការិនីដ៏ឆ្នើមរបស់ខ្មែរយើងរូបនេះ ទទួល​បាន​ជ័យលាភី​ជើង​ឯក​ក្នុង​ការ​ប្រកួតពានរង្វាន់អន្ដរជាតិ Blue One Resort LPBA Championship (ផ្នែក​នារី​នៅ​សាធារណរដ្ឋកូរ៉េ) ថ្មីៗនេះ។

អត្ថបទពាក់ព័ន្ធ៖អបអរ! កីឡា​ការិនី​ស្នូកឃ័រ​កម្ពុជា​ ឈ្នះ​ជើងឯក Blue One Resort LPBA Championship នៅ​កូរ៉េខាងត្បូង

ក្នុង​សារ​លិខិត​នោះ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ តាងនាមឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក​ទាំង​អស់​នៃ​ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសម្ដែង​នូវ​អំណរសាទរ​ចំពោះ​សមិទ្ធផល​ជោគជ័យ​របស់​កីឡា​ការិនី​ឆ្នើម​រូប​នេះ ហើយ​លោក​ទូត​ក៏​បាន​រំលេច​ផង​ដែរ​ថា​សមិទ្ធផល​ជោគជ័យ និង​គំរូ​វីរភាព​ដ៏​ល្បីរន្ទឺជាបន្តបន្ទាប់ក្នុងអាជីពកីឡាស្នូកឃ័រជម្រើសជាតិកម្ពុជារបស់ ​កីឡា​ការិនី​រូប​នេះ ពិតជាបាននាំមកនូវកិត្តិយសដ៏ឧត្តុង្គឧត្តមដល់ប្រទេសជាតិ និង​មោទនភាព​ជាតិ​ក្រៃ​លែង ជា​ពិសេស​នៅក្នុងចំណោមសាធារណជនទូទៅ​នៃសាធារណរដ្ឋកូរ៉េ ដែល​តែងតែ​សម្តែង​ការ​គោព​ស្រឡាញ់ ​គាំទ្រ និងបានចាត់ទុកលោកស្រីជាគំរូវីរភាពស្រ្តីនៅក្នុងវិស័យកីឡា។

លោក​ទូត​ក៏បាន​ផ្តល់​ការកោត​សរសើរ​ផងដែរថា ជោគជ័យ​គួរ​ជាទីមោទនៈរបស់ កីឡាការិនី​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា រូបនេះ ក៏​នឹង​ក្លាយ​ជា​គម្រូ​ដ៏​ថ្លៃថ្លា​សម្រាប់​យុវជន យុវនារី និង​កីឡាករ​កម្ពុជា ទាំង​អស់ ​ក្នុង​ការ​ចូលរួម​លើក​តម្កើង​កិត្យានុភាព​ជាតិ​យ៉ាង​ថ្លៃថ្លា​របស់​កម្ពុជា នៅ​លើ​ឆាក​អន្ដរជាតិ​នាពេល​ខាង​មុខផងដែរ។

Telegram-Troryorng
Share.