កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ លោក​ តាន់ គីមសួរ​ បុរស​ដ៏​លេចធ្លោ​លើ​បណ្ដាញ​សង្គម​ និង​ជា​បុគ្គល​ដែល​ត្រូវ​បាន​គេ​​មើល​ឃើញ​ថា​ជា​អ្នកស្រលាញ់​បរិស្ថាន​​ឈាន​មុខ​ម្នាក់ បាន​បង្ហាញ​នូវ​សកម្មភាព​មួយ​ចំនួន​តាម​រយៈ​រូប​ថត​ជា​ច្រើន​សន្លឹក​លើ​បណ្ដាញ​សង្គម ដែល​ក្នុង​នោះ​មាន​ឃើញ​វត្តមាន​ ពិធីការិនី​ សុភក្ត្រ កុសុម៉ា ពិធីករ​ និង ​តារា​សម្ដែង​ ប៉ែន ចំរុង​ និង​​ ឯកឧត្តម​ ហ៊ុន​ ជា​។​​

វត្តមាន​របស់​ បុគ្គល​ល្បី​ក្នុង​សង្គម​ នាពេល​នោះ​ត្រូវ​បាន​លោក​ តាន់​ គីមសួរ​លើក​ឡើង​ថា​គឺ​​មក​សួរ​សុខ​ទុក្ខ​ និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ ហើយ​ក៏​ចូលរួម​ក្នុង​សកម្មភាព​លុញ​គ្រាប់​ឈើ​ដើម្បី​បណ្ដុះ​ជា​ដើមឈើ​ផង​ដែរ។ សកម្មភាព​នេះ​ត្រូវ​បាន​លោក តាន់ គីមសួរ​លើក​ឡើង​ថា​ បាន​ទទួល​​​ឈ្មោះ​ថ្មី​ដែល​ផ្ដល់​ដោយ​ឯកឧត្តម​ ហ៊ុន​ ជា​ថា​សកម្មភាព​ផលិត​ថ្នាំ​បំប៉ន​ផែនដី​។​

ក្រៅ​ពី​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​សកម្មភាព​ជួយ​ថែរក្សា​បរិស្ថាន និង ផ្ដល់​ជា​គន្លឹះ​សំខាន់ៗ​ ក្នុង​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​ប្រជាជន​នៅ​តំបន់​នោះ​ ឱ្យ​ងាក​ពី​ការ​ចូល​ព្រៃ​កាប់​​ មក​ជា​ចំណែក​សំខាន់​ក្នុង​ការ​ថែរក្សា​ព្រៃឈើ​​ហើយ​នោះ​ ឯកឧត្តម​​ ហ៊ុន ជា​ បាន​ចូលរួម​​ថវិកា​ចំនួន​ ១០០០$ (មួយពាន់​ដុល្លារ​) ដើម្បី​ជួយ​ទ្រទ្រង់​សកម្មភាព​នេះ​ផង​ដែរ​។

តាម​រយៈ​ការ​លើក​ឡើង​របស់​លោក​ តាន់ គីមសួរ​ កន្លង​មក​ បេសកកម្ម​រ​បស់​លោក​​ក្រៅ​ពី​ការ​ដាំ​ដើម​ឈើ​ដើម្បី​ព្យាបាល​ដំបៅ​ផែនដី​ហើយ​នោះ​ គឺមាន​គោលដៅ​៣​ធំៗ៖
១. ការ​បណ្ដុះ​ផ្នត់​គំនិត​ប្រជាជន​ឱ្យ​មាន​ការ​យល់​ដឹង​ពី​សារ​ប្រយោជន៍​នៃ​ព្រៃ​ឈើ​​ចំពោះ​ភព​ផែន​ដី​
២. ការ​បញ្ឈប់​ប្រជាជន​​ក្នុង​ការ​បន្ត​ចូល​ព្រៃ​កាប់​ដោយ​ផ្ដល់​ចំណូល​ល្អ​សម្រាប់​ពួក​គាត់​
៣. ការ​ចូលរួម​ធ្វើ​ជា​រនាំង​ក្នុង​ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​និង​ទន្ទ្រាន​ដី​ព្រៃ​របស់​ជន​ខិលខូច​ពី​​ប្រជាជន​

សូម​បញ្ជាក់​ដែរ​ថា​សកម្មភាព​របស់​លោក​ តាន់​ គីមសួរ​ កំពុង​ធ្វើ​នេះ​គឺក្នុង​គោលដៅ​បំបែក​ឯតទគ្គកម្ម​ពិភពលោក​ Guinness World Record ក្នុង​ការ​បាច​គ្រាប់​ឈើ​ច្រើន​ជាង​គេ​ទូទាំង​ពិភពលោក​៕​

Telegram-Troryorng
Share.