ក្លិបបាល់ទាត់ Burnley ក្រោមការដឹកនាំរបស់គ្រូបង្វឹកវ័យក្មេង Vincent Kompany កំពុងធ្វើបានល្អនៅលីគលំដាប់ទី២ របស់ប្រទេសអង់គ្លេស Championship ក្រោយឆ្លងកាត់៣១ប្រកួត ឈ្នះ២០ ស្មើ៩ និងចាញ់២ មាន៦៩ពិន្ទុ ឈរកំពូលតារាងបណ្តោះអាសន្ន។

ខណ:កាលពីយប់ថ្ងៃទី១៤ ខែកុម្ភ: កីឡាករប្តូរចូលនៅតង់ទី២ Michael Obafemi បានស៊ុតបញ្ចូលទី១គ្រាប់ចុងម៉ោងនាទី ៩០+៥’ ជួយឲ្យ Burnley តាមស្មើ Watford ក្នុងលទ្ធផល ១-១ នៅកីឡដ្ឋាន Turf Moor ក្រោមក្រសែលភ្នែកអ្នកគាំទ្រជិត២ម៉ឺននាក់។

គួរដឹងថាលោក Vincent Kompany គឺជាអតីតខ្សែការពារ និងជាប្រធានក្រុមដ៍ឆ្នើមរបស់ Man City ចន្លោះឆ្នាំ ២០០៨ ដល់ ២០១៩ ដោយបង្ហាញខ្លួនសរុប ២៦៥ប្រកួត មុនផ្លាស់ទៅកាន់ Anderlecht ក្នុងនាមជាកីឡាករផង-គ្រូបង្វឹកផង នៅឆ្នាំ ២០១៩-២០២០។

លុះនៅឆ្នាំ ២០២២ លោក Vincent Kompany ត្រូវបានក្លិប Burnley ផ្តល់សេចក្តីទុកចិត្តឲ្យដឹកនាំក្រុមមួយនេះដែលកំពុងស្ថិតនៅលីគលំដាប់ទី២ របស់ប្រទេសអង់គ្លេស Championship ហើយលោកក៏កំពុងតែជ្រោមជ្រែងឲ្យ Burnley ត្រលប់ទៅ Premier League នៅរដូវកាល ២០២៣-២៤ វិញផងដែរ៕

ទស្សនាវីដេអូហាយឡាយកីឡាករ Michael Obafemi បានស៊ុតបញ្ចូលទី១គ្រាប់ចុងម៉ោងនាទី ៩០+៥’ ជួយឲ្យ Burnley តាមស្មើ Watford ក្នុងលទ្ធផល ១-១៖

Share.