សិល្បៈ​ជាតិ​៖ នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ ២០២៣​ ខាង​មុខ​នេះ ​កម្ពុជា​យើង​ត្រៀម​ប្រកួត​រាំម៉ា​ឌី​ហ្សុ​ន ទ្រង់​ទ្រាយ​ធំ​ជា​លើក​ទី​២​ ដើម្បី​បំបែក​ឯក​គ្គ​ទ​កម្ម​ពិភព​លោក​ Guinness​ World​ Record​ ។ នេះ​បើ​តាម​កិច្ចប្រជុំ​ដែល​​បាន​រៀប​ចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀម​រាបនា​ពេល​ថ្មី​ៗ​នេះ​។​

គេ​នៅ​ចាំ​បាន​ថា​ នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ថ្ងៃ​ទី​ ១៥​ មេសា​ ឆ្នាំ​ ២០១៥​ យុវជន​កម្ពុជា​ប្រមាណ ​២,០១៥​ នាក់​ បាន​ចូល​រួម​រាំ​ ចង្វាក់​ម៉ា​ឌី​ហ្សុន ដើម្បី​បំបែក​កំណត់ត្រា​ឯក​ទគ្គ​កម្ម​ថ្មី​របស់​ពិភពលោក​ ដោយ​បាន​ទម្លាក់​តំណែង​កំណត់​ត្រា​ពិភព​លោក​ នៃ​ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សុន របស់​អូស្ត្រាលី ដែល​មាន​អ្នក​ចូល​រួម​រាំ ១,១៥៥​នាក់​កាល​ពី​ឆ្នាំ​២០១៤​។​

យ៉ាង​ណា​មិញ​ ការ​រៀប​ចំ​យុទ្ធនា​ការ​បំបែក​ឯក​គ្គ​ទ​កម្ម​ថ្មី​២​ទៀត​នេះ​ គឺ​ស្មារតី​ខួប​១០​ឆ្នាំ​នៃ​មហា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក្រោម​ប្រធាន​បទ​ «​ក្ដី​ស្រមៃ​ និង​ក្ដី​សង្ឃឹម​» ដែល​នាំ​មក​នូវ​​មោទកភាព​នៃ​ប្រជាជាតិ​កម្ពុជា​ ក្នុង​លើក​ស្ទួយ​ផ្សព្វផ្សាយ​ពី​កេរ្តិ៍ដំណែល​អរិយធម៌​ វប្បធម៌​ ទំនៀម​ទម្លាប់​ និង​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​យើង​បាន​បន្សល់​ទុក​ឱ្យ​។​

សូម​ជម្រាប​ថា​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​និង​កំពុង​បញ្ជ្រាប​ការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣ ក្នុង​យុទ្ធនាការ​ប្រកួត​រាំ​ម៉ា​ឌី​ហ្សុ​ន បំបែក​ឯក​គ្គ​ទ​កម្ម​ពិភព​លោក​ និង​យុទ្ធនា​ការ​ Beyond​ The​ Games ​(​លើស​ពី​ការ​ប្រកួត​) បត់​បេះដូង​ក្រដាស បំបែក​ឯក​គ្គ​ទ​កម្ម​ពិភព​លោក​ ១​ លាន​បេះដូង​ «បេះដូង​លោត​ក្នុង​ចង្វាក់​តែ​មួយ​» ទៅ​ដល់​មន្ទីរ​-​អង្គភាព​ ស្ថាប័ន​ កង​កម្លាំង​ប្រដាប់​អាវុធ​៣​ប្រភេទ​ ដើម្បី​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​ និង​ផុសផុល​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋ និង​វិស័យ​ឯកជន ព្រម​ទាំង​​សាធារណជន​នានា ក្នុង​ការ​ចូលរួម​យុទ្ធនាការ​មួយ​នេះ​ផងដែរ​៕

Share.