ស្នាមញញឹមនិងសម្រែកហ៊ោកញ្ជ្រៀវដ៏រីករាយក្នុងពិធីជួបជុំដ៏ធំសម្បើម នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងវិលត្រឡប់មកជាថ្មីទៀត លើទឹកដីខេត្តបន្ទាយមានជ័យ ដ្បិតឆ្នាំ២០២៣នេះ ពិធីចូលឆ្នាំបន្ទាយឆ្មារ នឹងត្រូវប្រារព្ធឡើងរយៈពេល៤យប់៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា។

ប្រជាជនក្មេងចាស់ប្រុសស្រី ពិសេសយុវជន យុវតីក្នុងខេត្តបន្ទាយមានជ័យ និងបណ្ដាខេត្តជុំវិញ បានទទួលដំណឹងដ៏ត្រេកអរនេះ បន្ទាប់ពីកាលពីថ្ងៃទី៣ ខែមករា ឯកឧត្តម កែ សួនសុភាព ប្រធានគណៈកម្មការប្រតិបត្តិរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធZoomស្តីពីការត្រៀមរៀបចំកម្មវិធីនេះ។

១០ថ្ងៃក្រោយដំណឹងស្ដីពីកម្មវិធីចូលឆ្នាំបន្ទាយឆ្មារត្រូវបានផ្សព្វផ្សាយ ឯកឧត្តម ស សុខា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ បានអញ្ជើញទៅដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារដល់ខេត្តបន្ទាយមានជ័យតែម្ដង។

ក្នុងថ្ងៃតែមួយនឹងការបើកិច្ចប្រជុំ ឯកឧត្តម ស សុខា អមដោយលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំអនុគណៈកម្មការចូលឆ្នាំបន្ទាយឆ្មារ បានចុះត្រួតពិនិត្យមើលដោយផ្ទាល់តាមបណ្ដាទីតាំងរៀបចំកម្មវិធីសំខាន់ៗចំនួន៦ទីតាំង ដែលស្ថិតក្នុងបរិវេណប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នៅថ្ងៃបន្ទាប់ គឺថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា រួមជាមួយនឹងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពិភាក្សារវាងគណៈកម្មការប្រតិបត្តិ ជាមួយរដ្ឋបាលខេត្ត ដើម្បីត្រៀមការងាររៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ដោយមានការចូលរួមពី លោក ឈឺន រតនៈ អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ ជាតំណាងឯកឧត្តម កែ សួនសុភាព ព្រមទាំងអនុគណៈកម្មការរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ និងមន្ទីរ ស្ថាប័នពាក់ព័ន្ធនានា។

ក្រោយកិច្ចប្រជុំជាមួយរដ្ឋបាលខេត្ត អនុគណៈកម្មការទាំង៩នៃគណៈកម្មកាប្រតិបត្តិការ បានបើកិច្ចប្រជុំដើម្បីធ្វើបច្ចុប្បន្នភាពការងារអនុគណៈកម្មរៀងៗខ្លួន។ ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងជាប្រធានប្រតិបត្តិរៀបចំកម្មពិធីចូលឆ្នាំបន្ទាយឆ្មារ និងលោកជំទាវ កែ សួនសុភី អនុប្រធានប្រតិបត្តិគ្រប់គ្រងព្រឹត្តិការណ៍កម្មវិធី បានបន្តបើកកិច្ចប្រជុំជាថ្មីទៀតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

តាមបណ្ដាញZoom ក្រុមការងារបានទទួលអនុសាសន៍ណែនាំ និងធាតុចូលជាច្រើន ក្នុងការងារពិធីការ និងបដិសណ្ឋារកិច្ច សន្តិសុខ សណ្ដាប់ធ្នាប់និងសុខាភិបាល ផ្សព្វផ្សាយព័ត៌មាន សម្របសម្រួល យុវជននិងបរិស្ថាន ផ្គត់ផ្គង់ ដឹកជញ្ជូន និងទំនាក់ទំនងសាធារណៈ និងការងារសិល្បៈ តន្រ្តី ដែលជាមូលដ្ឋានបន្ថែមដើម្បីអនុវត្តន៍ការងារ សង្ក្រាន្តបន្ទាយឆ្មារ។

ផ្អែកតាមស្មារតីនៃកិច្ចប្រជុំខាងលើនេះ បណ្ដាអនុគណៈកម្មការនានាបានបង្កើនសកម្មភាពតាមមុខព្រួញរៀងៗខ្លួន។ កិច្ចប្រជុំអនុគណៈកម្មការបានបន្តធ្វើឡើងឥតលោះសប្ដាហ៍ឡើយ ខណៈអនុគណៈកម្មការដែលទទួលប្រតិបត្តិលើការងារផ្សេងៗនៅតាមបណ្ដាទីតាំងប្រារព្ធពិធី ក៏បានបង្កើនសកម្មភាពរៀបចំកែលម្អរបរិស្ថាន និងសោភ័ណ្ឌភាពតាមបណ្ដាទីតាំងសំខាន់ៗទាំង៦នោះដែរ។

ដើម្បីក្ដាប់ជាប់ដំណើរឆ្ពោះទៅកាន់កម្មវិធីចូលឆ្នាំបន្ទាយឆ្មារ នៅថ្ងៃទី៣ ខែកម្ភៈ ឆ្នាំ២០២៣ គណៈកម្មការរៀបចំកម្មពិធីបានរៀបចំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ ក្រោមអធិបតីភាពលោកជំទាវ កែ សួនសុភី អនុប្រធានប្រតិបត្តិគ្រប់គ្រងព្រឹត្តិការណ៍។ អង្គប្រជុំបានបន្តពិភាក្សាលម្អិតលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗផ្អែកលើស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី៣ ១៩ ខែមករា ឆ្នាំ២០២៣។

ក្រោយកិច្ចប្រជុំដឹកនាំដោយលោកជំទាវ កែ សួនសុភី ថ្នាក់ដឹកនាំ និងសមាជិកនៃអនុគណៈកម្មការនីមួយៗ បានបន្តបង្កើនសកម្មភាពរបស់ខ្លួន ទាំងតាមរយៈកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដាក់ចេញទិសដៅអាទិភាពបន្ត ព្រមទាំងការចុះរៀបចំកែលម្អបន្ថែមទៀត នៅតាមបណ្ដាទីតាំងសំខាន់ៗដែលពាក់ព័ន្ធដល់ការរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យឆ្នាំ២០២៣។

ចូលសប្ដាហ៍ទី៣នៃខែកុម្ភៈ ឆ្នាំ២០២៣ គឺនៅថ្ងៃទី១៦ ខែកម្ភៈ ឯកឧត្តម កែ សួនសុភាព និងលោកជំទាវប្រធានប្រតិបត្តិ និងលោកជំទាវ កែ សួនសុភី អនុប្រធានគ្រប់គ្រងព្រឹត្តិការណ៍ នៃគណៈកម្មការចូលឆ្នាំបន្ទាយឆ្មារ អមដំណើរដោយ ប្រធាន អនុប្រធាន គណៈកម្មការ ព្រមទាំងសមាជិក បានបន្តចុះត្រួតពិនិត្យទីតាំងទាំង៦ ភ្ជាប់នឹងសកម្មភាពការងាររបស់អនុគណៈកម្មកាទាំង៩ នៃកម្មពិធីចូលឆ្នាំបន្ទាយឆ្មារ។

បន្ទាប់ពីគណៈកម្មការប្រតិបត្តិចុះពិនិត្យដល់ទីតាំងហើយនោះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា រួមជាមួយឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ឆ្នាំ២០២៣ បានបន្តដឹកនាំកិច្ចប្រជុំដើម្បីវាយតម្លៃលើវឌ្ឍនភាពការងារនេះបន្ថែមទៀត។

សូមបញ្ជាក់ថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ ​បញ្ចស័ក ព.ស២៥៦៦ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ តើចូលឆ្នាំបន្ទាយឆ្មារ នឹងមានកម្មវិធីពិសេសៗអ្វីខ្លះ? សារព័ត៌មានត្រយង នឹងបន្តរាយការណ៍ជូនប្រិយមិត្តអ្នកអាននាពេលខាងមុខនេះ៕

Share.