សិល្បៈ​អន្តរជាតិ​៖​ R’Bonney Gabriel បវរកញ្ញា​ចក្រវាឡ​ឆ្នាំ​២០២២​និង​ជា​អតីត​បវរកញ្ញា​អាមេរិក​ចាំ​បាច់​ត្រូវ​តែ​ទ្រាំ​ទ្រ​នឹង​ភាព​ជូរចត់​​ក្នុង​​​ឋានៈ​ជា​ម្ចាស់​មកុដ​រាជិនី​សម្រស់​ចក្រវាឡ​ដែល​មិន​​ទទួល​បាន​ការ​សាទរ​ពី​សាធារណជន​។​​

សម្រាប់​ R’Bonney Gabriel ​នៅ​ក្នុង​ដំណើរ​ដំបូង​ក្នុង​នាម​ជា​ម្ចាស់​មកុដ​បវរកញ្ញា​​ហាក់​ដូច​ជា​មិន​រលូន​ប៉ុន្មាន​នោះ​ឡើយ ព្រោះ​ចាប់​តាំង​ពី​នាង​ធ្វើ​ដំណើរ​ទៅ​ដល់​ការិយាល័យ​ JKN Global Group ក្នុង​ក្រុង​បាងកក​ប្រទេស​ថៃ​ គ្រប់​យ៉ាង​អាច​ចាត់​ទុក​បាន​ថា​ជា​ការ​បរាជ័យ​។

ក្រុមហ៊ុន​ដែល​​មាន​ម្ចាស់​ជា​មហាសេដ្ឋី​ភេទ​ទី៣​ថៃ​ Anne Jakrajutatio សង្ឃឹម​ថា​បវរកញ្ញា​ចក្រវាឡ​របស់​ខ្លួន​នឹង​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កុះករ​ពី​អ្នក​គាំទ្រ​ ប៉ុន្តែ​ភាព​ពិត​អ្វី​ដែល​ជា​ក្ដី​សង្ឃឹម​គឺ​ផ្ទុយ​គ្នា​ស្រឡះ។

​សារព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​ថា​ការ​ដែល​អ្នក​ច្នៃ​ម៉ូដ​វ័យ​២៨​ឆ្នាំ​និង​ជា​ម្ចាស់​តំណែង​រាជិនី​កំពូល​សម្រស់​លំដាប់​ចក្រវាឡ​មិន​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​អ្នក​គាំទ្រ​នោះ​គឺជា​ភស្តុតាង​បញ្ជាក់​ច្បាស់​ណាស់​ថា​សាធារណជន​មិន​ពេញ​ចិត្ត​​ឬ​គាំទ្រ​ចំពោះ​តំណែង​ដែល​នាង​បាន​ទទួល​នោះ​ឡើយ ព្រោះ​ជោគជ័យ​របស់​នាង​កើត​មាន​បញ្ហា​ចម្រូងចម្រាស​ជា​ច្រើន​។

ស្ថាប័ន​បវរកញ្ញា​ចក្រវាឡ​កំពុង​ប្រឈម​មុខ​បញ្ហា​ធំ​មួយ​ទៀត​ ព្រោះ​តែ​មក​ដល់​បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​មាន​ក្រុមហ៊ុន​ឬ brand ផលិត​ផល​ណាមួយ​ទាក់ទង​ចង់​បាន R’Bonney ទៅ​ថត​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ឬ​ចូលរួម​ក្នុង​កម្មវិធី​ណាមួយ​​នោះ​ឡើយ​ ដែល​បញ្ហា​នេះ​គឺជា​រឿង​ចម្បង​មួយ​សម្រាប់​អាយុ​ជីវិត​នៃ​​វេទិកា​ប្រកួត​សម្រស់។​​​​​​​​​​​

បញ្ហា​សំខាន់​មួយ​ទៀត​ដែល​ធ្វើ​ឱ្យ​មួយ​រយៈ​ចុង​ក្រោយ​នេះ​កម្មវិធី​ប្រកួត​សម្រស់​បាត់​បង់​ប្រជាប្រិយភាព​និង​ការ​គាំទ្រ​ដោយ​សារ​តែ​ម្ចាស់​នៃ​កម្មវិធី​ចាប់​ផ្ដើម​មាន​សិទ្ធិ​អាទិភាព​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​អ្នក​ឈ្នះ​ដែល​នេះ​គឺ​ជា​រឿង​ដែល​សាធារណជន​មិន​សូវ​ពេញ​ចិត្ត​នោះ​ឡើយ​៕

ប្រភព៖ musicmundial.com

Share.