សិល្បៈ​ជាតិ​៖ តារា​ចម្រៀង​​ខ្ពស់​ស្រឡះ​លោក​ ជី ដេវីត និង​គូស្នេហ៍​កញ្ញា ទេព បូព្រឹក្ស ក្រោយ​​សាង​ទំនាក់ទំនង​ស្នេហា​ផ្អែមល្ហែម​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ​ នៅពេល​នេះ​ចំណង​ស្នេហា​របស់​អ្នក​ទាំងពីរ​កាន់​តែ​រឹងមាំ​និង​ផ្អែមល្ហែម​ថែម​ទៀត​ ព្រោះ​ទើប​នឹង​​ទទួល​បាន​​កូន​ប្រុស​ដ៏​ស្រស់​ស្អាត​ម្នាក់​ជា​ចំណង​ដៃ​ស្នេហា​​​។

អ្នក​គាំទ្រ​នៅ​មិន​ទាន់​ភ្លេច​នៅ​ឡើយ​ទេ​កាល​ពី​ថ្ងៃ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២២ តារា​ចម្រៀង​ទេព បូព្រឹក្ស​បាន​ចេញ​មក​ប្រកាស​ជា​ផ្លូវ​ការ​ថា​អ្នក​នាង​កំពុង​តែ​ពពោះ​កូន​ដំបូង​ជាមួយ​នឹង​គូស្នេហ៍​​គឺ​លោក ជី ដេវីត ដែល​ដំណឹង​នេះ​ធ្វើ​ឱ្យ​មហាជន​ ជា​ពិសេស​អ្នក​គាំទ្រ​របស់​អ្នក​ទាំង​ពីរ​រំភើប​ចិត្ត​ជា​ខ្លាំង​។​

គូស្នេហ៍​ដែល​តែង​តែ​បង្ហាញ​ក្ដី​ស្រលាញ់​ដោយ​មិន​លាក់លៀម​រហូត​​មាន​ពេល​ខ្លះ​ធ្វើ​ឱ្យ​អ្នក​អត់​គូ​លួច​ច្រណែន​នោះ​ ទើប​នឹង​​ទទួល​ស្វាគមន៍​សមាជិក​ថ្មី​ ក្រោយ​ពេល​ដែល​អ្នក​ម៉ាក់​ ទេព បូព្រឹក្ស​សម្រាល​កូន​ប្រុស​ដោយ​សុខ​សុវត្ថិភាព​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​ម្សិលមិញ​នេះ។

​ម្ចាស់​បទ​«​ចុម​អា​អូន​អត់​ដេក»​បាន​ចែក​រំលែក​ដំណឹង​ដ៏​រីករាយ​នេះ​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ភ្ជាប់​ជាមួយ​នឹង​ពាក្យ​ក្នុង​ចិត្ត​ថា​៖««​ស្វាគមន៍​កូន​ប៉ា​ៗ​មក​កាន់​ពិភពលោក កូន Dinosaur ជំរាបសួរ​អ៊ុំ​ពូ​មីង លោក​តា​លោកយាយ សូម​ផ្តល់​ក្តី​ស្រលាញ់​អោយ​អូន​ផង អូន​ឈ្មោះ ៖ ទេព បញ្ច​វ​រាប ហៅ​ក្រៅ ( Albert ) អូន​សុខភាព​ល្អ និង​សង្ហា​ដូច​ប៉ា​ៗ​អូន ហើយ​ម៉ាក់​ផ្តាំ​ថា M/V ( Goddess ) កាល​អូន​នៅ​ក្នុង​ពោះ​នឹង Post នៅ​ថ្ងៃស្អែក​ម៉ោង​៧​យប់ នៅ Page ម៉ាក់​ៗៗ»​។ ​

ក្រោយ​តារា​ចម្រៀង​រូប​នេះ​បង្ហោះ​ពាក្យ​ពេចន៍​ក្នុង​ចិត្ត​រួច​គេ​ឃើញ​មាន​តារា​ចម្រៀង​ តារា​សម្ដែង​ ពិធីករ​ជា​ច្រើន​រូប​បាន​ចូលរួម​អបអរសាទរ​ដល់​លោក​ប៉ា​អ្នក​ម៉ាក់​ថ្មោង​ថ្មី​ ដោយ​ក្នុង​នោះ​ដែរ​ក៏​មាន​មហាជន​និង​អ្នក​គាំទ្រ​របស់​តារា​ទាំង​ពីរ​ដួង​ចូលរួម​អបអរសាទរ​ចំពោះ​វត្តមាន​របស់​កូន​ប្រុស​តូច​របស់​អ្នក​ទាំង​ពីរ​ផង​ដែរ​។

Share.