សិល្បៈ​ជាតិ​៖​ មុន​នេះ​បន្តិច​សារព័ត៌មាន​ត្រយង​ បាន​ទទួល​ដំណឹង​មក​ថា​ តារា​កំប្លែង​ នាយ​ក្ដឹប​ បាន​ទទួល​មរណភាព​នា​យប់​ថ្ងៃទី​ ១៨​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៣​ នេះ​ បន្ទាប់​ពី​សភាព​ជំងឺ​ប្រចាំ​កាយ​របស់​លោក​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន​ រហូត​មិន​អាច​ព្យាបាល​បាន​។​

ផ្អែក​លើ​ហ្វេសប៊ុក​របស់​កូន​ស្រី​នាយ​ ក្ដឹប​ បាន​ប្រាប់​ដំណឹង​មក​កាន់​មហាជន​ថា​ ៖​ «​ឪពុក​របស់​ខ្ញុំ​គាត់​បាន​ស្លាប់​ លា​ចាក​លោក​ចោល​ពួក​ខ្ញុំ​ហើយ​ នា​វេលា​ម៉ោង​ ​9​ និង​ 45​ នាទី​ថ្ងៃ​ទី​ 18​ ខែ​កុម្ភៈ​ 2023​»​។​

មុន​ពេល​ទទួល​មរណភាព​កូន​ស្រី​ នាយ​ក្ដឹប​ ក៏​បាន​ប្រាប់​ពី​ស្ថានភាព​ជំងឺ​ឪពុក​ឱ្យ​មហាជន​បាន​ដឹង​ដែរ​ថា​ លោក​មាន​រាងកាយ​ទ្រុឌទ្រោម​ និង​ដុន​ដាប​ ហើយ​សភាព​រោគ​ជំងឺ​ក៏​កាន់​តែ​ធ្ងន់ធ្ងរ​ នៅ​សល់​តែ​ការ​រង់​ចាំ​ពេល​វេលា​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ​។​ កន្លង​មក​ នាយ​ក្ដឹប​ ធ្លាប់​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា​ ទឹក​ក្នុង​សួ​ត​ ជំងឺ​បេះដូង ​លើស​ឈាម​ ដាច់​សរសៃ​ឈាម​ ស្លាប់​មួយ​ចំហៀង​ខ្លួន​ជា​ដើម និង​ធ្លាប់​បាន​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ជា​ច្រើន​ដង​ផង​ដែរ​។​

ក្រោយ​ពី​ទទួល​បាន​ដំណឹង​ដ៏​សែន​ក្រៀម​ក្រំ​នេះ មហាជន​ និង​សិល្បករ​ជា​ច្រើន​នាក់​ បាន​ចូល​រួម​សោកស្ដាយ​ចំពោះ​ការ​បាត់​បង់​អ្នក​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព​ប្រចាំ​ប្រទេស​។​ លោក​ ហេង​ ឡុង​ ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​ ក៏​បាន​បង្ហោះ​រំលែក​ទុក្ខ​ដែរ​ថា​ ៖ «​ខ្ញុំ​បាទ​ និង​សិល្បករ​ សិល្បការិនី​ សូម​ចូល​រួម​រំលែក​មរណទុក្ខ​ចំពោះ​គ្រួសារ​នាយ​ក្ដឹប​ ដែល​បាន​ចែក​ឋាន​នៅ​វេលា​ម៉ោង​ 9​ និង​45​ នាទី​ យប់​ នៅ​ថ្ងៃទី​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២៣​ សព​តម្កល់​នៅ​ផ្ទះ​របស់​គាត់​។​ សូម​បង​ប្អូន​ចូល​បុណ្យ​តាមរយៈ​ទូរស័ព្ទ​កូន​របស់​គាត់​ផ្ទាល់​លេខ​ 011212217»។

សូម​ជម្រាប​ថា​ នា​រាត្រី​ថ្ងៃ​ទី​ ១៨​ នេះ​ ក្រុម​គ្រួសារ​របស់​នាយ​ ក្ដឹប​ កំពុង​រៀប​ចំ​ពិធី​បុណ្យ​សព​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​៕​

Share.