អាជ្ញាធរស្រុកពាមរក៍ បានសម្រេចបិទផ្សារអ្នកលឿងជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ក្រោយរកឃើញអាជីវករ ២នាក់ប្ដីប្រពន្ធ វិជ្ជមានកូវីដ១៩ នៅព្រឹកថ្ងៃទី ២៧ ខែមិថុនា ២០២១។

យ៉ាងណាមិញ អាជ្ញាធរ បានឲ្យដឹងថា ការបិទផ្សារអ្នកលឿងជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី ២៧ មិថុនា ដល់ថ្ងៃទី១០ ខែកក្កដានេះ គឺមិនបានបិទផ្សារទាំងមូលនោះទេ គឺបិទតែស្តង់ ឬតូបនៅខាងក្នុងផ្សារប៉ុណ្ណោះ ដោយឡែកតូប និងស្តង់តូចៗ ដែលនៅខាងក្រៅជុំវិញផ្សារ គឺមិនបានបិទនោះទេ។

ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ អាជ្ញាធរស្រុកពាមរក៍ បានចុះអប់រំផ្សព្វផ្សាយណែនាំដល់អាជីវករ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺ អនុវត្តន៍វិធានការ ៣កុំ ៣ការពារ ក៏ដូចជាការណែនាំនានា របស់រាជរដ្ឋាភិបាលកម្ពុជា។ 

គួរបញ្ជាក់ថា អាជីវករដែលបានឆ្លងជំងឺកូវីដ១៩ លើពីរនាក់ប្ដីប្រពន្ធ គឺបុរសជាប្តីឈ្មោះ លី ឆេង អាយុ 65 ឆ្នាំ បានរកឃើញវិជ្ជមានជំងឺកូវីដ19 កាលពី រសៀលថ្ងៃទី 25មិថុនា លុះស្អែកឡើងថ្ងៃទី 26 មិថុនា ក៏បន្តរកឃើញស្ត្រីជាប្រពន្ធឈ្មោះ ចាន់ផេង អាយុ 62 ឆ្នាំមានលទ្ធផលតេស្តវិជ្ជមានជំងឺ កូវីដ19 ដែរ ហើយអ្នកទាំងពីរត្រូវបានក្រុមគ្រូពេទ្យ យកមកដាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកអ្នកលឿង ភ្លាមៗបន្ទាប់ពីពិនិត្យឃើញវិជ្ជមានជំងឺ covid-19។

កាលពីថ្ងៃទី២៦ ខែមិថុនា ម្សិលមិញនេះ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៤នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ និងមកពីខេត្តកណ្ដាលចំនួន ១នាក់៕ 

សូមទស្សនាវីដេអូ៖ អាជ្ញាធរប្រកាសការបិទផ្សារអ្នកលឿង ត្រង់ Link នេះ

Share.