ចូល​ដល់​សតវត្សទិ២១ ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​កាន់​តែ​​ជឿន​លឿន និង​មាន​ភាព​ទូលំទូលាយ​ទាំង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ រហូត​ដល់​ការ​បំពេញ​ការងារ​ពីចម្ងាយ​ដោយ​ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Remote Work Security) បាន​ក្លាយ​ជាជម្រើសដ៏ពេញនិយម ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ស្រប​ពេល​មាន​ការ​រីក​ចម្រើសបច្ចេកវិទ្យាឌីជីថល ​ក្នុងពេលទន្ទឹមគ្នានេះ ហា​និភ័យ​ក៏បាន​កើត​មាន​ឡើង​ជា​បន្តបន្ទាប់ តួយ៉ាងដូច​ជា​ការលួចយកទិន្នន័យ ការស្កាត់ស្ទាក់ចរាចរណ៍ទិន្នន័យការ​លួច​ជ្រៀតចូលប្រព័ន្ធ ការចម្លងមេរោគ និងអំពើល្មើសមួយចំនួនផ្សេងទៀត ដែល​ផ្តល់​ប៉ះ​ពាល់​ផ្ទាល់ ឬប្រយោល ដល់បុគ្គល ឬស្ថាប័នផងដែរ។

ដើម្បី​សុវត្ថិភាព ការ​បំពេញ​ការងារ​ពីចម្ងាយ​ដោយ​ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ខាង​ក្រោម​នេះ​ជា​វិធី​សាស្ត្រ​ការពារមូលដ្ឋាន ចំនួន៥ ដែល​អ្នកត្រូវ​អនុវត្ត៖

១. ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញ Wi-Fi សាធារណៈដើម្បីធ្វើការបញ្ជូនទិន្នន័យ ទូរ​ទាត់​ប្រាក់ ទំនាក់ទំនង ឬដំណើរការប្រព័ន្ធសំខាន់ៗរបស់ស្ថាប័ន

២. ធ្វើការត្រួតពិនិត្យឧបករណ៍តភ្ជាប់មកកាន់ហេដ្ឋារចនាសម្ព័ន្ធណេតវើករបស់ស្ថាប័ន ដើ​ម្បី​ពិនិត្យ​ការអនុឡោមតាមបទដ្ឋានសុវត្ថិភាព (ធ្វើបច្ចុប្បន្នភាពកម្មវិធី បានដំឡើង​កម្មវិធី​កម្ចាត់​មេរោគ ប្រព័ន្ធប្រតិបត្តិការមានអាជ្ញាប័ណ្ណត្រឹមត្រូវ)។

៣. ដំឡើងកូដនីយកម្ម (Encryption) សម្រាប់ទំនាក់ទំនង ផ្លាស់ប្តូរទិន្នន័យ និងដំណើរការប្រព័ន្ធ ពីខាងក្រៅ។ បច្ចេកវិទ្យា Virtual Private Network (VPN) បាន​ដើរ​តួរ​យ៉ាង​សំខាន់​ក្នុង​ការ​តភ្ជាប់​រវាង​អ្នក​ប្រើប្រាស់ខាងក្រៅចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធណេតវើក ឬប្រព័ន្ធរបស់ស្ថាប័ន ដោយ​គាំ​ពារ​ចរាចរណ៍ទិន្នន័យដោយប្រើប្រាស់ច្រកសុវត្ថិភាព (Security Tunnel)។

៤. ចែករំលែកព័ត៌មាន និងចំណេះដឹងអំពីសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត ជូន​ដល់​បុគ្គលិក​ជា​ប្រចាំ ដោយរៀបចំយន្តការប្រឹក្សាយោបល់ និងទទួលសេចក្តីរាយការណ៍ពីបុគ្គលិកផងដែរ។

៥. ដំឡើងអភិបាលកិច្ចសន្តិសុខបច្ចកវិទ្យាឌីជីថល ធ្វើការពិនិត្យតាមដាន និងឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធភាព។

កំណត់សម្គាល់៖ ចូរប្រើប្រាស់ VPN ដែលទទួលស្គាល់ត្រឹមត្រូវពីស្ថាប័ន បើមិនដូច្នេះទេ អ្នក​ក៏​អាច​ក្លាយ​ជាជនរងគ្រោះនៃការលួចយក ទិន្នន័យពីសំណាក់ជនខិលខូចផងដែរ៕

ប្រភព៖ ក្រុមការងារព័ត៌មានវិទ្យា

Share.