ក្នុងករណីអាជ្ញាធរពិនិត្យឃើញថា អាជីវករខកខាន ឬគេចវេសមិនបានទៅយកសំណាក ហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធ ជាមួយអាជីវករលក់ដូរនៅផ្សារអូរឫស្សី ដែលមានផ្ទុកជំងឺកូវីដ១៩នោះ អាជ្ញាធរមិនអនុញ្ញាតឲ្យអាជីវករ ដែលមិនបានទៅយកសំណាករកជំងឺនោះ ចូលប្រកបអាជីវកម្មលក់ដូរ នៅពេលដែលបើកដំណើរការផ្សារឡើងវិញឡើយ។នេះបើយោងទៅលើសេចក្តីជូនដំណឹងរបស់របស់រដ្ឋបាលខណ្ឌ៧មករា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ។ក្នុងនោះឲ្យអាជីវករនៅផ្សារអូរឫស្សីទាំងអស់ទៅយកសំណាករកជំងឺកូវីដ១៩ នៅវិទ្យាល័យបាក់ទូក។

Covid19-Orersey-Market

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ៧មករា បានឲ្យដឹងថា នៅពេលទៅយកសំណាកអាជីវករទាំងអស់ ត្រូវបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្ន​ ដែលខ្លួនកំពុងរស់នៅឲ្យបានច្បាស់លាស់ ជូនក្រុមគ្រូពេទ្យពិនិត្យសំណាកនៅវិទ្យាល័យបាក់ទូក។

គិតត្រឹមថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ យ៉ាងហោចណាស់មានអាជីវករ ១២នាក់ និងសន្តិសុខ៤នាក់ នៅផ្សារអូរឫស្សី ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់។ ក្រោយពីការរកឃើញករណីឆ្លងកូវីដ១៩ នៅក្នុងផ្សារអូរឫស្សីរួចមក អាជ្ញាធរបានសម្រេចបិទផ្សារនេះ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៧ ខែមេសាឆ្នាំ ២០២១៕

Share.