ភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្លាប់អណ្តែតទឹកស្រះ បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅស្រះទឹក រណ្តៅដីតាសុន ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាកសព ក្រោយពីស្រង់ឡើងគោក សមត្ថកិច្ច ត្រួតពិនិត្យ រកឃើញអត្តសញ្ញាណប័ណ្ណនៅជាប់ខ្លួន មានឈ្មោះ រីម ស៊ីយ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិមាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ  ។ ក្នុងសម្លៀកបំពាក់ ស្លៀកខោយឺតជើងខ្លី ពាក់អាយឺត បង្កង់ ដៃវែង ។ អតីតធ្វើការជាកងសន្តិសុខ BSP ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បើតាមបងប្អូនអ្នកភូមិខាងលើបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ប្រទះឃើញសាកសព មនុស្សប្រុស ស្លាប់អណ្តែតទឹក មិនដឹងថា ជាអ្នកដាក់មង រកត្រី ឬយ៉ាងណានោះទេ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ។

ក្រោយពីប្រទះឃើញសាកសពអណ្តែតទឹកស្រះ អាជ្ញាធរមូលដ្ឋាន បានដើរប្រកាសផ្សព្វផ្សាយ ជូនដល់ ពលរដ្ឋក្នុងមូលដ្ឋានក្រែង មានគ្រួសារណាបាត់សមាជិកគ្រួសារ ចុះរកត្រី ក្នុងស្រះ ហើយលង់ស្លាប់ ក៏ប៉ុន្តែ ពលរដ្ឋ រស់នៅជុំវិញនោះ ពុំមានគ្រួសារណាបាត់សមាជិកគ្រួសារឡើយ ។

បើតាមសមត្ថកិច្ចជំនាញ បានឲ្យដឹងថា សាកសពបុរសខាងលើស្លាប់ដោយសារលង់ទឹក ។ ដោយរកសាច់ញាតិមិនទាន់ឃើញ សមត្ថកិច្ចដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា ដើម្បីស្វែងរកសាច់ញាតិ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Share.