ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត អឹមជី ស៊េរីទំនើបមួយគ្រឿង សង្ស័យបើកលឿន បួងចង្កូតមិនផុត បានរេចង្កូតបុកឡើងខឿនរង្វង់មូលកងព្រហ្ម បណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ទីតាំងកើតហេតុ ស្ថិតនៅចំណុចរង្វង់មូលកងព្រហ្ម ស្ថិតនៅក្នុងសង្កាត់ជ្រោយ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក MG ( អឹមជី ) មានពណ៌ស ដែលមានផ្លាកលេខ ភ្នំពេញ2BJ-0781 បានបើកបរក្នុងល្បឿនលឿន តាមបណ្តោយផ្លូវភ្លោះសម្តេចជាស៉ីម ក្នុងទិសដៅពីត្បូងទៅជើង។ 

លុះមកដល់ផ្លូវកោង ក្បែររង្វង់មូលកងព្រហ្ម សង្ស័យបួងចង្កូតមិនផុត បណ្តាលឲ្យរថយន្ត ជ្រុលចង្កូតបុកឡើង ខឿនសួនច្បាររង្វង់មូលកងព្រហ្មតែម្តង។ នៅក្នុងហេតុការណ៍ថ្នាក់ចរាចរណ៍ខាងលើនេះ មិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ជាក់ស្តែងខូចខាតតែខឿនបែកថ្មមួយកង់ និងស្មៅសួនច្បារ ព្រមទាំងដាច់កាឡេកង់ និងខូចខាតថ្ពាល់ខាងមុខនៃរថយន្តតែប៉ុណ្ណោះ។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង ព្រមទាំងបានស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយ តាមនីតិវិធីច្បាប់នៅពេលក្រោយ៕

Share.