នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា លោកនឹងរំលាយសភានៅខែ មីនា ដែលជាវិធានការត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នាថ្ងៃ ពុធ ទី ២២ ខែ ​មីនា ឆ្នាំ ២០២៣។

លោក ប្រាយុទ្ធ បានប្រាប់អ្នកយកព័ត៌មានថា លោកបានជូនដំណឹងដល់គណៈរដ្ឋមន្រ្តីនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃ អង្គារ អំពីចេតនារបស់លោកក្នុងការរំលាយសភាតំណាងរាស្រ្តនៅដើមខែ ​មីនា ឆ្នាំ ២០២៣ ដែលជាសញ្ញាច្បាស់លាស់បំផុត ដោយអនុលោមតាមពេលវេលាកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ការរៀបចំការបោះឆ្នោតជាតិអាណត្តិថ្មីនៅថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២៣។

ចំណាត់ការរបស់លោក ប្រាយុទ្ធ អាចជាការទិញពេលវេលាសម្រាប់គណបក្សថ្មីរបស់លោក ដើម្បីធ្វើយុទ្ធនាការ និង ជ្រើសរើសសមាជិកឲ្យឈរឈ្មោះ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃ អង្គារ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៣ លោក វិស្ណុះ គ្រឿង៉ាម ឧបនាយករដ្ឋមន្រ្តីថៃបានថ្លែងបញ្ជាក់អំពីពេលវេលាកំណត់នៃការរៀបចំការបោះឆ្នោតរបស់រដ្ឋាភិបាលចាំផ្ទះ នឹងត្រូវប្រកាសនៅក្នុងខែ មីនា ខាងមុខ ខណៈកាលបរិច្ឆេទនៃការបោះឆ្នោតបច្ចុប្បន្នក៏នឹងត្រូវបានអនុលោមតាមការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២៣ ខាងមុខ។

នៅក្នុងការស្ទង់មតិនាពេលថ្មីៗនេះ លោក ប្រាយុទ្ធ បានតាមពីក្រោយលោកស្រី ភាតុងតាម ស៊ីណាវ៉ាត់ត្រា ដែលជាបេក្ខជនកំពូលមកពីគណបក្ស ភឿ ថៃ ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលត្រូវបានផ្ដួលរំលំក្នុងរដ្ឋប្រហារកាលពីឆ្នាំ ២០០៦។

សូមជម្រាបថា អតីតមេទ័ពដែលកំពុងរង់ចាំបន្ដការកាន់កាប់អំណាចរយៈពេល ៨ឆ្នាំ ដំបូងក្នុងនាមជាមេដឹកនាំរដ្ឋប្រហារនៅក្នុងឆ្នាំ ២០១៤ ហើយជាប់ឆ្នោតនៅឆ្នាំ២០១៩ ដោយបច្ចុប្បន្នលោក ប្រាយុទ្ធ គឺជាបេក្ខជនកំពូលនៃគណបក្សថ្មីដែលទើបបង្កើតសម្រាប់អាណត្តិក្រោយ៕

ប្រភព៖ Bloomberg

Share.