នៅក្នុងឆ្នាំ២០២២កន្លងទៅ មានបទល្មើសព្រហ្មទណ្ឌជារួម បានកើតឡើងចំនួន ២.៧៧០លើក ថយចុះចំនួន២៨៥លើក ស្មើ៩% ធៀបនឹងឆ្នាំ២០២១។ បើតាមរបាយការណ៍ក្នុងសន្និបាតក្រសួងមហាផ្ទៃ ក្នុងចំណោមបទល្មើសដែលបានកើតឡើងនោះ មានបទ​ឧក្រិដ្ឋ៦០៨ កើន១៩លើ​​កស្មើ ៣% និងបទ​​​​មជ្ឈិម ២.១៦២លើក ថយ៣០៤លើក ស្មើ១២%។

​​បទល្មើសក្នុងឆ្នាំ២០២២ បានបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន​២១៦នាក់​​ របួស៨១៨នាក់​​ រងគ្រោះ១.៧៤៧នា​ក់​ បាត់បង់រថយន្ត១៦គ្រឿង ម៉ូតូ២៨១គ្រឿង រួមទាំង សម្ភារៈ មាស​​​ ប្រាក់មួយ​ចំនួន។​ របាយការន៍ឱ្យដឹងថា សមត្ថកិច្ច បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបានបទល្មើសចំនួន ២.៥៥៦ករណី ស្មើ៩២% ឃាត់ខ្លួន៣.៨៨៩នាក់ ក្នុងនោះមានផ្ទុកសារធាតុ​ញៀន ១.២៤៥នាក់ ស្មើ ៣២%។ សម្រាប់បទឧក្រិដ្ឋ មាន៥៣០ករណី ឃាត់ខ្លួន ៨៤៦នាក់ និងបទមជ្ឈិម២.០២៦ករណី ឃាត់ខ្លួន ៣.០៤៣នាក់ ។

នៅឆ្នាំ២០២២កន្លងទៅនោះដែរ សមត្ថកិច្ច បានអនុវត្តដីកាឆ្នាំចាស់សរុប១៩១ដីកា មនុស្ស១៨៨នាក់ ក្នុងនោះដីការពាក់ព័ន្ធនឹងបទឧក្រិដ្ឋ៤៩ដីកា មនុ​ស្ស៤៧នាក់ និងបទមជ្ឈិម១៤២ដីកា មនុស្ស១៤១នាក់) ខណៈ​វត្ថុតាង​ និងជនល្មើស ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ក្រសួងបានកត់សម្គាល់ថាបទល្មើសដែលថយចុះរួមមានមាន រំលោភសេពសន្ថវៈ មនុស្សឃាតអចេតនា លួច ឆក់ ឆបោក-រំលោភទំនុកចិត្ត អំពើហិង្សា អំពើហិង្សាក្នុងគ្រួសារ និងបំពានខាងផ្លូវភេទៃដទៃទៀត។

នៅព្រឹកថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២០២២នេះ ក្រសួងមហាផ្ទៃ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០៣ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ សន្និបាតនេះបាននិងកំពុងប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទាំងកម្រិតនយោបាយ និងបច្ចេកទេស និងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍តថា កម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ក៏បានបន្តបង្កើនកិច្ចសហការក្នុងការថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម តាមរយៈការលើកកម្ពស់វិធានការជំនាញដើរទន្ទឹមនឹងការខិតខំជំរុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងការអនុវត្ត «គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលជាហេតុធ្វើឱ្យបទល្មើស មានការថយចុះ ៩% ជាមួយនឹងលទ្ធផលបង្ក្រាបបទល្មើសមានកម្រិតខ្ពស់ រហូតដល់ ៩២% ។

សម្ដេចបន្ថែមថា ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវយុទ្ធនាការប្រតិបត្តិការព្រមៗគ្នា ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប្រតិបត្តិការចុះធ្វើអធិការកិច្ច ហត្ថពលកម្មបរទេស ប្រតិបត្តិការប្រយុទ្ធប្រឆាំងសកម្មភាពលាងសម្អាតប្រាក់ ការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រុមក្មេង ទំនើងតាមសហគមន៍ រួមទាំងបទល្មើសផ្សេងៗទៀត ក៏ត្រូវបានចាត់តាំង អនុវត្តយ៉ាងសកម្មផុលផុស សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់៕

Share.