សិល្បៈជាតិ៖ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ រឿងភាគ «អប្សរាមហាអង្គរ» ដែលដឹកនាំសម្ដែងដោយឯកឧត្តម ហ្វៃ សំអាង និងជាវណ្ណកម្មថ្មីរបស់ទូរទស្សន៍ហង្សមាស បានប្រកាសក្រុងពាលីសុំការអនុញ្ញាតបើកកាមេរ៉ាដំណើរការថតនាព្រឹកនេះហើយ។

ក្នុងនោះដែរ គេឃើញមានតារាសម្ដែងប្រុសស្រីជាច្រើនដួងបានគ្រងឈុតគ្រឿងអលង្ការបុរាណក្នុងរឿង និងបានចូលរួមសម្ដែងដូចជា លោក ទេព រិនដារ៉ូ លោក ពៅ ពិសិដ្ឋ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី លោក លឹម ជាឡាយ លោក សួន ពិសិដ្ឋ លោក ឆឹម ស័ក្ដដា កញ្ញា កែវ ឡាវិញ កញ្ញា អ៊ិន ម៉ូលីកា កញ្ញា ជីលី ទេវី កញ្ញា ប៉ូ គឹមថេងសុធីតា លោក រស់ សុភ័ណ្ឌ កញ្ញា ប៊ី សុធារី លោក ទ្រី ដារ៉ាវុធ អ្នកនាង សារ៉ាយ ស័ក្កណា លោក អេដវីន លោក សន ពិសិដ្ឋ អ្នកនាង ផាត់ ផាន់ណា លោក ណាក់ ពិសី កញ្ញា ណាក់ ស្រីណា កញ្ញា សឹម ស្រីនិច្ច និងតារាកិត្តិយសជាច្រើនរូបទៀត។

យ៉ាងណាមិញ ឯកឧត្តម ហ្វៃ សំអាង បានថ្លែងក្នុងពីធីក្រុងពាលីរឿង «អប្សរាមហាអង្គរ» ថា រឿងភាគបុរាណខ្មែរមួយនេះ គឺជាគំនិតច្នៃប្រឌិតបែបប្រវត្តិសាស្ត្រដែលបានចំណាយពេលនិពន្ធឡើងដល់ទៅ ៣ ឆ្នាំ និងបានសម្រិតសម្រាំងអត្តចរិតតួអង្គដល់ទៅ ១០០ តួផ្សេងៗគ្នា។ លោកបន្តថា នៅពេលនិពន្ធសាច់រឿងទាំងមូលបានអស់ហើយ អ្វីដែលពិបាកបំផុតនោះ គឺការជ្រើសរើសសំលៀកបំពាក់ និងគ្រឿងអលង្ការ ព្រោះតួនីមួយៗគឺមានការតុបតែងកាយខុសៗគ្នា និងជាពិសេសតួប្រជាជន ដែលជាហេតុលំបាកតម្រូវឱ្យលោកគិតច្រើន។

ឯកឧត្តម ហ្វៃ សំអាង បានបន្តទៀតថា សម្រាប់តួប្រុសៗនៅក្នុងរឿង គឺលោកតម្រូវឱ្យមានកម្ពស់ស្ដង់ដាជាបុរសអង្គរ មានសាច់ដុំមាំមួន និងជាពិសេសត្រូវរៀនហាត់គុនល្បុក្កតោ ដែលជាគុណបុរាណខ្មែរក្នុងការពារខ្លួន និងធ្វើសឹកសង្គ្រាម។ រីឯតួស្រីៗនៅក្នុងរឿងវិញ លោកបន្តថា ត្រូវមានរូបសម្រស់ស្រស់ស្អាត មានទំងន់មិនលើសពី ៤៥ គីឡូ និងត្រូវហាត់របាំអប្សរារយៈពេល ១ ឆ្នាំពេញ ដូចជា កញ្ញា សឹម ស្រីនិច្ច កញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី កញ្ញា កែវ ឡាវិញ និងក្មួយស្រីអ្នកនាង លី ម៉ារីណា ជាដើម។
ឯកឧត្តម ហ្វៃ សំអាង បានបង្ហើបទៀតថា រឿងភាគមួយនេះ ក្រៅពីរំលេចតួអង្គអប្សរាគ្រប់រូបហើយនោះ រឿងនេះក៏បានលាតត្រដាងអំពីភាពរីកចម្រើនរបស់នគរខ្មែរនាសម័យមហាអង្គរ ដូចជាមានការប្រឡងជ្រើសរើសបណ្ឌិតអក្សរសាស្ត្រនៃព្រះនគរ និងភាពរីកចម្រើនផ្នែកសុខាភិបាលជាដើម។
សូមជម្រាបថា រឿងភាគ «អប្សរាមហាអង្គរ» គឺជារឿងភាគដំបូងរបស់កម្ពុជាដែលបានរំលេចនូវទិដ្ឋភាពនាសម័យមហាអង្គរ ហើយក៏ជារឿងភាគប្រវត្តិសាស្ត្រដំបូងគេបង្អស់ដែលមានតួអង្គរដល់ទៅ ១០០ នាក់បានចូលរួមសម្ដែង។ រឿងភាគនេះ មានការចូលរួមច្នៃប្រឌិត និងរចនាម៉ូដគ្រឿងអលង្ការពីសំណាក់លោក គួន មាឃ និងលោក លួង ផានិត ដែលអ្នកទាំងពីរគឺជាអ្នកច្នៃម៉ូដមកពីខេត្តសៀមរាប។ រឿងភាគមួយនេះ គ្រោងនឹងផ្ដិតយករូបភាពពីទីតាំងថតឆ្ងាយៗដែលមហាជនមិនធ្លាប់ទៅដល់និងទីតាំងគ្រប់ទីកន្លែងនៃព្រះរាជណាចក្រកម្ពុជាផងដែរ៕
