មនុស្សគ្រប់រូបនៅពេលពេញវ័យ ស្ទើរតែគ្រប់គ្នារមែងឆ្លងកាត់ការមានគូស្រករ ដែលជាដំណាក់កាលទី២ នៃដំណើរជីវិត កើត ការ និងកប់។ ម៉្លោះហើយដើម្បីរៀបអាពាហ៍ពិពាហ៍ឲ្យស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា បុរស នារី គួរឈ្វេងយល់នូវ នីតិវិធីនៃការសុំរៀបអាពាហ៍ពិពាហ៍ពីសាលាឃុំ សង្កាត់របស់ខ្លួន ដែលនីតិវិធីនេះនឹងបញ្ជាក់ជូនដូចខាងក្រោមនេះ៖ 

១.ការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍៖ បុរសនារី ដែលមានបំណងរៀបអាពាហ៍ពិពាហ៍ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្រ្តីអត្រានុកូលដ្ឋានឃុំ សង្កាត់ នៃលំនៅដ្ឋានសាមីខ្លួនខាងនារី។ នៅមុនពេលរៀបអាពាហ៍ពិពាហ៍បុរស និងនារី មានបំណង រៀបអាពាហ៍ពិពាហ៍ត្រូវធ្វើលិខិតបញ្ជាក់ពីឃុំ សង្កាត់ខាងលំនៅឋានរបស់ភាគីរៀងៗខ្លួន។ 

ភាគីទាំងពីរត្រូវភ្ជាប់នូវឯកសារមួយចំនួននៅពេលដាក់ពាក្យស្នើសុំ គឺត្រូវមានការយល់ព្រមពីឪពុក ម្ដាយ ឬអាណាព្យាបាលចំពោះអនីតិជន, ភស្ដុតាងនៃការរំលាយអាពាហ៍ពិពាហ៍មុន មានដូចជា (សាលក្រមលែងលះ ឬសាលក្រមស្ដីពីការបាត់ខ្លួន ឬសំបុត្រមរណភាព ឬមោឃភាពនៃអាពាហ៍ពិពាហ៍), សំបុត្របញ្ជាក់ថា បានគោរពវិធវភាព (ភាពមេមាយ) និងលិខិតបញ្ជាក់ពីមន្រ្ដីអត្រានុកូលដ្ឋាន ឬពីកន្លែងការងារថាខ្លួនពិតជានៅលីវ (លិខិតនេះហៅថា កិច្ចសន្យាសាមីជនកូនប្រុស កូនស្រី) ។

ក្រោយពីទទួលបានលិខិតបញ្ជាក់នៅលីវហើយ ដោយមានទាំងឪពុកម្ដាយនៅរស់ ឬអាណាព្យាបាលរួមជាមួយផង ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍នៅខាងឃុំ សង្កាត់ខាងភាគីនារី។ ក្រោយពីមេឃុំ ឬចៅសង្កាត់ទទួលពាក្យស្នើសុំនោះហើយក្នុងឋានៈលោកជាមន្រ្តី អត្រានុកូលដ្ឋាន ត្រូវចេញលិខិតអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ និងចេញប័ណ្ណប្រកាសសម្រាប់ការរៀបអាពាហ៍ពិពាហ៍ ឲ្យទៅភាគីទាំងពីរយកទៅបិទផ្សាយជាសាធារណៈ។ 

កត់សម្គាល់ថា មេឃុំ ចៅសង្កាត់ដែលបានចេញលិខិតបញ្ជាក់ភាពនៅលីវ ឬមេម៉ាយ ឬពោះម៉ាយនេះ ត្រូវមានបិទរូបថត ៤គុណ៦ ដែលថតចំពីមុខចំនួន១សន្លឹក ហើយលិខិតនេះ មានសុពលភាពត្រឹមរយៈពេល៣ខែគត់។ 

២.ការប្រកាសជាសាធារណៈ

មេឃុំ ចៅសង្កាត់ដែលមានមុខងារជាមន្ដ្រីអត្រានុកូលនៅក្នុងឃុំ ឬសង្កាត់ខាងស្រីរស់នៅ ជាអ្នកចេញសេចក្ដីសម្រេចអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ និងជាអ្នកចេញប័ណ្ណប្រកាសការរៀបអាពាហ៍ពិពាហ៍។ បណ្ណប្រកាសជាសាធារណៈ នៃអាពាហ៍ពិពាហ៍ដែលមានគម្រោងនឹងរៀបអាពាហ៍ពិពាហ៍ត្រូវតែបិទផ្សាយក្នុងរយៈពេល១០ថ្ងៃ។ ០១ច្បាប់ត្រូវបិទផ្សាយនៅលំនៅដ្ឋានខាងស្រី និងនៅសាលាឃុំ សង្កាត់ខាងស្រីហើយដូចគ្នាផងដែរ ត្រូវបិទផ្សាយនៅលំនៅដ្ឋាន និងនៅសាលាឃុំសង្កាត់ខាងប្រុស ដើម្បីឲ្យអ្នកមានប្រយោជន៍ ក្នុងអាពាហ៍ពិពាហ៍អាចប្ដឹងជំទាវនឹងអាពាហ៍ពិពាហ៍នេះ។ 

ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍

៣.ការប្ដឹងជំទាស់អំឡុងពេលធ្វើការប្រកាសជាសាធារណៈ

ប្រសិនបើមាននរណាម្នាក់ដាក់ពាក្យប្ដឹងជំទាស់ទៅនឹងគម្រោងរៀបអាពាហ៍ពិពាហ៍ មន្រ្តីនៃស្ថាប័នពាក់ព័ន្ធ ត្រូវដោះស្រាយបណ្ដឹងនោះឲ្យចប់សព្វគ្រប់សិន ទើបអាចរៀបអាពាហ៍ពិពាហ៍បាន។ ជនដែលមានផលប្រយោជន៍អាចជាសាច់ញាតិ ឪពុកម្ដាយ ឬអ្នកអាណាព្យាបាល ឬតតិយជនណាម្នាក់ ដែលអាចមានការពាក់ព័ន្ធជាមួយអាពាហ៍ពីពាហ៍ដោយផ្ទាល់ ដូចជាភាគីដែលគ្រោងរៀបអាពាហ៍ពិពាហ៍ ធ្លាប់ជាប្ដីប្រពន្ធរបស់ខ្លួន ហើយមកលួចរៀបអាពាហ៍ពិពាហ៍ជាថ្មី ឬធ្លាប់រស់នៅជាមួយគ្នាពីមុនដោយមិនបានរៀបអាពាហ៍ពិពាហ៍ជាដើម អាចប្ដឹងជំទាស់គម្រោងអាពាហ៍ពិពាហ៍ក្នុងចន្លោះ១០ថ្ងៃ ចាប់ពីការបិទប័ណ្ណប្រកាសអំពីអាពាហ៍ពិពាហ៍ដែលគ្រោងនឹងរៀបចំនោះ។ យ៉ាងណាមិញ ក្នុងរយៈពេល១០ថ្ងៃនៃការប្រកាសអាពាហ៍ពិពាហ៍ជាសាធារណៈ មិនមានអ្នកប្ដឹងជំទាស់នោះទេ គឺពិធីមង្គលការការនោះអាចប្រព្រឹត្តិទៅបានធម្មតា។ 

នៅមានភាគបន្ដ និយាយពីមូលហេតុបណ្ដឹង និងការសម្រេចលើបណ្ដឹង !

Share.