ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បាននិយាយថា ឧស្សាហកម្មយោធារបស់ប្រទេសស៊ែប៊ី បានបង្កើនការផលិតអាវុធ និង គ្រាប់រំសេវ ដើម្បីបន្តបំពេញតម្រូវការកើនឡើងយ៉ាងខ្លាំងដោយសារជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នាថ្ងៃ ពុធ ទី ២២ ខែ មីនា ឆ្នាំ ២០២៣។

អំឡុងពេលទៅទស្សនាពិព័រណ៍អាវុធ IDEX នៅប្រទេសអារ៉ាប់រួម (UAE) លោក Vucic បាននិយាយថា «ពិភពលោកកំពុងត្រៀមរៀបចំសម្រាប់សង្រ្គាម។ មនុស្សគ្រប់គ្នាត្រូវការគ្រាប់រំសេវ អ្នករាល់គ្នាកំពុងទិញរបស់គ្រប់យ៉ាង អ្វីដែលយើងអាចធ្វើបានគឺការលក់អាវុធ។ លោកបន្ដថា ខ្ញុំមិនដឹងថា តើអាវុធទាំងនេះនឹងត្រូវបញ្ចប់នៅក្នុងសមរភូមិអ៊ុយក្រែននៅពេលណាទេ»។

ប្រធានាធិបតីស៊ែប៊ី បន្ថែមថា «តម្រូវការសម្រាប់របស់នានា ដូចជាគ្រាប់រ៉ុក្កែត សម្រាប់ប្រព័ន្ធបាញ់បង្ហោះពហុមុខងារ «Grad» បានកើនឡើង ៧០% ដោយកត់សម្គាល់ថា ទីក្រុង Belgrade កំពុងព្យាយាមពង្រីកការផលិតគ្រាប់រំសេវមួយចំនួនរបស់ខ្លួន។ លោក Vucic លើកឡើងថា យើងលក់គ្រាប់រំសេវដូចជា នំខេក អ៉ីចឹង»។

លោកបានអះអាងថា «រុស្ស៊ីប្រើប្រាស់រហូតដល់ ៣៥,០០០គ្រាប់ក្នុង១ថ្ងៃ ហើយអ៊ុយក្រែនបានប្រើប្រាស់ ១៦,០០០គ្រាប់»។ លោកបន្ដថា ប្រទេសស៊ែប៊ី កំពុងព្យាយាមទប់គ្រាប់រំសេវមួយចំនួនសម្រាប់តម្រូវការផ្ទាល់ខ្លួនដែរ។

លោក Vucic បានប្រាប់អ្នកយកព័ត៌មានថា «កងទ័ពរបស់យើង និងប្រទេសរបស់យើងត្រូវតែជាអាទិភាពចម្បង។ យ៉ាងហោចណាស់ ៣០% នៃអ្វីគ្រប់យ៉ាងដែលផលិតនៅក្នុងប្រទេស​ ស៊ែប៊ី ត្រូវតែទុកនៅក្នុងប្រទេស ស៊ែប៊ី។ យើងអាចលក់តែអ្វីដែលយើងអាចចែកចាយបានប៉ុណ្ណោះ មនុស្សគ្រប់គ្នាចង់ប្រយុទ្ធ គ្រប់គ្នាត្រូវតែត្រៀមខ្លួនសម្រាប់សង្រ្គាម»។

នៅពេលសួរអំពីស្ថានភាពនៅអ៊ុយក្រែន លោក Vucic បាននិយាយថា លោករំពឹងថានឹងមានការផ្លាស់ប្ដូរដ៏ល្អលើសមរភូមិ ក្នុងរយៈពេល ២ ទៅ ៣ថ្ងៃខាងមុខ ដែលអាចនាំឲ្យមានសម្ពាធពីលោកខាងលិចបន្ថែមទៀតលើប្រទេស ស៊ែប៊ី។ រហូតមកដល់ពេលនេះ លោក Vucic បានទប់ទល់នឹងការទាមទាររបស់សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ក្នុងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយទទូចលើអព្យាក្រឹតភាពយោធារបស់ទីក្រុង Belgrade នៅក្នុងជម្លោះដែលកំពុងបន្ដ។

សូមជម្រាបថា ការតាំងពិព័រការពារជាតិពិភពលោក IDEX 2023 ដែលប្រារព្ធឡើងនៅទីក្រុង Abu Dhabi គឺជា ពិព័រណ៍អាវុធដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ ព្រឹត្តិការណ៍សប្ដាហ៍នេះ មានអ្នកចូលរួមចំនួន ១,៣៥០នាក់ មកពី ៦៥ប្រទេស បន្ថែមពីលើគ្រាប់រំសេវ ប្រទេស ស៊ែប៊ី ក៏កំពុងផ្សព្វផ្សាយពីរថពាសដែក Lazar និង Milos ដែរ៕

ប្រភព៖ RT

Share.