ភ្នំពេញ ៖ នារីខ្មែរឥស្លាមម្នាក់ ខណៈដែលមានជំងឺប្រចាំកាយ ដេកសន្លប់នៅបន្ទប់ជួល ក្នុងសភាពទីទ័លក្រ ក្រុមគ្រួសារដង្ហោយហៅ ស្នើសុំក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ឲ្យជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និងនិង២០នាទីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបន្ទប់ជួលជាន់ទី១ ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អ្នកជំងឺមានឈ្មោះ ស្រេន វ៉ារីតា ភេទស្រី អាយុ១៥ឆ្នាំជនជាតិខ្មែរឥស្លាម រស់នៅជាមួយឪពុកឈ្មោះសាក់រ៉នីអាយុ ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួលនៅចំណុចខាងលើ មានស្រុកកំណើតភូមិជ្រៃហាយ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

បើតាមក្រុមគ្រួសារបានឲ្យដឹងថា ការរស់នៅបច្ចុប្បន្នស្ថិតក្នុងស្ថានជីវភាពក្រីក្រ កូនស្រីមានជម្ងឺប្រចាំកាយ មិនបានទៅរៀនសូត្រនឹងគេទេ កន្លងមកធ្លាប់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សុី មកដល់រសៀលថ្ងៃនេះ កូនស្រីជម្ងឺរើធ្វើទុក្ខ រកតែលុយទិញថ្នាំព្យាបាលកូនមិនបានផង ទើបដង្ហោយហៅ ស្នើសុំរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ៧០ ឲ្យជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.