លោក អួន ឡឺត ទៅ​លាង​ចាន​នៅ​ភោជនីយដ្ឋាន​ចិន​ពេល​លោក​ទើប​មក​ដល់​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩៨៣។ លោក​បាន​ខិតខំ​រៀនសូត្រ​យក​សញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យ Widener University នៅ​រដ្ឋ Pennsylvania ។ នៅ​ឆ្នាំ​២០០២​ លោក​បាន​ក្លាយ​ខ្លួន​ជា​បុគ្គលិក​ម្នាក់​ក្នុង​កង​ការពារ​សន្តិសុខ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ នេះបើតាមវីដេអូកិច្ចសម្ភាសន៍រវាងVOA និងលោក អួន ឡឺត ( ជនភៀសខ្លួន​ខ្មែរ​ម្នាក់​សរសេរ​សៀវភៅ​អំពី​ការ​តស៊ូ​រហូត​ដល់​បាន​ចូល​ធ្វើការ​ក្នុង​កងការពារ​ប្រធានាធិបតី​អាមេរិក (voanews.com)

បើតាមកិច្ចសម្ភាសន៍នោះ លោក អួន ឡឺត បានឱ្យដឹងថាលោកបានចូលបម្រើការងារជាកងការពារសន្តិសុខប្រធានាធិបតីអាមេរិក ចំនួន៤រូបរហូតដល់សព្វថ្ងៃ។ ប្រធានាធិបតីដែលលោក អួន ឡឺត បានការពារសន្តិសុខនោះ រាប់ចាប់តាំងពីលោកប្រធានាធិបតី ប៊ូស, អូបាម៉ា, ត្រាំ និងប្រធានាធិបតី ចូ បៃដិន នាបច្ចុប្បន្ន។ ក្នុងអាជីពជាកងសន្តិសុខប្រធានាធិបតីអាមេរិក លោកមានបទពិសោធប្រមាណ២០ឆ្នាំមកហើយ។

សារព័ត៌មានត្រយង សូមស្រង់យកផ្នែកខ្លះនៃកិច្ចសម្ភាសន៍របស់VOA ដែលលោក អួន ឡឺត ថ្លែងឱ្យដឹងថា «ខ្ញុំជួបមុខដំបូង គឺប្រធានាធិបតី ប៊ូស ខ្ញុំនិយាយមិនចេញទេ ដូចពាក្យគេថាក្ដិចខ្លួនឯងថាវាជាការពិតឬសុបិន មិនសង្ឃឹម! យើងមកពីស្រុក[ខ្មែរ]គ្មានស្អីអាលីង ឥលូវទៅឈរជិតមនុស្សដែលមានអំណាចលើពិភពលោក មិនមែនឈរធម្មតា មានការពារ មានទាំងកាំភ្លើង ឈរជិត»។

តាមរយៈភារកិច្ចជាសន្តិសុខប្រធានាធិបតី លោក អួន ឡឺត ក៏មានឱកាសមកប្រទេសកម្ពុជាជាលើកដំបូងជាមួយអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននាកាលណោះ។ លោករំលឹកថា«ឆ្នាំ២០១២ហ្នឹងជាលើកទីមួយហើយដែលខ្ញុំទៅ[កម្ពុជា]ជាមួយប្រធានាធិបតីអូប៉ាម៉ា។ កាលហ្នឹងខ្ញុំធ្វើការជាមួយឆ្កែដែរ។ កាប៉ាល់ហោះចុះចតពោធិ៍ចិនតុង ខ្ញុំក៏ចេះតែនឹកឃើញរឿងអតីតកាល»។

លោករម្លឹកថាពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកបានជួបមន្រ្តី និងបុគ្គលិកខ្មែរមួយចំនួន ហើយពួកគេមិនបានដឹងទេថាលោកជាខ្មែរ។ លោកបានរំលឹកប្រាប់លោក ប៉ូច រាសី អ្នកកាសែតជើងចាស់របស់VOAថា«ខ្ញុំមាឌធំជាងគេ អត់សក់ ដល់តែចាប់ផ្ដើមនិយាយទៅ គេថាអូហ៍បងឯងនិយាយខ្មែរច្បាស់ម្លេះ! ខ្ញុំថាខ្ញុំខ្មែរ! គេថាអូហ៍និយាយខ្មែរច្បាស់! ខ្ញុំថាខ្ញុំខ្មែរ! ខ្ញុំកើតស្រុកខ្មែរ រហូតជំនាន់ ប៉ុល ពត មកដល់អាមេរិក»។

បើគ្មានការប្រែប្រួលទេ យូរបំផុតនៅខែតុលា ឆ្នាំ២០២៣នេះ លោក អួន ឡឺត នឹងចូលនិវត្តន៍ពីការងារជាកងសន្តិសុខប្រធានាធិបតីអាមេរិកដែលជាការងារដំបូងបំផុតសម្រាប់កូនខ្មែរលើទឹកដីអាមេរិក។ ការចូលនិវត្តន៍ គឺជាឱកាសដែលលោកចង់វិលមកជួយមាតុប្រទេស ដោយលោកបានមានប្រសាសន៍ថា«គំនិតខ្ញុំហ្នឹងចង់ទៅស្រុកខ្មែរ ខ្ញុំស្រលាញ់ឆ្កែ ខ្ញុំចង់យកចំណេះដែលខ្ញុំរៀនហ្នឹងទៅបង្រៀននៅស្រុកខ្មែរយើង»។

លោក អួន ឡឺត បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​រៀបរាប់​អំពី​ដំណើរ​ជីវិត​របស់​លោក ដែល​មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា៖ «A REFUGEE’S AMERICAN DREAM From the Killing Fields of Cambodia to the U.S. Secret Service‍» ឬ​ជា​ខ្មែរ​ថា ‍«សុបិន​អាមេរិកាំង​របស់​ជន​ភៀសខ្លួន​ម្នាក់ ពី​វាលពិឃាត​នៅ​កម្ពុជា ដល់​កងការពារ​សន្តិសុខ​ប្រធានាធិបតី‍»៕

Share.