សមាគម​បាល់ទះ​វិសាខា បានប្រកាសនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែកុម្ភ: ឆ្នាំ២០២៣ ​ថា​​កីឡាករ វឿន វាសនា នឹង​ផ្ទេរ​​ទៅ​ចូលរួម​ជាមួយ​ក្លិប​បាល់ទះ Lavie Long An សមាជិក​​លីគ​បាល់ទះ​កំពូល​របស់​ប្រទេស​វៀតណាម រយៈពេលខ្លី។

បើយោងតាមការបញ្ជាក់របស់លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​បាល់ទះ​កម្ពុជា​បាន​លើក​ឡើងថា៖«កីឡាករ វឿន វាសនា នឹងផ្ទេរ​​ទៅ​ចូលរួម​ជាមួយ​ក្លិប​បាល់ទះ Lavie Long An របស់វៀតណាម ជាលើកទី២ ដោយឆ្នាំមុនតម្លៃខ្លួន១ម៉ឺនដុល្លារ ខណ:លើកនេះតម្លៃខ្លួនគុណនឹង២ ធ្វើឲ្យ វាសនា ក្លាយជាកីឡាករបាល់ទះខ្មែរដែលមានតម្លៃខ្លួនថ្លៃជាងគេ»។

ចំពោះទីផ្សារដោះដូរកីឡាកររបស់ វឿន វាសនា ទៅកាន់ក្លិបវៀតណាម គឺបានឆ្លងកាត់ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​, សហព័ន្ធ​កីឡាបាល់ទះអាស៊ី ក៏ដូចជាសហព័ន្ធ​កីឡាបាល់ទះ​ពិភពលោកផងដែរ។

គួរដឹងថាពានរង្វាន់​បាល់ទះ​ជើង​ឯក​នៃ​ប្រទេស​វៀតណាម ផ្នែក​បុរស​បាន​ចាប់​ពូល​រួចរាល់​ហើយ ដោយ​ពូល A មាន​ក្រុមSanest Khanh Hoa , Hanoi , Ha Tinh , City. Ho Chi Minh City និង Da Nang ហើយ​ពូល B មាន​ Ninh Binh LienVietPostBank , Binh Duong Building Materials , Bien Phong , The Cong និង Lavie Long An។

​កីឡាករ វឿន វាសនា ចេញ​ដំណើរ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ Lavie Long An នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង ៥:០០ព្រឹក ពោល​គឺ៨ម៉ោងប៉ុណ្ណោះ​ ក្រោយ​ចប់​បេសកម្ម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម U19 បារាំង​ទាំង​២​ជើង។

កាល​ពី​ឆ្នាំ​មុន វឿន វាសនា បាន​ចូលរួម​ជាមួយ​ក្រុម Lavie Long An ហើយ​បង្ហាញ​ខ្លួន​គ្រប់​ការ​ប្រកួត​ បន្ទាប់​ពី​រូប​គេ​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដណ្តើម​បាន​មេដាយ​សំរឹទ្ធិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ ក្នុង​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម៕

Share.