ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយកើតឡើង នៅផ្ទះ ដេរ លក់ ពូក សាឡុង ស្តុកពូក មួយកន្លែងស្ថិតនៅតាមផ្លូវលំ ក្រុម ៦ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខូចខាតអស់ទាំងស្រុង កាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ផ្តើមចេញពីទុស្សេខ្សែភ្លើង ខណៈដែលម្ចាស់មិននៅផ្ទះ ចាក់សោទុកចោល បង្កឲ្យផ្អើលឆោឡោ ពលរដ្ឋអ្នកភូមិ ក្បែរក្បែរខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចំនួន៥ គ្រឿងចេញទៅបន្តបន្ទាប់ ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សៀង ធារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ដេរ លក់ពូក សាឡុង មានប្រពន្ធឈ្មោះ ថន ស្រីនាង អាយុ៣៦ឆ្នាំ មានកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ មានទីលំនៅផ្ទះមួយកន្លែងទៀត ក្នុងភូមិខាង លើដែរ ។ផ្ទះកើតហេតុ សាងសង់អំពីថ្ម ប្រក់ស័ង្កសី ទំហំ៤ម៉ែត្រx១៦ម៉ែត្រ ដេរ លក់ ស្តុកពូក និងសាឡុង ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ផ្ទះខាងលើ ជាកន្លែងដេរ លក់ ស្តុក ពូក សាឡុង ពេលយប់ឡើងចាក់សោទុកចោល ទៅដេកសម្រាកនៅផ្ទះមួយកន្លែងទៀត ស្ថិតនៅក្នុងភូមិនោះដែរ ស្រាប់តែនៅព្រឹកថ្ងៃនេះ ពលរដ្ឋក្បែរខាងទូរស័ព្ទប្រាប់ រត់មកមើល ភ្លើងឆេះសន្ធោសន្ធៅបាត់ទៅហើយ ។

បើតាមប្រជាពលរដ្ឋផ្ទះក្បែរនោះ បានឲ្យដឹងថា ខណៈដែលម្ចាស់ចាក់សោផ្ទះទុកចោល មិនទាន់បានទៅបើកទ្វារផង ស្រាប់តែទុស្សេខ្សែភ្លើងចេញពីផ្នែកខាងមុខ ក្នុងផ្ទះ ផ្សែងខ្មួលឡើង ចេញជាអណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើង ផ្អើលអ្នកភូមិនាំគ្នាវាយគាស់ទ្វារចូល បាញ់ ជះទឹក យកបំពង់ពន្លត់អគ្គិភ័យបាញ់តែមិនទប់ទល់បាន រហូតដល់ឆេះអស់ទាំងស្រុង បាក់ស្រុតដំបូល ខ្ទេចអស់ទ្រព្យសម្បត្តិខាងក្នុង ។

គ្រោះអគ្គិភ័យខាងលើ ត្រូវបានបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ចេញទៅអន្តាគមន៍ បាញ់ទឹកអស់១រថយន្ត ភ្លើងរលត់ ឆេះខូចខាតអស់ផ្ទះទាំងស្រុង ការពារផ្ទះជិតខាងជាប់គ្នានោះបាន ៕

អត្ថបទ៖តាតុង សែនជ័យ

Share.