ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការរអិលបាក់ដីបានរំខានដល់ប្រតិបត្តិការជួយសង្រ្គោះនៅក្នុងឧប្បត្តិហេតុបាក់ស្រុតអណ្ដូងរ៉ែធ្យូងថ្មនៅក្នុងតំបន់ស្វ័យត Inner Mongolia ភាគខាងជើងប្រទេសចិន ដោយបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់, ៦នាក់រងរបួស និង មនុស្ស ៥៣នាក់កំពុងបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៣។

ឧប្បត្តិហេតុបាក់ស្រុតនេះបានកើតឡើងកាលពីថ្ងៃ ពុធ នៅឯអណ្ដូងរ៉ែមួយកន្លែងដែលដំណើរការដោយក្រុមហ៊ុន Xinjing Coal Mining។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានាធិបតីចិន លោក Xi Jingping បានបញ្ជាឲ្យបន្ដកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ និង ស្វែងរកអ្នកកំពុងបាត់ខ្លួនឲ្យបានឆាប់រហ័ស។ លោក ស៊ី បន្ថែមថា « យើងត្រូវតែខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីជួយសង្រ្គោះអ្នកបាត់ខ្លួន និង អ្នករងរបួស»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មុនពេលបាក់ស្រុត មានក្រុមជួយសង្រ្គោះចំនួន ៤នាក់ នៅទីនោះ ហើយក្រោយមកបានបញ្ជូនមនុស្សចំនួន ១០៩នាក់ ទៅជួយស្វែងរកអ្នកជាប់ក្នុងអណ្ដូងរ៉ែពេលវាបាក់ស្រុតភ្លាមៗ។

ក្រោយឧប្បត្តិហេតុ អាជ្ញាធរបានបញ្ជូនរថយន្ដពន្លត់អគ្គីភ័យចំនួន ៥១គ្រឿង អ្នកពន្លត់អគ្គីភ័យចំនួន ២២៣នាក់ និង សត្វសុនខចំនួន ៦ក្បាល ទៅកាន់កន្លែងកើតហេតុ។

ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្រ្តីចិន លោក Li Keqiang បានអំពាវនាវឲ្យមានការស៊ើបអង្កេតចំពោះមូលហេតុបាក់ស្រុតនេះជាបន្ទាន់។

សូមជម្រាបថា ធ្យូងថ្ម គឺជាថាមពលដ៏សំខាន់នៅក្នុងប្រទេសចិន ប៉ុន្ដែតំបន់ជីកអណ្ដូងរ៉ែ គឺជាតំបន់គ្រោះថ្នាក់ ដែលមានអ្នកស្លាប់ច្រើនបំផុតក្នុងពិភពលោក ដោយសារតែខ្វះខាតការអនុវត្តស្ដង់ដារសុវត្ថិភាព បើទោះបីជារដ្ឋាភិបាលបានបញ្ជាឲ្យកែលម្អប្រព័ន្ធការពារសុវត្ថិភាព និង លើកពីបញ្ហាគ្រោះថ្នាក់យ៉ាងណាក៏ដោយ៕

ប្រភព៖ CNA

Share.