«មានចំណុចមួយដែលខ្ញុំសុំបញ្ជាក់ ហើយសុំឱ្យបណ្ដាខេត្តជាប់ព្រំដែន បើទោះបីប្រទេសណាក៏ដោយ គឺដាច់ខាត! ដាច់ខាត! មិនត្រូវឱ្យពលរដ្ឋជួលដីទៅឱ្យប្រជាជននៅជាប់ព្រំដែនរបស់ប្រទេសផ្សេង បានន័យថាប្រជាជនថៃ វៀតណាម ឡាវ អានេះដាច់ខាតតែម្ដង សូមចងចាំ!»។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ណែនាំយ៉ាងដូច្នេះក្នុងឱកាសបូកសរុបសន្និបាតក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

បើតាមប្រមុខក្រសួងមហាផ្ទៃ ការហាមឃាត់ជាដាច់ខាតមិនឱ្យជួលដីទៅពលរដ្ឋនៃប្រទេសជិតខាងនេះ គឺជាផ្នែកមួយនៃការធានាបូរណភាពទឹកដី និងជាផ្នែកមួយនៃកិច្ចការពារជាតិ។ សម្ដេចក្រឡាហោម ទទួលស្គាល់ថាការងារនេះ ធ្លាប់មានការណែនាំជារឿយៗកន្លងមកហើយ ប៉ុន្តែសម្ដេចមិនអស់ចិត្តឡើយ ដោយសម្ដេចបានស្នើឱ្យមន្រ្តីពាក់ព័ន្ធសិក្សារៀបចំជាលិខិតបទដ្ឋានគតិយុត្តឱ្យបានជាក់លាក់ដើម្បីធានាអនុវត្តការងារនេះឱ្យបានជោគជ័យ។

សូមបញ្ជាក់ថាកន្លងទៅ ធ្លាប់មានករណីពលរដ្ឋខ្មែររស់នៅតាមខ្សែបន្ទាប់ព្រំដែន បានជួលដីទៅឱ្យប្រជាជននៃប្រទេសក្បែរខាង ក្រោមហេតុផលធ្វើរបរស្រែចំការ ប៉ុន្តែការជួលនោះ បានបង្កជាហានិភ័យដល់បូរណភាពទឹកដី ដោយសារតែភាគីប្រទេសភូមិផងនោះ ច្រើនតែសន្មត់ជាអត្តនោម័តថាដីស្រែដែលមានពលរដ្ឋខ្លួនកំពុងធ្វើរបរកសិកម្ម គឺជាដែនដីរបស់ខ្លួន ខណៈការបោះបង្គោលព្រំដែនមិនទាន់មានការឯកភាពគ្នា៕

Share.