សិល្បៈអន្តរជាតិ៖ Net Idol កំលោះបង្ហាញរូបភាពរីករាយ ព្រោះភរិយាកំពុងពពោះសម្រាលកូនទី៣ មហាជនដែលបានឃើញម្នាក់ៗព្រឺសំបុរ ព្រោះភរិយារបស់លោកមិនមែនមនុស្ស ប៉ុន្តែគឺជាតុក្កតាជ័រទៅវិញ។

កំលោះកូឡុំប៊ី ម្ចាស់គណនី Tiktok ដែលមានឈ្មោះថា @montbk5959 ដែលនិយមបង្ហោះវីដេអូចែករំលែកជីវិតឯកជនរបស់ខ្លួនជាមួយនឹង Natalia គូដណ្ដឹងរបស់គេ។រឿងរ៉ាវស្នេហាផ្អែមល្ហែមរបស់អ្នកទាំងពីរប្រៀបដូចជាគូស្នេហ៍ធម្មតា ប្រសិនបើគូស្នេហ៍របស់គេមិនមែនជា តុក្កតាជ័រនោះទេ។
ថ្មីៗនេះអ្នកកំលោះរូបនេះបានចែករំលែកដំណឹងល្អរបស់ខ្លួនជាមួយនឹងគូស្នេហ៍ ដោយគេបានឱ្យដឹងថាគូដណ្ដឹងរបស់ខ្លួនកំពុងតែពពោះកូនទី (៣) ដោយនៅក្នុងរូបភាពអ្នកតាមដានវីដេអូនឹងមើលឃើញ Natalia កំពុងតែពពោះ ដោយពោះរបស់នាងធំជាងធម្មតា ខណៈដែល Net Idol កំលោះបានឱបចង្កេះគូស្នេហ៍របស់ខ្លួនយ៉ាងកក់ក្ដៅ ដើម្បីឆ្លងការចាប់កំណើតរបស់ទារកក្នុងផ្ទៃ។ គេមិនត្រឹមតែស្លៀកឈុតគូស្នេហ៍ដូចគូដណ្ដឹងនោះទេ ថែមទាំងមានសរសេរអក្សរនៅលើអាវយឺតរបស់គូដណ្ដឹងថា «ម៉ាក់របស់ Sammy» និងសរសេរនៅលើអាវយឺតខ្លួនឯងថា «ប៉ារបស់ Sammy»។
បុរសម្នាក់នេះថែមទាំងបង្ហោះរូបភាពខ្លួនឯង និងតុក្កតាជ័រដែលខ្លួនហៅថាកូនប្រុសកូនស្រី និងរមែងតែងតែផុសរូបភាពដែលខ្លួនប្រើប្រាស់ជាមួយនឹងភរិយាក៏ដូចជាកូនៗផងដែរ ដូចជារូបភាពដែលគេបានទៅ Shopping នៅក្នុងផ្សារទំនើបជាមួយតុក្កតាក្មេងប្រុសនិងក្មេងស្រី ដែលគេបានអះអាងប្រាប់អ្នកដទៃថាជាកូនប្រុសកូនស្រីរបស់គេ។
ឃ្លីបដែលថតពីជីវិតគ្រួសាររបស់គេដែលមិនដូចអ្នកដទៃ ទទួលបានការចាប់អារម្មណ៍ពីអ្នកលេងបណ្ដាញយ៉ាងខ្លាំង ព្រោះឃ្លីបវីដេអូរបស់គេមានចំនួនទស្សនាច្រើនជាង២.៥លានដង ខណៈដែលចំនួនអ្នកបញ្ចេញចំណាប់អារម្មណ៍មានច្រើនរហូតដល់២៨០០ ដោយក្នុងចំណោមអ្នកបញ្ចេញមតិនោះមានដូចខាងក្រោម
«បើសិនអ្នកខូចចិត្តដែលខ្លួនឯងនៅលីវ ហេតុអ្វីមិនមើលវីដេអូនេះទៅ»
«ភាពយន្តភាគរំជួលព្រលឹងបែបចិត្តវិទ្យារឿងដែលខ្ញុំពេញចិត្តត្រូវបានគេបង្កើតជារឿងពិតហើយ»
«បែបនេះគួរឱ្យខ្លាចពេកហើយ»។
