ពីវេទិកាអធិបតីនៃពិធីបូកសរុបលទ្ធផលសន្និបាតក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែកម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដាស់តឿនមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងកងកម្លាំងនគរបាល កែប្រែទម្លាប់ដែលចាំទាល់តែមានការណែនាំ និងអនុសាសន៍ពីថ្នាក់លើ ទើបនាំគ្នាប្រឹងប្រែងធ្វើការ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា«ជួនអីខាងលើមិនស្រែកហ្នឹង ខ្លួនអត់ធ្វើទេ! ទាល់តែខាងលើស្រែកបានខំនោះខំ ឥលូវមិនបាច់និយាយអ្វីទេ និយាយតែរឿងល្បែងអនឡាញនៅមូលដ្ឋានហ្នឹង តាមតុកាហ្វេ តុគុយទាវ ឬក៏ឡូតូ មាន់ជល់ អាប៉ោង លនិងល អត់បានធ្វើទេ ដល់តែសម្ដេចនាយកលោកមានប្រសាសន៍ទៅបាននាំគ្នាផ្អើលធ្វើ ខ្ញុំថាអីចឹងមិនកើតទេ មិនកើតហ្មង»។

សម្ដេចក៏បានកត់សម្គាល់ដែរថាសូម្បីតែគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលរាជដ្ឋាភិបាលបានបាក់ដាចេញ និងទាមទារការអនុវត្តពីមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិទាំងស៊ីវិល និងកងកម្លាំងនគរបាលជាដើមនោះ ក៏មន្រ្តីខ្លះមិនបានយកចិត្តទុកដាក់អនុវត្តដែរ។ សម្ដេចបន្តថា«យើងអត់ដឹងភារកិច្ចរបស់យើងផង … អ្នកឯងនិយាយអីនិយាយទៅ ស្រេចតែខ្ញុំមិនធ្វើ! អានេះហើយជាបញ្ហា»។

សម្ដេចបានមានប្រសាសន៍ថាក្រុមការងាររាជរដ្ឋាភិបាលផង ក្រុមការងារគណបក្សផង បានចុះទៅមូលដ្ឋានដើម្បីគាំទ្រឱ្យមន្រ្តីនៅមូលដ្ឋានធ្វើការងារឱ្យបានល្អប្រសើរ ខណៈសិទ្ធិអំណាចក៏ត្រូវបានផ្ដល់ជូនទៅឱ្យអនុវត្តផងដែរ ប៉ុន្តែសម្ដេចកត់សម្គាល់ថាមន្រ្តីខ្លះមិនយកចិត្តទុកដាក់ ដោយសម្ដេចបន្ថែមថា«ទៅធ្វើអ្វីទៀត បើគ្រាន់តែល្បែងស៊ីសងក្នុងឃុំយើងបង្ក្រាបមិនបានផង យើងទៅធ្វើអ្វីកើត?»

សម្ដេចក្រឡាហោម ស ខេង ក៏បានទាញចំណាប់អារម្មណ៍អង្គសន្និបាតឱ្យយកចិត្តទុកបន្ថែមទៀតការបង្ក្រាបល្បែងស៊ីខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ រាប់ទាំងល្បែងអនឡាញផង ប្រយុទ្ធប្រឆាំងនិងបង្ក្រាបអំពើជួយដូរមនុស្សគ្រប់ទម្រង់។ សម្ដេចសង្កត់ធ្ងន់ថាបទល្មើសនេះនឹងមិនសាបរលាបនោះឡើយ ពោលគឺឱ្យតែមានការធ្វេសប្រហែស និងខ្វះការយកចិត្តទុកដាក់វានឹងកម្រើកឡើងវិញ។

សូមបញ្ជាក់សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកម្ភៈមកដលថ្ងៃទី២៣ ខែកម្ភៈ ឆ្នាំ២០២៣នេះ។ នៅរសៀលថ្ងៃទី២៣ ខែកម្ភៈនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិតសន្និបាត៕

Share.