សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី បិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាភ្នំពេញ។ សន្និបាតក្រសួងមហាផ្ទៃ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកម្ភៈ រហូតដល់ថ្ងៃទី២៣ ខែកម្ភៈ ឆ្នាំ២០២៣នេះ។ នៅព្រឹកមិញនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញបូកសរុបលទ្ធផលសន្និបាត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានរាយការណ៍អំពីលទ្ធផលនៃការពិភាក្សាក្នុងសន្និបាតលើប្រធានបទស្ដីពីការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពក្នុងការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន ការពង្រឹងស្ថាប័ននិងការអភិវឌ្ឍធនធានមនុស្សក្នុងទីស្ដីការគណៈរដ្ឋមន្រ្តី និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការលើកម្ពស់សេវារដ្ឋបាល ការដោះស្រាយសំណើ សំណូមពរប្រជាពលរដ្ឋ ការងារអន្តោប្រវេសន៍ ការងារអត្តសញ្ញាណកម្ម និងការងារពន្ធនាគារ។

សម្ដេចក្រឡាហោមក៏បានឯកភាពចំពោះលទ្ធផលនៃការពិភាក្សាលើប្រធានបទសំខាន់ៗខាងលើនេះ និងបានមានប្រសាសន៍ផ្ដល់អនុសាសន៍ណែនាំបន្ថែមលើការងារសំខាន់មួយចំនួន ក្នុងនោះសម្ដេចបានណែនាំអង្គសន្និបាតបន្តថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីធានារក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនគ្រប់វិស័យជាបន្តទៀត។

សម្ដេចបានណែនាំឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងអនុវត្តច្បាប់នៃប្រទេសជាប់ព្រំដែន និងបណ្ដាប្រទេសនានា ដើម្បីទប់ស្កាត់អំពើភេវរកម្ម ឧក្រិដ្ឋកម្ម បទល្មើសឆ្លងដែន បទល្មើសគ្រឿងញៀនខុសច្បាប់ បទល្មើសបច្ចេកវិទ្យា និងបទល្មើសជួញដូរមនុស្ស។ សម្ដេចបន្តថាការងារនេះ​ក្រសួងបានសហការ ជាមួយបណ្ដាប្រទេសនានាជាបន្តបន្ទាប់ហើយ ប៉ុន្តែត្រូវពង្រឹងយន្តការដែលមានស្រាប់បន្ថែមទៀត។

សម្ដេចបានណែនាំរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាននានានៃខេត្តជាប់ព្រំដែន ត្រូវធាធាឱ្យបានជាដាច់ខាតមិនឱ្យមានការជួលដីណាមួយពីសំណាក់ពលរដ្ឋខ្មែររស់នៅតាមខ្សែបន្ទាប់ព្រំដែនឱ្យទៅពលរដ្ឋឬភាគីណាមួយនៃប្រទេសជិតខាង ទោះក្រោមរូបភាពណាក៏ដោយ។ សម្ដេចណែនាំឱ្យរៀបចំឯកសារគតិយុត្តបន្ថែមដើម្បីធានាអនុវត្តការងារនេះ ដោយចាត់ទុកថាផ្នែកមួយនៃកិច្ចការពារបូរណភាពទឹកដី។

សម្ដេចក៏បានណែនាំឱ្យមន្រ្តីពាក់ព័ន្ធគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ឱ្យបានត្រឹមត្រូវ និងត្រូវធានាមិនឱ្យមានការប៉ះពាល់ដល់សកម្មភាពត្រឹមត្រូវរបស់ជនបរទេស ទាំងទេសចរណ៍ និងធុរជន។ សម្ដេចបានសង្កត់ធ្ងន់ថា រាល់ជនបរទេសទាំងឡាយដែលមានសកម្មភាពបំផ្លាញដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ត្រូវតែអនុវត្តវិធានការច្បាប់ ផ្ទុយទៅវិញត្រូវលើកទឹកចិត្ត និងគាំពារឱ្យបានល្អសម្រាប់ជនបរទេសដែលធ្វើសកម្មភាពត្រឹមត្រូវ។

សម្ដេចក្រឡាហោម ស ខេង ក៏បានទាញចំណាប់អារម្មណ៍អង្គសន្និបាតឱ្យយកចិត្តទុកបន្ថែមទៀតការបង្ក្រាបល្បែងស៊ីខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ រាប់ទាំងល្បែងអនឡាញផង ប្រយុទ្ធប្រឆាំងនិងបង្ក្រាបអំពើជួយដូរមនុស្សគ្រប់ទម្រង់។ សម្ដេចសង្កត់ធ្ងន់ថាបទល្មើសនេះនឹងមិនសាបរលាបនោះឡើយ ពោលគឺឱ្យតែមានការធ្វេសប្រហែស និងខ្វះការយកចិត្តទុកដាក់វានឹងកម្រើកឡើងវិញ។

សម្ដេចបានសង្កត់ធ្ងន់ថានៅឆ្នាំ២០២៣នេះ កិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ គឺភារកិច្ចយុទ្ធសាស្រ្ត និងមានអាទិភាពបំផុត ដ្បិតកម្ពុជាត្រូវរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាប្រវត្តិសាស្ត្រ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។ សម្ដេចចាត់ទុកអង្គសន្និបាតនាថ្ងៃនេះ ថាជាតួអង្គសំខាន់ដែលត្រូវសហការគ្នាជាមួយតួអង្គផ្សេងទៀតនៃរាជរដ្ឋាភិបាលដើម្បីធ្វើឱ្យសម្រេចបានជោគជ័យសម្រាប់ឆ្នាំ២០២៣នេះ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជូនអង្គសន្នបាតអំពីការអនុវត្តការងារពង្រឹងធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិតាមទម្រង់សាជី ពោលគឺកាត់បន្ថយក្របខ័ណ្ឌនៅតាមបណ្ដាអង្គភាពខាងលើៗ ដើម្បីបែងចែក និងពង្រាយក្របខ័ណ្ឌនេះទៅឱ្យអង្គភាពនគរបាលនៅតាមមូលដ្ឋានខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ សម្ដេចក៏បានណែនាំឱ្យយកចិត្តទុកដាក់គាំទ្រដល់កម្លាំងប្រជាការពារ។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិយកចិត្តទុកដាក់អនុវត្តមុខងារដែលថ្នាក់ជាតិបានផ្ទេរទៅឱ្យជាបន្តបន្ទាប់ ដើម្បីធានាផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ពង្រឹងការអនុវត្តយន្តការច្រកចេញចូលតែមួយ និងរៀបចំធ្វើវេទិកាធារណៈជាមួយប្រជាពលរដ្ឋ ដើម្បីប្រមូលសំណើរ សំណូមពរ និងកង្វល់នានារបស់ពលរដ្ឋយកមកដោះស្រាយឱ្យមានប្រសិទ្ធភាព។

ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាន៍លើការងារសំខាន់ៗមួយចំនួនទៀត ដូចជាការងារអត្តសញ្ញាណកម្ម ការងារពន្ធនាគារ ការអនុវត្តទោសសហគមន៍ ការបណ្ដុះបណ្ដាលនគរបាលជាតិ ការផ្ដល់ស័ក្ដិ និងឋានន្តរស័ក្ដិ ការវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ការប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការប្រឆាំងការសម្អាតប្រាក់ជាដើម៕

Share.