ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ការវាយឆ្មក់របស់កងទ័ពអ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១១នាក់ ក្នុងនោះមានក្មេងជំទង់ម្នាក់ដែរ នៅទីក្រុង Nablus ហើយនេះជាការសម្លាប់មនុស្សដ៏សាហាវបំផុតនៅក្នុងតំបន់ West bank ចាប់តាំងពីឆ្នាំ ២០០៥។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៣។

បើតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ជនជាតិប៉ាឡេស្ទីនជាង ៨០នាក់ បានរងរបួសដោយគ្រាប់កាំភ្លើងរបស់ទាហានអ៉ីស្រាអែល ក្នុងអ្វីដែលអ៉ីស្រាអែលហៅថា ជាប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម ដោយបានជំរុញឲ្យមានការព្រួយបារម្ភជាអន្តរជាតិ និង អំពាវនាវឲ្យមានភាពអត់ធ្មត់។

មន្រ្តីជាន់ខ្ពស់ប៉ាឡេស្ទីន លោក Hussein Al Sheikh បានចាត់ទុកការវាយឆ្មក់នេះថាជា «ការសម្លាប់រង្គាល» ហើយបានអំពាវនាវឲ្យមាន «ការការពារអន្តរជាតិសម្រាប់ប្រជាជនប៉ាឡេស្ទីន»។

ទាហានអ៉ីស្រាអែលបាននិយាយថា ការវាយឆ្មក់បានកំណត់គោលដៅលើជនសង្ស័យសកម្មប្រយុទ្ធនៅក្នុងកន្លែងលាក់ខ្លួន ដែលត្រូវចោទប្រកាន់ពីបទបាញ់ប្រហារនៅតំបន់ West Bank ដោយបន្ថែមថា ទាហានរបស់ខ្លួនបានស្ថិតក្រោមការបាញ់ប្រហារ ប៉ុន្ដែមិនមានអ្នករងរបួសទេ។

ជាមួយគ្នាប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា «ស្ថានភាពនៅក្នុងទឹកដីនៅប៉ាឡេស្ទីនគឺជាបញ្ហាដែលគួរឲ្យព្រួយបារម្ភចំពោះភាពតានតឹងរវាងអ៉ីស្រាអែល និង ប៉ាឡេស្ទីន ខណៈដំណើរការសន្តិភាពនៅតែជាប់គាំង។

សូមជម្រាបថា ចំនួនអ្នកស្លាប់បានកើនឡើងលើសពីការវាយឆ្មក់របស់កងទ័ពអ៉ីស្រាអែលកាលពីខែមុន នៅក្នុងទីក្រុង Jenin ភាគខាងជើង ដែលជាប្រតិបត្តិការដ៏សាហាវបំផុតរបស់តំបន់ West Bank ចាប់តាំងពីការបះបោរលើកទី២ កាលពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០៥៕

ប្រភព៖ CNA

https://t.me/troryorngmedia
Share.