សិល្បៈជាតិ៖ ដូចមហាជនបានដឹងមកហើយថា រឿងភាគបុរាណខ្នាតធំ «អប្សរាមហាអង្គរ» ត្រូវបានកូនខ្មែរពីររូបជាអ្នករចនាម៉ូដ មកុដ និងគ្រឿងអលង្ការបុរាណប្រណីតៗតែងកាយលើតួអង្គនៅក្នុងរឿង។ អ្នកច្នៃម៉ូដទាំងពីររូបនោះគឺ លោក គួន មាឃ និងលោក លួង ផានិត ដែលមានស្រុកកំណើតមកពីខេត្តសៀមរាប។

យ៉ាងណាមិញ នៅក្នុងថ្ងៃនេះ លោក គួន មាឃ បានបង្ហាញរូបភាពជាច្រើនសន្លឹក ដែលស្ដែងពីភ័ស្តុតាង និងគំរូ នៃការរចនាម៉ូដមកុដនិងគ្រឿងអលង្ការក្នុងរឿង រហូតធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយកោតសរសើរអំពីទឹកដៃដ៏មានគុណភាពរបស់លោក។
ដូចការលើកឡើងនៅថ្ងៃក្រុងពាលីរឿងភាគ «អប្សរាមហាអង្គរ» កាលពីព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ ម្សិលមិញនេះ លោក គួន មាឃ និងលោក លួង ផានិត បានថ្លែងប្រាប់មហាជនថា លោកបានដកស្រង់គំនិតនៃការច្នៃម៉ូដមកុដ និងគ្រឿងអលង្ការនីមួយៗនៅក្នុងរឿង គឺចេញពីរូបចម្លាក់អប្សរានៅលើជញ្ជាំងប្រាសាទអង្គរវត្ត។ លោកថា ការរចនាម៉ូដមកុដទាំងអស់នោះ គឺតម្រូវឱ្យមានការរក្សាទម្រង់ក្បាច់ដើម និងទម្រង់រូបរាងមកុដ។ យ៉ាងណាមិញ ក៏ត្រូវមានការគិតគូរអំពីភិនភាគតួនីមួយៗដែលបានគ្រងនូវមកុដ និងគ្រឿងអលង្ការទាំងនោះដូចគ្នា ថាតើស័ក្ដិសមជាមួយតួអង្គនោះដែរឬទេ?
បើតាមការរៀបរាប់របស់ឯកឧត្តម ហ្វៃ សំអាង ដែលជាអ្នកដឹកនាំរឿងក៏បានថ្លែងនៅថ្ងៃក្រុងពាលីឱ្យដឹងដែរថា ក្នុងមួយឈុតដែលគ្រងនៅលើតួអង្គព្រះរាជា និងព្រះជាយា ត្រូវបានចំណាយទឹកប្រាក់មិនក្រោម ៥០០ ដុល្លារនោះទេ ខណៈដែលតួក្នុងរឿងទាំងអស់មានប្រមាណ ១០០ នាក់។ រឿងភាគ «អប្សរាមហាអង្គរ» គឺបានចាយទុនផលិតឈុតប្រណីតៗទ្រង់ទ្រាយធំខ្លាំងមែន រហូតដល់មហាជនក៏កំពុងផ្ទុះការសរសើរដល់រៀបចំឈុតសំលៀកបំពាក់ និងតែងកាយរបស់តួអង្គនីមួយៗ។
សូមជម្រាបថា លោក គួន មាឃ គឺនិស្សិតបានបញ្ចប់ការសិក្សាជំនាញគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ជំនាន់ទី៩នៃសកលវិទ្យាល័យអង្គរ។ សព្វថ្ងៃលោកគឺជាជាងគំនូរ ប្រភេទគំនូរហ្វឺត ពណ៌ព្រេង ខ្មៅដៃ និងគំនូរបិតទឹកមាស(បារ៉ត)។ ហើយលោកក៏ជាអ្នករចនាម៉ូដឈុតបុរាណក្នុងរឿង«អប្សរាមហាអង្គរ» ផងដែរ៕
