ពីវេទិកាអធិបតីនៃពិធីបិទសន្និបាតក្រសួងមហាផ្ទៃនារសៀលថ្ងៃទី២៣ ខែកម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញការកត់សម្គាល់ថាការតែងតាំងអភិបាលរងបន្ថែមនៅតាមរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខ ខណ្ឌ មានចំនួនស្រ្តីតិចពេកហើយ។

សម្ដេចតេជោសែន បានមានប្រសាសន៍ថាទាំងសម្ដេចផ្ទាល់ និងសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អំណាចឱ្យក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត និងរាជធានី ជាអ្នកជ្រើសរើសបេក្ខភាពគណៈអភិបាលរងបន្ថែម ប៉ុន្តែសម្ដេចសង្កេតឃើញថាសំណើតែតាំងអភិបាលរងទាំងនោះមិនបានឆ្លុះបញ្ចាំងអំពីតម្រូវការយេនឌ័រ។

ប្រសិនបើមានការលើកឡើងថាបញ្ហានេះដោយសារមានការខ្វះខាតមន្រ្តីជាស្រ្តី សម្ដេចបានបដិសេធ ដោយអះអាងថា«គ្រូបង្រៀន ឬសាស្រ្តចារ្យ អាចជាប្រភពនៃការជ្រើសរើស ផ្ទេរក្របខណ្ឌដើម្បីឱ្យមកទទួលភារកិច្ចជាអភិបាលរងខេត្ត​ ឬអភិបាលរងស្រុក»។ សម្ដេចថាសមាសភាពស្រ្តីនេះ ក៏ខ្វះខាតសម្រាប់មុខតំណែងនៅថ្នាក់ជាតិដែរ។

បើតាមសម្ដេចតេជោ ហ៊ុន សែន សម្ដេចបានបង្ខំចិត្តចំណារឯកភាពលើសំណើតែតាំងអភិបាលរងនានាដែលមិនសូវមានបេក្ខភាពជាស្រ្តី ប៉ុន្តែសម្ដេចអះអាងថាការងារនេះមិនទាន់ហួសពេល​ក្នុងការបង្កើនការយកចិត្តទុកដាក់លើកម្ពស់បេក្ខភាពស្រ្តីក្នុងតំណែងនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិនៅឡើយទេ៕

Share.